មាជ សុវណ្ណារ៉ា សាងផ្នួសដើម្បីបិណ្ឌបាតឲ្យបញ្ចប់វប្បធម៌សម្លាប់ ចាប់ដាក់គុក និងការគម្រាមកំហែង
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០១ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 02, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក មាជ សុវណ្ណារ៉ា បានកោរសក់ និងសាងផ្នួស បួសជាព្រះសង្ឃ កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ម្សិលម៉ិញ នៅក្នុងវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្ត សៀមរាប។ ការសាងផ្នួស បានធ្វើឡើង នៅ៥ថ្ងៃក្រោយពីរូបលោក រួមនឹងសកម្មជន/ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចំនួនសរុប១៤នាក់ ទទួលបានការលើកលែងទោស ពីព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន នៅល្ងាចថ្ងៃចន្ទទី២៧ ខែសីហា មុននឹងត្រូវបានដោះលែង ចេញពីពន្ធនាគារព្រៃស នៅយប់រំលងអាធ្រាត នៃថ្ងៃដដែល ចូលមកព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
ការសាងផ្នួលរបស់លោក មាជ សុវណ្ណារ៉ា មានការចូលរួម ពីមនុស្សអ្នកជិតដិត ជាមួយរូបលោក ជាច្រើននាក់ មានដូចជាព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និងលោក ឡាវ ម៉ុងហៃ ជាដើម។ ខណៈភរិយារបស់លោក គឺអ្នកស្រី មាជ ចេមី (នាមដើម សិទ្ធិ ចំរើន) បានលើកឡើងថា៖ «ការសាងផ្នួស របស់ព្រះតេជគុណ មាជ សុវណ្ណារ៉ា ដើម្បីបិណ្ឌបាត ឲ្យមានការទម្លាក់ចុះ [នូវអំពើ]ហិង្សានយោបាយ ការចាប់យកមេត្តាធម៌ ដោយបញ្ចប់នូវវប្បធម៌ សម្លាប់ ចាប់ដាក់គុក និងការគំរាមកំហែង រត់ចោលស្រុក»។
ប្រភពស្និតនឹងលោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ថា ការសាងផ្នួស របស់អតីតមន្ត្រីរបស់គណបក្សសង្គ្រោះជាតិរូបនេះ នឹងមានរយៈពេល ត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ។ តែមិនមានការអះអាង ជាផ្លូវការណាមួយ ពីសំណាក់សាមីខ្លួន ឬពីសមាជិកគ្រួសារលោក មាជ សុវណ្ណារ៉ា នៅឡើយ ជុំិញរយៈពេល នៃការសាងផ្នួស របស់លោក។
បើតាមភរិយារបស់លោក បានអះអាងថា នៅពេលខាងមុខ មិនយូរប៉ុន្មានឡើយ លោក មាជ សុវណ្ណារ៉ា នឹងធ្វើដំណើរទៅជួបប្រពន្ធកូនលោក នៅសហរដ្ឋអាមេរិក។ អ្នកស្រី មាជ ចេមី បានអះអាងថា៖ «មិនយូរទេ គាត់អញ្ជើញមកដល់ USA វិញ ក្នុងពេលដ៏ខ្លីខាងមុខនេះ ឯថ្ងៃមកដល់ចាំនាងជំរាបជូន នៅពេលក្រោយទៀត»។
នេះ ជាលើកទីពីរហើយ ដែលលោក មាជ សុវណ្ណារ៉ា បានកោរសក់គ្រងស្បង បួសជាព្រះសង្ឃ។ លោកធ្លាប់បានបួសម្ដងហើយ កាលពីឆ្នាំ១៩៩៣ ដែលកាលនោះ ជាការសាងផ្នួសដើម្បីសងគុណ អ្នកមានគុណ៕