ឥណ្ឌូនេស៊ីដាក់បេក្ខភាព ដើម្បីទទួលរៀបចំកីឡាអូឡាំពិកឆ្នាំ២០៣២

- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 05, 2018
- ប្រធានបទ: អាស៊ានហ្គេម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ចូដូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងឡើងថា៖ «ជាមួយនឹងបទពិសោធន៍ ដែលទទួលបាន យ៉ាងក្រាសក្រែល នៅក្នុងការរៀបចំកីឡា អាស៊ានហ្គេម (Asian Games) លើកទី១៨នេះ ប្រទេស [ឥណ្ឌូនេស៊ី] ពិតជាមានសមត្ថភាព ក្នុងការរៀបចំព្រឹត្តិការណ៍កីឡា ដែលមានទំហំធំ ជាលក្ខណៈអន្តរជាតិ»។
ប្រធានាធិបតី ចូដូ វីដូដូ បានបន្តថា៖ «ប្រទេសឥណ្ឌូនេស៊ី នឹងដាក់បេក្ខភាព ដើម្បីទទួលរៀបចំកីឡាអូឡាំពិក ឆ្នាំ២០៣២»។
នៅមុនការប្រកាសខាងលើ លោកប្រធានាធិបតី វីដូដូ បានជួបជាលក្ខណៈត្រីភាគី ជាមួយលោក «Thomas Bach» ប្រធានគណៈកម្មការកីឡាអូឡាំពិកអន្តរជាតិ និងព្រះអង្គម្ចាស់ «Ahmad Al-Fahad Al-Sabah» ប្រធានគណៈកម្មការកីឡាអូឡាំពិក ប្រចាំទ្វីបអាស៊ី។
សម្រាប់លោក «Thomas Bach» វិញ បានថ្លែងបញ្ជាក់ថា៖ «ខ្ញុំចង់សំដែងការសាទរ លោកប្រធានាធិបតី [ចូដូ វីដូដូ] ចំពោះភាពជោគជ័យ ដ៏ធំធេង ចំពោះកីឡាករ អាស៊ានហ្គេម ដែលជាអ្វី គួរឲ្យចាប់អារម្មណ៍ណាស់។ ដោយចេញពីការកត់សម្គាល់នេះ គណៈកម្មការកីឡាអូឡាំពិកអន្តរជាតិ មានក្ដីរំភើបណាស់ ចំពោះបេក្ខភាព នៃប្រទេសឥណ្ឌូនេស៊ី សម្រាប់រៀបចំកីឡាអូឡាំពិក ឆ្នាំ២០៣២។»។
កីឡាអូឡាំពិក ឆ្នាំ២០២០ នឹងត្រូវរៀបចំធ្វើ ក្នុងរាជធានី តូក្យូ ប្រទេសជប៉ុន ខណៈឆ្នាំ២០២៤ នឹងធ្វើក្នុងរដ្ឋធានី ប៉ារីស ប្រទេសបារាំង មុននឹងបន្តទៅឲ្យក្រុង ឡូស អេនជឺឡេស សហរដ្ឋអាមេរិក រៀបចំធ្វើ ក្នុងឆ្នាំ ២០២៨។
យ៉ាងណា ការរៀបចំកីឡា អាស៊ានហ្គេម លើកទី១៨ នៅក្នុងប្រទេសឥណ្ឌូនេស៊ីឆ្នាំនេះ មិនមែនបានប្រព្រឹត្តិទៅ ដោយគ្មានគ្រោះលំបាក អ្វីសោះនោះទេ។ បញ្ហាសំខាន់បំផុត នៅក្នុងព្រឹត្តិការណ៍នេះ គឺការលក់សំបុត្រ ដែលគ្មានការរៀបចំត្រឹមត្រូវ និងច្បាស់លាស់។ មនុស្សជាច្រើនពាន់នាក់ មិនបានចូលរួមទស្សនាការប្រកួត នៅក្នុងកីឡាដ្ឋានដោយផ្ទាល់ទេ ខណៈកៅអីជាច្រើន ត្រូវបានទុកចោល ឲ្យទំនេរ។
បញ្ហានេះ ត្រូវបានគណៈកម្មការកីឡាអូឡាំពិក ប្រចាំទ្វីបអាស៊ី ធ្វើការតវ៉ាឡើងទៅប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះ ឲ្យពិនិត្យមើលឡើងវិញភ្លាមៗ ពីបញ្ហាកៅអី ជាពិសេសត្រូវកាត់បន្ថយ ចំនួនកៅអីទាំងឡាយ ដែលត្រូវបានកក់ទុក និងកៅអីដែលទុកបម្រុង សម្រាប់ភ្ញៀវពិសេស (VIP)។ ចំនួនកៅអីទាំងនេះ មានអាត្រារហូតដល់ទៅ ៤០% នៃកៅអីទាំងអស់ នៅក្នុងបណ្ដាកីឡាដ្ឋានទាំងឡាយ ដែលទទួលការប្រកួត៕