ប្រលងសញ្ញាបត្រទុតិយភូមិ ២០១៥៖ «អ្នកចេះ គឺជាប់»
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី២០ សីហា ២០១៥
- កែប្រែចុងក្រោយ: August 20, 2015
- ប្រធានបទ: អប់រំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ លោក ឱម យ៉ិនទៀង បានបង្ហាញថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៥នេះ ចំនួនអ្នកសង្កេតការណ៍ មានជិតប្រាំមួយពាន់នាក់ (៥.៦២៥ នាក់) ក្នុងនោះ មានព្រះសង្ឃចូលរួម ប្រមាណជាងមួយរយអង្គ (១២៧ អង្គ) ដែលនឹងត្រូវចំណាយថវិការ ប្រមាណជាងដប់ប្រាំម៉ឺនដុល្លា (១៥ម៉ឺនដុល្លារ) ជាបន្ទុករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ដោយឡែក រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បានថ្លែងក្នុងកម្មវិធីនោះថា ការប្រឡងបាក់ឌុប នៅឆ្នាំ២០១៥នេះ ខាងក្រសួង បានធ្វើការកែទម្រង់ជាច្រើន ពិសេសការរឹតបណ្តឹង នូវការលួចចម្លងគ្នា ការលបមើលគ្នា ការទទួលនូវឯកសារពីខាងក្រៅ និងការសូក ដល់គ្រូៗទទួលបន្ទុក តាមមណ្ឌល ឬបន្ទប់ប្រលងជាដើម ជាមួយនឹងការកំណត់វិន័យ និងទោសទណ្ឌ។ លោកបន្តថា ការដែលក្រសួងដាក់ចេញ នូវវិធានការនេះ ដើម្បីឲ្យសិស្សទាំងអស់ ខិតខំពង្រឹងនូវសមត្ថភាព និងគុណភាព នៃចំណេះដឹងរបស់ខ្លួន ដោយខ្លួនឯង ហើយក៏ដើម្បីចូលរួមប្រកួតប្រជែង ជាមួយបណ្តាយុវជន នៃប្រទេសជាសមាជិក សមាគមអាស៊ានដែរ។
រដ្ឋមន្រ្តីរូបនេះអះអាងថា ឆ្នាំនេះ «អ្នកចេះ គឺជាប់»។ មានន័យថា គ្រប់អ្នកមានសមត្ថភាពទាំងអស់ នឹងប្រលងជាប់ ព្រោះការប្រឡងនេះ មានលក្ខណៈតឹងរ៉ឹងបំផុត។ លោកបានអះអាងបន្តថា ទាំងកូនអ្នកក្រ ទាំងកូនអ្នកមាន (ប្រាក់ និងអំណាច) ចាំបាច់ត្រូវទទួលបាន នូវភាពស្មើមុខគ្នា នាពេលប្រលង ប្រកបដោយសមត្ថភាព លទ្ធភាព សំដៅនូវសុក្រឹតភាព និងតម្លាភាពសម្រាប់គ្រប់បេក្ខជនប្រលង។
លោក ហ៊ុន ម៉ានី (កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន) ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការចូលរួមសង្កេតការ នៃអ្នកស្មគ្រចិត្តនៃក្រុមយុវជននេះ ដោយព្យាយាមជម្រុញ ឲ្យមានការពង្រឹងសមត្ថភាពនៃយុវជន ឲ្យស្របតាមពាក្យស្លោក របស់រដ្ឋមន្រ្តីក្រសួងអប់រំ ដែលបានលើកឡើងថា «អ្នកចេះ នឹងប្រឡងជាប់»។ លោកបន្តថា ការចូលរួម នៃក្រុមយុវជននាពេលនេះ ចង់ចូលរួមកិច្ចការសង្គម ដើម្បីពង្រឹងដល់គុណភាពអប់រំ ដល់យុវជនជំនាន់ក្រោយៗ ក្នុងការចូលរួមប្រកួតប្រជែង ជាមួយនឹងបណ្តាយុវជន នៃប្រទេសជាសមាជិកអាស៊ាន និងពិភពលោក។
សូមរំលឹកដែរថា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ ខាងមុខ ការប្រឡងសញ្ញាបត្រ«ទុតិយភូមិ» ប្រចាំឆ្នាំ២០១៥ និងត្រូវចាប់ផ្តើម។ ក្រសួងបានដាក់ចេញ នូវវិន័យ និងទោសទណ្ឌដល់គ្រូ និងសិស្សដែលគេ (ក្រសួង ឬអ្នកសង្កេតការណ៍ ឬមន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយ) រកឃើញថា បានប្រព្រឹត្តិនូវភាពមិនប្រក្រតីណាមួយ ក្នុងដំណាក់កាលនៃការប្រលងនេះ៕
» សូមស្តាប់ និងទស្សនាការបកស្រាយទាំងស្រុង របស់អស់លោកខាងលើ ដូចខាងក្រោម៖