ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​ឯករាជ្យ​ថា មាន​ការ​បន្លំ​សន្លឹក​ឆ្នោត និង​​ស្នើ​កែ​ទម្រង់ គ.ជ.ប ​

ភាពមិនប្រក្រតី មុននិងក្រោយនៃការបោះឆ្នោត ភាពមិនប្រក្រតីនៃការប្រកាសលទ្ធផលការបោះឆ្នោត មួយចំនួន​ត្រូវបានរកឃើញតាមរយៈព័ត៌មាន នៃការស៊ើបអង្កេត និងការផ្តល់អនុសាសនានាពីប្រជាសហគន៍ ជុំវិញលើដំណើរ​ការនៃការបោះឆ្នោត ក្នុងអាណត្តិទីប្រាំកន្លងមកនេះ ដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។ ស៊ីស៊ីអាយអឹម បានជួបប្រជុំជាមួយអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាប្រជាសហគមន៍ ក្នុងគោលបំណង​ពិភាគ្សា ស្វែងរកដំណោះស្រាយ ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: November 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភាពមិនប្រក្រតី មុននិងក្រោយនៃការបោះឆ្នោត ភាពមិនប្រក្រតីនៃការប្រកាសលទ្ធផលការបោះឆ្នោត មួយចំនួន​ត្រូវបានរកឃើញតាមរយៈព័ត៌មាន នៃការស៊ើបអង្កេត និងការផ្តល់អនុសាសនានាពីប្រជាសហគន៍ ជុំវិញលើដំណើរ​ការនៃការបោះឆ្នោត ក្នុងអាណត្តិទីប្រាំកន្លងមកនេះ ដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។ ស៊ីស៊ីអាយអឹម បានជួបប្រជុំជាមួយអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាប្រជាសហគមន៍ ក្នុងគោលបំណង​ពិភាគ្សា ស្វែងរកដំណោះស្រាយ ។


កិច្ចពិភាក្សាស្តីពីដំណោះស្រាយ និងវិធានការនៃការកែទម្រង់ការបោះឆ្នោត ដែលរៀបចំ​ឡើងដោយ​មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធបោះឆ្នោតកម្ពុជា - កិច្ចពិភាក្សាស្តីពីដំណោះស្រាយ និងវិធានការនៃការកែទម្រង់ការបោះឆ្នោត ដែលរៀបចំ​ឡើងដោយ​មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)​ រួមសហការជាមួយអង្គការខុមហ្រ្វែល និង​និកហ្វិច ក្នុងគោលបំណងដាក់ទៅ គ.ជ.ប ក៏ដូចជាស្ថាប័នក្រុមប្រឹក្សាធម្មនុញ និងគណបក្សនយោបាយមួយចំនួន ដើម្បី ធ្វើការកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ក៏ដូចជាប្រព័ន្ធនៃការចុះឈ្មោះបោះឆ្នោតជាដើម។

កិច្ចពិភាក្សា ស្វែងរកព័ត៌មាន ស្វែងរកការពិតនៃការបោះឆ្នោត ដើម្បីផ្តល់ជាអនុសាសន៍មួយចំនួន​ក្នុងការកែលំអ​ប្រព័ន្ធបោះឆ្នោតនៅកម្ពុជានេះ ឲ្យមានប្រសិទ្ធិភាព តម្លាភាព ដែលអាចទទួលយកបាន។ កិច្ចប្រជុំពីភាក្សានេះមាន​តំណាងអង្គការសង្គមស៊ីវិល និងតំណាងគណបក្សសង្គ្រោះជាតិ។ ដោយឡែកតំណាងគណបក្សប្រជាជនកម្ពុជា ត្រូវបានអវត្តមានដោយបញ្ជាក់ថាជាប់រវល់ ឯតំណាង គ.ជ.ប ក៏មិនអាចចូលរួមបានដែរ តែខ្លួន (គ.ជ.ប) ទទួល​ស្វាគមន៍ចំពោះការរៀបចំនេះ និងក៏ស្នើសុំនូវលទ្ធផលចុងក្រោយនៃកិច្ចពិភាក្សានេះផងដែរ។ នេះបើតាមការ​លើក​ឡើងរបស់លោក ប៉ា ង៉ួនទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

ច្បាប់ដែលត្រូវបានគោរពដោយចន្លោះៗ ...

លោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ បានលើកឡើងថា បញ្ហាដែលកើតឡើងនោះ ​មក​ពី​ការដឹកនាំ និងគ្រប់គ្រងលើ គ.ជ.ប គ្មានប្រសិទ្ធិភាព។ គ.ជ.ប តែងតែធ្វើឲ្យការចុះឈ្មោះមានភាពស្មុកស្មាញ ស្រប​ពេលដែលបច្ចេកវិទ្យាកំពុងតែរីកចំរើននេះ។ ដូច្នេះចាំបាច់ត្រូវធ្វើការកែទម្រង់ គ.ជ.ប ក៏ដូចជាច្បាប់នានា​ដែល​ទាក់ទងទៅនឹងការបោះឆ្នោត។ លោកបន្តថា «ការកែទម្រង់ហ្នឹង ចេញមកពីសភាជាអ្នកអនុម័ត។ តែអ្វីដែលសំខាន់​ស្ថិតលើឆន្ទៈនៃគណបក្សនយោបាយ តើចង់ធ្វើច្បាប់ដែលបំរើឲ្យប្រជាធិបតេយ្យពិតប្រាកដឬអត់។ (...) តែ​កន្លង​មកមានតែច្បាប់ តែមិនសូវបានយកមកអនុត្តន៍ (...) យើងត្រូវប្រកាន់ជំហរមួយក្នុងការអនុវត្តច្បាប់ ឲ្យមានស្មើភាព​គ្នា។»

