«Keeko» មនុស្សយន្ដចិន ដែលចេះបង្រៀនកុមារៗ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០១ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 01, 2018
- ប្រធានបទ: មនុស្សយន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសចិនកុម្មុយនីស្ដិ៍ ដែលមានបច្ចេកវិទ្យាស្ទុះងើបខ្លាំង នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងត្រូវបានបំពាក់ កាន់តែច្រើនឡើងៗ ដោយមនុស្សយន្ដ។ ហើយក្នុងឆ្នាំនេះ ប្រទេសចិនបាននាំមុខគេ ចំពោះការប្រើប្រាស់មនុស្សយន្ដ នៅក្នុងវិស័យជាច្រើន ដូចជាវិស័យអប់រំ វិស័យសុខាភិបាល ឬការកំសាន្ដសប្បាយជាដើម។ នេះ បើតាមរបាយការណ៍ របស់សហព័ន្ធមនុស្សយន្ដអន្តរជាតិ (ហៅកាត់ តាមភាសាអង់គ្លេស «IFR» និងភាសាបារាំង «FIR»)។
ខាងក្រោមនេះ ជាមនុស្សយន្ដថ្មីមួយ ដែលទើបនឹងត្រូវបានបង្កើតឡើង សម្រាប់បម្រើ ឲ្យវិស័យអប់រំចិន។ វាមានឈ្មោះ «គីកូ (Keeko)» និងកំពុងមានប្រជាប្រិយភាព នៅក្នុងបណ្ដាសាលាមតេយ្យ បើទោះវាទើបនឹងត្រូវបាន យកមកប្រើប្រាស់ក៏ដោយ។ ជាមួយរូបរាងមូលៗ និងកំពស់៦០សង់ទីម៉ែត្រ «គីកូ» អាចធ្វើឲ្យកុមារទាំងឡាយស្រឡាញ់វា ដកចិត្តមិនបាន ហើយ «គីកូ» ក៏ចេះបង្រៀនកុមារទាំងឡាយ ឲ្យរៀនតាមវាដែរ ក្នុងតួនាទីវា ជា«ជំនួយការ» របស់គ្រូបង្រៀន នៅតាមសាលានានា។
ដោយសារប្រសិទ្ធិភាព នៃការងារដែល «គីកូ» បានផ្ដល់ដូច្នេះហើយ ទើបមកដល់ថ្ងៃនេះ សាលាមតេយ្យប្រមាណជា ៦០០សាលា នៅក្នុងប្រទេសចិន បានបញ្ជាទិញ «គីកូ» ដើម្បីបំពាក់ក្នុងថ្នាក់បង្រៀន របស់ផងខ្លួន។
លក្ខណៈពិសេស របស់ «គីកូ»៖ វាអាចនិយាយរឿងនិទាន ប្រាប់ទៅកុមារ - បង្កើតជាចំណោទសាមញ្ញៗ ឬពាក្យប្រស្នា ដើម្បីឲ្យកុមារដោះស្រាយ។ វាចល័តខ្លួន ដោយកង់តូចៗ ទាំងបីររបស់វា។ វាមានកាម៉េរ៉ាមួយ នៅខាងមុខ ដែលមានតួនាទីដូចជាភ្នែក សម្រាប់វាសម្លឹង និងសម្រាប់ថតរូប ឬថតវីដេអូ។ មុខរបស់ «គីកូ» ជាអេក្រង់មួយផ្ទាំង ដែលអាចប៉ះបញ្ជា (TouchScreen) និងដែលអនុញ្ញាតឲ្យកុមារ អាចទាក់ទងជាមួយវាបាន។
ឈ្មោះ «គីកូ» នេះ ក៏ជាឈ្មោះរបស់សហគ្រាស ដែលបានបង្កើតវាមកដែរ។ សហគ្រាសចិននោះ ដែលមានជំនាញខាងផលិតមនុស្សយន្ដ សម្រាប់វិស័យអប់រំ កំពុងមានគម្រោងផ្សេងទៀត ក្នុងវិស័យបច្ចេកវិទ្យានេះ ហើយក៏កំពុងងាកមករកទីផ្សារ នៅក្នុងប្រទេសអាស៊ីផ្សេងទៀតដែរ៕