ពលរដ្ឋ​អាមេរិក ៦០% ជំទាស់​នយោបាយ​ប្រធានាធិបតី ត្រាំ

បណ្ដាជនអាមេរិកាំង ៦០% មិនយល់ស្របនឹងនយោបាយ របស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសព្វថ្ងៃ របស់ពួកគេទេ។ មិនត្រឹមតែប៉ុណ្ណឹង បណ្ដាជនទាំងនោះ ជិតពាក់កណ្ដាល បានគាំទ្រគំនិត ដែលគ្រោងដកលោក ត្រាំ ចេញពីដំណែងនោះទៀតផង។ នេះ បើតាមការស្ទង់មតិមួយ ដែលផ្សព្វផ្សាយឲ្យដឹង កាលពីចុងសប្ដាហ៍នេះ។
ពលរដ្ឋ​អាមេរិក ៦០% ជំទាស់​នយោបាយ​ប្រធានាធិបតី ត្រាំ
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ជំនាន់ទី ៤៥។ (រូបថត Reuters)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០២ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 03, 2018
  • ប្រធានបទ: នយោបាយ​អាមេរិក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការស្ទង់មតិ សម្រាប់ស្ថាប័នសារព័ត៌មានធំៗ ចំនួនពីរ របស់សហរដ្ឋអាមេរិក មានស្ថាប័ន «Washington Post» និងស្ថាប័ន «ABC News» បានបង្ហាញពីតួលេខខាងលើ ខណៈមានបណ្ដាជនអាមេរិកាំង តែ៣៦%ប៉ុណ្ណោះ ដែលយល់ស្រប នឹងសកម្មភាពរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលបានជាប់ឆ្នោត ក្នុងឆ្នាំ២០១៦។

តួលេខនៃការស្ទង់មតិ ខាងលើ បង្ហាញពីការកើនឡើង នៃការជំទាស់នឹងប្រធានាធិបតីសព្វថ្ងៃ បើប្រៀបធៀបនឹងការស្ទង់មតិ កាលពីខែមេសា ដែលត្រូវបានធ្វើឡើង សម្រាប់ស្ថាប័នសារព័ត៌មានទាំងពីរដដែល។ តួលេខនៅពេលនោះ  បានបង្ហាញថា ទង្វើរបស់ប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក ទទួលបានការយល់ស្រប ៤០% និងការមិនយល់ស្រប ៥៦% ពីបណ្ដាពលរដ្ឋអាមេរិក។

ការស្ទង់មតិចុងក្រោយបង្អស់នេះ ធ្វើឡើងទៅលើពលរដ្ឋអាមេរិកាំង គ្រប់អាយុបោះឆ្នោត​ ប្រមាណជា ១០០៣នាក់ រវាងពីថ្ងៃទី២៦ មកទល់នឹងថ្ងៃទី២៩ ខែសីហាកន្លងមក ពោលគឺចំពេល ដែលរឿងអាស្រូវ នៃមនុស្សជំនិតរបស់ប្រធានាធិបតី ចេះតែបែកធ្លាយជាបន្តបន្ទាប់។

លោក «Paul Manafort» អតីតនាយកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោត របស់លោក ដូណាល់ ត្រាំ ត្រូវបានកាត់ទោស ពីបទបន្លំការបង់ពន្ធ និងបន្លំប្រាក់ក្នុងធនាគារ។ រីឯលោក «Michael Cohen» ដែលជាអតីតមេធាវីផ្ទាល់ខ្លួន របស់លោក ត្រាំ វិញ បានថ្លែងទទួលស្គាល់កំហុសរបស់ខ្លួន ទាក់ទងនឹង​បទចោទ ចំនួន​៨ករណី ក្នុងនោះ ៥ករណី ជាបទបន្លំការបង់ពន្ធ និង២ករណី ជាបទរំលោភលើច្បាប់ ស្ដីពីខ្ទង់ចំណាយ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត។

បណ្ដាជនអាមេរិកាំង ៤៩% ដែលត្រូវបានសាកសួរ នៅក្នុងការស្ទង់មតិ បានអះអាងថា រដ្ឋសភាអាមេរិក ត្រូវតែបើកធ្វើ នូវនីតិវិធីដកតំណែង ប្រឆាំងលោក ដូណាល់ ត្រាំ ខណៈបណ្ដាជន៤៦%ផ្សេងទៀត បានប្រឆាំងនឹងការអនុវត្តនីតិវិធីនេះ។

ពលរដ្ឋ ៥៣%​ បានគិតថា លោក ត្រាំ មានកំហុស ក្នុងការលូកលាន់ចូលប្រព័ន្ធយុត្តិធម៌ ដោយប្រើឥទ្ធិពលរបស់លោក ទៅលើការស៊ើបអង្កេតរបស់លោក «Robert Mueller» រដ្ឋអាជ្ញាពិសេស ជុំវិញការឃុបឃិត រវាងក្រុមការងារឃោសនាបោះឆ្នោត របស់លោក ត្រាំ និងប្រទេសរ៉ុស្ស៊ី ខណ‍ពលរដ្ឋ ៣៥% មិនគិតថា លោក ត្រាំ មានកំហុសនោះទេ។

តួលេខដែលមានលក្ខណៈល្អប្រសើរ សម្រាប់លោក ដូណាល់ ត្រាំ គឺនៅពេលមានការសាកសួរ ទាក់ទងនឹងសេដ្ឋកិច្ច ដោយពលរដ្ឋអាមេរិក ៤៥% បានយល់ស្រប (ខណៈ ៤៥%ទៀត មិនយល់ស្រប) តាមចំណាត់ការរបស់ប្រធានាធិបតី មកទល់នឹងថ្ងៃនេះ។

ដោយឡែក សម្រាប់អ្នកនយោបាយវិញ តួលេខនៃការស្ទង់មតិដដែល បានបង្ហាញយ៉ាងច្បាស់ ថាលោក ត្រាំ អាចនឹងមានគ្រោះថ្នាក់ បើសិនជាអ្នកនយោបាយទាំងនោះ គឺជាអ្នកតំណាង នៅក្នុងសភាទាំងពីរថ្នាក់ នៃសហរដ្ឋអាមេរិក ដោយហេតុថា មានតែ ៧៨% នៃអ្នកនយោបាយ មកពីគណបក្សសាធារណរដ្ឋប៉ុណ្ណោះ ដែលគាំទ្រលោក ដូណាល់ ត្រាំ ខណៈ ៩៣% នៃអ្នកនយោបាយ មកពីគណបក្សប្រជាធិបតេយ្យ និង៥៩% នៃអ្នកនយោបាយ​ឯករាជ្យនិយម បានបង្ហាញជំហរ មិនយល់ស្រប​នឹង​ទង្វើ​របស់​ប្រធានាធិបតី ក្នុងពេល​កន្លងទៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...