ការឃោសនារបស់ CNRP នៅខេត្តឧត្ដរមានជ័យ រង«ការរំខាន»
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 26, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាំងពីព្រឹកព្រហាមមក ក្នុងថ្ងៃសុក្រ ទី២៦ ខែឧសភានេះ យុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិ ក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ ត្រូវបានរំខាន ដោយអាជ្ញាធរ និងមន្ត្រីយោធា ក្រោមរូបភាព ជាការដាក់ប៉ុស្ដ៍ត្រួតពិនិត្យ និងដាក់ធុងបាស់ចាក់ចម្រៀងខ្លាំងៗ នៅក្បែរកន្លែងជួបជុំរបស់គណបក្ស។ នេះ ជាការអះអាងឡើង របស់មន្ត្រីដឹកនាំគណបក្សប្រឆាំង ក្នុងរសៀលថ្ងៃនេះ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានឲ្យដឹងថា កម្មវិធីជួបជុំរបស់គណបក្ស នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានរំខានដោយសំឡេងតន្ត្រី ដែលចាក់តាមធុងបាស់ខ្លាំងៗ ចេញពីផ្ទះមួយ។ មន្ត្រីគណបក្សប្រឆាំងមួយរូប បានអះអាងបន្ថែមថា ផ្ទះនោះ ជាផ្ទះរបស់សមាជិកគណបក្សប្រជាជនកម្ពុជា។
ចំណែកឯលោក ស្រី ណារ៉េន មន្ដ្រីសម្រួបសម្រួលអង្គការអាដហុក នៅខេត្តឧត្តរមានជ័យ បានថ្លែងបញ្ជាក់ថា ផ្ទះនោះ ជារបស់មន្ដ្រីយោធាម្នាក់។ លោកថា ទោះមានការណែនាំ ពីគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោតយ៉ាងណា ក៏ពួកគេនៅតែបន្ដសកម្មភាពដដែល។
ក្នុងវីដេអូមួយ របស់ព្រះសង្ឃ លួន សុវ៉ាត ដែលបានថតពីគេហដ្ឋាន ដែលគ្មានមនុស្សនោះ គេឃើញបុរសម្នាក់ ចេញពីខាងក្នុងមកទូលឆ្លើយនឹងសំនួរ របស់ព្រះសង្ឃថា ផ្ទះខ្លួនរៀបចំធ្វើពិធីជប់លៀង។ បន្ទាប់មក គេឃើញមន្ត្រីម្នាក់ទៀត ដែលប្រកាសថា លោកមកពី គ.ខ.ប (គណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោត) បានថ្លែងអះអាងថា លោកគឺជាអ្នកប្រាប់ ឲ្យផ្ទះដែលចាក់តន្ត្រីនោះ ឲ្យបន្ថយសម្លេងធុងបាស។
ក្រោយការជួបជុំនោះ ព្រះសង្ឃយ៉ាងហោច ៤អង្គ ត្រូវបានឃាត់ព្រះកាយ និងដកហូតយកទូរស័ព្ទ ពីសំណាក់អាជ្ញាធរ មុននឹងដោះលែងមកវិញ នៅវេលាម៉ោង ១៣ ថ្ងៃនេះដដែល។ ការឃាត់ព្រះកាយនោះ មិនត្រូវបានអះអាង ឲ្យដឹងពីមូលហេតុណាមួយនោះទេ។
លោក ហង្ស ពុទ្ធា សមាជិក និងអ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា គ.ជ.ប នឹងពិនិត្យលើករណីនេះ បើសិនមានបណ្ដឹង ពីគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែលោកថា គ.ជ.ប ទុកលទ្ធភាពឲ្យគណបក្ស និងគណបក្សចរចាគ្នាសិន បើទោះជាស្ថាប័នជាតិសម្រាប់ការបោះឆ្នោត ទទួលបានពាក្យបណ្ដឹង នោះក៏ដោយ៕