«ត្រូវ​ចោទ​ប្រកាន់ ដូណាល់ ត្រាំ និង អង់ជឺឡា មែរគែល បន្ថែម​ក្នុង​សំណុំ​រឿង កឹម សុខា»

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានដាក់បន្ថែមមួយញញួរទៀត នៅថ្ងៃនេះ ដោយពន្យុះឲ្យតុលាការកម្ពុជា ដែលលោកអះអាងថា ស្ថិតក្រោមដៃលោក ហ៊ុន សែន ត្រូវធ្វើការចោទប្រកាន់ ទៅលើលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក និងអ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) អធិការបតីអាល្លឺម៉ង់ផង នៅក្នុងសំនុំរឿងលោក កឹម សុខា។
«ត្រូវ​ចោទ​ប្រកាន់ ដូណាល់ ត្រាំ និង អង់ជឺឡា មែរគែល បន្ថែម​ក្នុង​សំណុំ​រឿង កឹម សុខា»
លោក ដូណាល់ ត្រាំ (រូបអង្គុយ) នៅក្នុងចំណោមមេដឹកនាំ «G7» ដែលឈរនៅជុំវិញលោក។ (រូបថត Reuters)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០១ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 02, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបានស្នើសុំឡើងតុលាការ ជាមួយលោក កឹម សុខា នៅក្នុងសំនុំរឿង «ក្បត់ជាតិ» ដែលលោកអះអាងថា គ្រាន់តែ​ជាលេសលើគោក និងគួរឲ្យអស់សំណើច ដើម្បីឈានទៅរំលាយ​គណបក្សសង្គ្រោះជាតិនោះ នៅថ្ងៃនេះ លោក សម រង្ស៊ី បានពន្យុះតុលាការកម្ពុជាជាថ្មី ឲ្យធ្វើការចោទប្រកាន់ ទៅលើមេដឹកនាំ របស់ប្រទេសមហាអំណាច ចំនួនពីរបន្ថែមទៀត ដោយហេតុថា ស្ថាប័នមួយចំនួន នៃប្រទេសទាំងពីរនោះ សុទ្ធសឹងធ្លាប់មានទំនាក់ទំនង ជាមួយគណបក្សសង្គ្រោះជាតិ ក្នុងពេលកន្លងមក។

អតីតប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើបណ្ដាញសង្គមថា៖ «ការចោទប្រកាន់លោក កឹម សុខា ពីបទ "ក្បត់ជាតិ សន្និដ្ឋិភាពជាមួយបរទេស" ត្រូវរាលដាល មកដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលប្រទេសអាល្លឺម៉ង់»។ 

មេដឹកនាំប្រឆាំង បានពន្យល់ពីមូលហេតុឡើងថា៖ 

«- រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយសារតែអង្គការអាមេរិកាំង "IRI" និង "NDI" បានផ្តល់ជំនួយ ឲ្យគណបក្សសង្គ្រោះជាតិ ដោយបានរៀបចំសិក្ខាសាលា នៅប្រទេសម្ពុជា ដើម្បីជួយបណ្តុះបណ្តាលធនធានមនុស្ស ឲ្យមានការយល់ដឹងកាន់តែច្បាស់ អំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។»

«- រដ្ឋាភិបាលប្រទេសអាល្លឺម៉ង់ ដោយសារតែអង្គការអាល្លឺម៉ង់ "Konrad Adenauer Fondation (KAF)" បានជួយគណបក្សសង្គ្រោះជាតិ ក្នុងការរៀបចំកម្មវិធីនយោបាយ របស់ខ្លួន។»

បន្ទាប់មក លោក សម រង្ស៊ី បានពន្យុះតុលាការកម្ពុជា បែបចំអកថា៖ «ដូច្នេះ តុលាការនៃប្រទេសកម្ពុជា ក្រោមការត្រួតត្រារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវតែធ្វើការចោទប្រកាន់ផងដែរ ឲ្យបានគ្រប់ជ្រុងជ្រោយ មកលើលោក ដូណាល់ ត្រាំ (Donald Trump) ជាប្រធានាធិបតី នៃសហរដ្ឋអាមេរិក និងលោកស្រី អង់ជឺឡា មែរគែល (Angela Merkel) ជានាយករដ្ឋមន្ត្រី នៃប្រទេសអាល្លឺម៉ង់ ដោយសារតែប្រទេសទាំងពីរនេះ បាន "សមគំនិតជាមួយលោក កឹម សុខា ក្នុងការប៉ុនប៉ង រំលំរដ្ឋាភិបាលលោក ហ៊ុន សែន"»។

ប្រាកដហើយ ថារដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ពិតជាពិបាកទទួលយកការពន្យុះខាងលើនេះ ពីសំណាក់មេដឹកនាំប្រឆាំងណាស់ ហើយពិតណាស់ ថាប្រតិកម្មនឹងធ្លាក់មកដល់ ក្នុងពេលខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...