ហ៊ុន សែន ហៅប្រតិកម្មកូនៗខ្លួនតប «Global Witness» ថាជា«សមត្ថភាព»
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 07, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការធ្វើប្រតិកម្ម តបទៅនឹងរបាយការណ៍មួយ គឺជា«សមត្ថភាព»។ នេះ ជាការអះអាងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង នៅកម្ពុជា ដែលបានសរសេរអម ទៅនឹងប្រតិកម្មរបស់កូនៗលោក តបទៅនឹងរបាយការណ៍ ដែលមានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព» របស់អង្គការឃ្លាំមើលពិភពលោក ហៅជាភាសាអង់គ្លេស «Global Witness»។
របាយការណ៍ពេញ ដែលមានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព (Hostile Takeover)» របស់អង្គការ គ្លបប៊ល វិតណេស ដែលមានទីស្នាក់ការកណ្ដាលនៅក្នុងរាជធានី ឡុងដ៍ ចក្រភពអង់គ្លេស បានទម្លាយឲ្យដឹងនៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ ពី«ចក្រភពជំនួញ»ដ៏អស្ចារ្យ នៃក្រុមគ្រួសារផៅសន្ដាន របស់លោក ហ៊ុន សែន និងបានលើកឡើង ពីការគណនារបស់ក្រុមអ្នកជំនាញ ទាក់ទងនឹងចំណូល នៃការធ្វើជំនួញទាំងនោះ ថាមានកម្រិតច្រើនជាង ៥០០លានដុល្លារ។
» អានរបាយការណ៍នេះ នៅក្នុងអត្ថបទចេញផ្សាយមុន៖ «ចក្រភពជំនួញ នៃមហាផៅសន្ដានត្រកូល ហ៊ុន»
នៅចំពោះរបាយការណ៍នេះ លោក ហ៊ុន សែន មិនបានធ្វើប្រតិកម្មអ្វីជាផ្លូវការនៅឡើយ។ លោកនាយករដ្ឋមន្ត្រី គ្រាន់តែបានយកប្រតិកម្មរបស់កូនៗរបស់លោក មានដូចជាលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងអ្នកស្រី ហ៊ុន ម៉ាណា យកមកចុះផ្សាយបន្តប៉ុណ្ណោះ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមយកប្រតិកម្មរបស់កូនៗទាំងបីរូប របស់លោក ហ៊ុន សែន មកចុះផ្សាយជូនដូចតទៅ៖
លោក ហ៊ុន ម៉ាណែត
«ខ្ញុំនៅចាំបានថា ប៉ុន្មានអណ្ណត្តិហើយ អោយតែពេលជិតបោះឆ្នោត គឺជាពេលវេលា ដែលអង្គការមួយឈ្មោះ "Global Witness" បង្កើតរឿងប្លែកៗ ឬប្រធានបទដដែលៗ ដើម្បីចោទប្រកាន់ និងវាយប្រហារ មកលើរាជរដ្ឋាភិបាល ជាពិសេសលើឪពុកខ្ញុំតែម្តង។ ហើយលើកនេះ ក៏មិនមានអ្វីថ្មីដែរ... គ្រាន់តែខុសត្រង់ថា តាមរយៈការផ្សាយអត្ថបទតែមួយជួនគ្នា (បង្ហាញពីការសហការគ្នាដ៏ល្អ ក្នុងរឿងនេះ) រវាង "Phnom Penh Post" និង "Cambodia Daily" លើកនេះ គឺមិនត្រឹមវ៉ៃតែឪពុករបស់ខ្ញុំនោះទេ គឺគេបានបង្កើតរឿង វ៉ៃទាំងគ្រួសារតែម្តង ពោលគឺមិនឲ្យរួចខ្លួនម្នាក់ណាឡើយ។ ចាំមើល៍ ចេញរឿងអ្វីទៀត?»
លោក ហ៊ុន ម៉ានិត
«នេះជាការវាយប្រហារ លើគ្រួសារត្រកូល ហ៊ុន ដែលជាការរៀបចំ និងកិច្ចសហការដ៏ល្អរវាង "Global Witness", "Cambodia Daily" និង "Phnom Penh Post" ដោយស្តែងចេញ ពីគោលបំណងយ៉ាងច្បាស់។ ដូចសព្វដង (សារ)ព័ត៌មាន(ទាំង)នេះ ពោរពេញទៅដោយកំហុស និងព័ត៌មានមិនពិត ក្នុងគោលបំណងតែមួយគត់ គឺបង្អាប់ និងបង្ខូចកិត្តិយសគ្រួសារត្រកូល ហ៊ុន...»
អ្នកស្រី ហ៊ុន ម៉ាណា
«នាងខ្ញុំ សូមអរគុណចំពោះ "Global Witness" ដែលបានចំណាយពេលយ៉ាងច្រើន ដើម្បីស្រាវជ្រាវពីក្រុមគ្រួសារត្រកូល ហ៊ុន។ នាងខ្ញុំបានដឹងយ៉ាងច្បាស់ថា ពួកអ្នកចង់បានអ្វី ពីគ្រួសារយើងខ្ញុំ គឺឱយតែជិតដល់ពេលបោះឆ្នោតម្តងៗ ពួកអ្នកតែងតែធ្វើរឿងបែបនេះ ក្នុងគោលដៅបំផ្លាញឪពុករបស់នាងខ្ញុំ។ តែនាងខ្ញុំ និងគ្រួសារគួរតែអរគុណ ដល់អស់លោក លោកស្រី ដែលបានជួយដល់ឳពុករបស់នាងខ្ញុំ ឱ្យឈ្នះឆ្នោតគ្រប់អាណត្តិ ព្រោះតែការភូតភរ ការប្រមាថរបស់លោកអ្នក ធ្វើឱយអ្នកបោះឆ្នោត កាន់តែមានការទុកចិត្ត និងបោះឆ្នោតជូនឪពុកខ្ញុំថែមទៀត។ នាងខ្ញុំក៏សូមកោតសសើរផងដែរ ដល់ភ្នំពេញប៉ុស្តិ៍ និង "Cambodia Daily" ដែលបានចេញផ្សាយព័ត៏មាននេះ ក្នុងពេល និងថ្ងៃតែមួយ ដែលបង្ហាញឱ្យឃើញថា មានកិច្ចសហការដ៏ល្អ រវាងសារពត៏មានទាំងពីរ ជាមួយ "Global Witness" ដើម្បីបំផ្លាញដល់កិត្តិយសគ្រួសារត្រកូល ហ៊ុន។ សូមអស់លោក លោកស្រី បន្តរកិច្ចការបែបនេះតទៅទៀតចុះ ប្រសិនគ្មានការងារធ្វើ។»
សម្រាប់លោក ហ៊ុន សែន ដែលជាឪពុកវិញ បានសរសេរអមនឹងប្រតិកម្មទាំងនេះ (បន្ទាប់ពីកែសម្រួល កំហុសអក្ខរាវិរុទ្ធរួច) ដូច្នេះថា៖ «ថ្ងៃនេះ កូនប្រុសកូនស្រីរបស់ខ្ញុំ បានបញ្ចេញសមត្ថភាពរបស់ពួកគេ លើបណ្ដាញសង្គម "Facebook" ដែលខ្ញុំសូមយកខ្លឹមសារនេះ (មក) ផ្សាយបន្ត តាម "Page" របស់ខ្ញុំ។»៕