កឹម សុខា៖ ចង់​ស្រាយ​បញ្ហា​ជាតិ​ធំៗ ទាល់​តែ​យើង​កាន់​អំណាច

«យើងត្រូវលើកកំពស់សេរីភាព ក្នុងការសម្តែងមតិ។ (...) គួនាំគ្នា ងាកមកធ្វើការគិតគួ លើបញ្ហានៃ​ការ​បោះ​ឆ្នោត​វិញ។ មាន​តែ​ការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ ទើបយើងអាចដោះស្រាយ បញ្ហា​បាន​ទាំង​អស់។ (...) នៅពេលណា ដែលយើងចង់ដោះស្រាយ បញ្ហាជាតិធំៗ ទាល់តែយើងកាន់អំណាច យើង​នឹង​អាច​ដោះ​ស្រាយ​បាន​ហើយ។» នេះជាការលើកឡើង របស់លោក កឹម សុខា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១០ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 17, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ គួរនាំគ្នាងាកមកគិតគួ រឿងរៀបចំការបោះឆ្នោតវិញ ប្រសើរជាងគិតគួរឿងអ្វីផ្សេងទៀត។ នេះជាការថ្លែងឡើង របស់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បន្ទាប់ពីលោក បានវិលត្រឡប់មកកម្ពុជាវិញភ្លាមៗ កាលពីថ្ងៃទី៩ ខែកញ្ញានេះ ដើម្បីស្នើទៅកាន់​សកម្ម​ជន និងអ្នកគាំទ្រគណបក្សរបស់លោក។ នៅក្នុងភាពប្រញាប់ប្រញាល់ ចូលក្នុងរថយន្ត នាព្រលានយន្ដហោះ​អន្តរជាតិនោះផង លោក កឹម សុខា បានបង្ហើបទៀតថា នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥នេះ លោកនឹង​ចុះសួរសុខទុក្ខ សកម្មជនរបស់ខ្លួន ដែលកំពុងជាប់ពន្ធនាគារព្រៃស។

ក្នុងនាមជាប្រធានគណបក្ស សង្គ្រោះជាតិស្តីទី លោក កឹម សុខា បានបញ្ជាក់ជាសាធារណៈ ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា លោកបានស្នើដល់មន្រ្តី ក្រោមឱវាទទាំងអស់ ឲ្យបញ្ឈប់លើកយកបញ្ហាព្រំដែន បញ្ហាផែនទី ផ្សា​ភ្ជាប់​ជាមួយ នឹងបញ្ហានយោបាយ។ លោកថ្លែងថា បច្ចុប្បន្ននេះ បញ្ហានយោបាយកំពុងតានតឹង ហើយមិន​អាច​ធ្វើការ​ដោះស្រាយ អ្វីបាននោះឡើយ។ លោកថា ល្គិកណា បញ្ហានយោបាយ បានធូរស្រាយ សាបរលាប ត្រជាក់ និងឈានមករកភាពស្ងប់ស្ងាត់ ជាធម្មតាវិញនោះ បញ្ហាជាប់គាំងទាំងអស់ នាពេលកន្លងមក មុខ​នឹង​អាច​បញ្ចប់ទៅ បានដោយជោគជ័យ។

ប្រធានបក្ស CNRP ស្តីទី រូបបនេះ បានបញ្ជាក់ថា៖ «នាំគ្នារៀបចំខ្លួន... យើងនាំគ្នាគិតពីរឿងបញ្ហា​បោះឆ្នោត​វិញ។ អ្នកដឹកនាំគណបក្សសង្រ្គោះជាតិ សកម្មជនត្រៀមខ្លួន រៀបចំការបោះឆ្នោត ជាជាងយើងទៅផ្តោត លើ​រឿង​នេះ រឿងនោះ...។ (...) បើយើងអត់ឈ្នះឆ្នោតទេ យើងអត់មានអំណាចទេ យើងមិនអាចដោះស្រាយ បញ្ហា​ប្រទេសជាតិបានទេ។ អីចឹងយើងត្រូវឈ្នះឆ្នោត ទៅដឹកនាំប្រទេស ទើបអាចដោះស្រាយ បញ្ហាទាំងនោះបាន​ហើយ។»

ការថ្លែងរបស់លោក កឹម សុខា បានធ្វើឡើងមួយថ្ងៃ ក្រោយពីលោកនាយករដ្ឋមន្រ្តី ដាក់«បំរាម» នឹងធ្វើការ​ចាប់ខ្លួនបុគ្គលណា ឬក្រុមណា ដែលនៅតែបន្តញុះញង់ នឹងលើកយកបញ្ហាព្រំដែន មកចោទរដ្ឋាភិបាលថា ប្រើប្រាស់ផែនទីក្លែងក្លាយ ឬផែនទីចោរ ទាក់ទងនឹងបញ្ហាព្រំដែន ដ៏ចម្រូងចម្រាស់។

បើទោះជាមានអំណះអំណាង របស់លោក កឹម សុខា យ៉ាងនេះក្តី ក៏អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅ​តែបង្ហាញការព្រួយបារម្ភ និងភាពមិនជឿជាក់របស់ខ្លួន ទៅលើសម្តីអ្នកនយោបាយប្រឆាំង ខាងលើនេះប៉ុន្មាន​ឡើយ។ លោក សួស យ៉ារ៉ា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា មិនទាន់ជឿជាក់នៅឡើយទេ ដរាប​ណា មិនទាន់បានឃើញ នូវការអនុវត្តជាក់ស្តែង។ ហើយលោកនឹងរង់ចាំមើល សកម្មភាពនានា នៃ​សកម្មជន​គណបក្សនេះ ថាបានស្តែងឡើង ដូចអ្វីដែលជាការអះអាង ឬការស្នើសុំ ដោយប្រធានស្តីទី នៃគណបក្ស​សង្គ្រោះ​ជាតិ​នេះដែរឬទេ។

អ្នកនាំពាក្យគណបក្សកាន់អំណាច បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា៖ «កន្លងមក ដើម្បីកេង​ចំណេញ​នយោបាយ គណបក្សសង្រ្គោះជាតិ បានបង្ករឿងយ៉ាងធំ ដោយចោទរាជរដ្ឋាភិបាល ដែលដឹកនាំ​ដោយ​គណបក្សប្រជាជនកម្ពុជា ថាប្រើប្រាស់ផែនទីមិនត្រឹមត្រូវ ក្នុងការដោះស្រាយបញ្ហាព្រំដែន ធ្វើឲ្យ​មហាជន​មានការភាន់ច្រឡំ។ ដូច្នេះការភ្ញាក់ខ្លួនពេលនេះ វាហាក់ដូចជា​យឺតពេលបន្តិចហើយ។ ប៉ុន្តែទោះ​ជា​យ៉ាងណា បើសិនជាគណបក្សសង្រ្គោះជាតិ ពិតជាបន្ទន់ឥរិយាបទ ដូចអ្វីដែលោក កឹម សុខា លើកឡើងមែន​នោះ គណបក្សទាំងពីរ នឹងក្លាយជដៃគូសន្ទនាល្អនឹងគ្នា។ ប៉ុន្តែបើគ្រាន់តែធ្វើ ដើម្បីឲ្យគណបក្សប្រជាជន ជួយ​ដល់សកម្មជន ដែលជាប់ឃុំនោះ CPP នឹងមិនអាចលូកលាន់ ទៅក្នុងកិច្ចការអនុវត្តនីតិវិធី របស់តុលាការ​នោះ​ទេ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...