ដោយឡែក លោក ឡាយ ទេពវិទូ ជំនួយការគម្រោងការបោះឆ្នោតអង្គការនីកហ្វីក បានបញ្ជាក់ថា ការបង្កើតច្បាប់​សម្រាប់គ្រប់គ្រងនោះ វាជាកត្តាមួយសំខាន់ និងចាំបាច់ តែអ្វីដែលចាំបាច់ជាងនេះទៅទៀតនោះ ជាការអនុវត្តច្បាប់ ធ្វើយ៉ាងណាការងនុវត្តច្បាប់នេះ ត្រូវមានការរឹតបណ្តឹងឲ្យមានប្រសិទ្ធិភាព ជាពិសេសលើអាជ្ញាធរពាក់ព័ន្ធ។

ឯលោក ស៊ិន ទិត្យសីហា អ្នកអង្កេតការណ៍អង្គការខុមហ្រែ្វល បានបន្តរថា ធ្វើយ៉ាងណាត្រូវតែស្វែងរក ប្រភព និង​ឬសគល់នៃបញ្ហា ទើបអាចរកដំណោះស្រាយបាន។ ដូចជាបញ្ហាច្បាប់ ត្រូវធ្វើយ៉ាងណាមន្រ្តី និងអាជ្ញាធរដែល​ពាក់​ព័ន្ធត្រូវធ្វើការពង្រឹងនូវច្បាប់ទាំងនោះ ដើម្បីការអនុវត្តមួយដែលមានប្រសិទ្ធិភាព។

ក្រោយពីបញ្ចប់កិច្ចពិភាក្សាមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានដាក់ចេញនូវសេចក្តីព្រាង​អនុសាសន៍ជាពីរផ្នែក មួយទាក់ទងទៅនឹងគ.ជ.ប និងមួយទៀតទាក់ទងទៅនឹងគណបក្សនយោបាយ៖

១.  អនុសាសន៍សម្រាប់ គ.ជ.ប រួមមាន ចុះឈ្មោះជាថ្មី ឬរៀបចាំបញ្ជីឈ្មោះថ្មី រៀបចំសមាសភាពថ្មីពីថ្នាក់មូលដ្ឋាន​ដល់ថ្នាក់ជាតិ កំណត់អត្តសញ្ញាណប័ណ្ណសម្រាប់ការចុះឈ្មោះបោះឆ្នោតឲ្យបានច្បាស់លាស់ ឯករាជ្យភាព និង​អំណាចគ.ជ.ប ក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ គ.ជ.ប ត្រូវធានា និងអនុវត្តនីតិវិធីនៅថ្ងៃបោះឆ្នោត ចំពោះវត្តមាន​របស់អាជ្ញាធរនៅមណ្ឌលបោះឆ្នោត ពង្រឹង និងដាក់ពិន័យលើអ្នកអនុវត្តខុសច្បាប់ ត្រូវដោះស្រាយនូវពាក្យបណ្តឹង ដែលគណបក្សនយោបាយបានប្តឹង តាមនីតិវិធីប្រកបដោយតម្លាភាព។

២. ឯអនុសាសន៍ចំពោះគណបក្សនយោបាយរួមមាន ពង្រឹងសមត្ថភាពអ្នកសង្កេតការណ៍ បង្កើតច្បាប់​ហិរញ្ញវត្ថុ​សម្រាប់គណបក្សនយោបាយក្នុងអំឡុងពេលឃោសនា និងក្រោយពីបញ្ចប់ការបោះឆ្នោត បង្កើតក្រុមប្រឹក្សាឯករាជ្យ ត្រួតពិនិត្យ និងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនឹងការបោះឆ្នោត បង្កើតឲ្យមានគណកម្មការចម្រុះឯករាជ្យ​ស៊ើប​អង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត បង្កើតគណកម្មការឯករាជ្យ ជ្រើសរើសសមាសភាពថ្នាក់ដឹកនាំ និង​វិសោធនកម្មច្បាប់ គ.ជ.ប។

ក្នុងករណីដែលគ.ជ.ប ឬគណបក្សកាន់អំណាច​នៅតែមិនទទួល​យកអនុសាសន៍ទាំងនេះនោះ លោក ប៉ា ងួនទៀង បានបញ្ជាក់ជាចុងក្រោយថា ក្នងនាមជាអង្គការសង្គមស៊ីវិល ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នឹងនៅតែបន្ត​សកម្មភាព ជាមួយនឹងការបង្កើនឥទ្ធិពលក្នុងចំណោមសាធារណៈជន តាមរយៈប្រព័ន្ធព័ត៌មាន ដែលអាចក្លាយជា​សម្ភាធ ដាក់លើគណបក្សឈ្នះឆ្នោត អ្នកនយោបាយ និងថ្នាក់ដឹកនាំដែលពាក់ព័ន្ធនឹងគ.ជ.ប ទាំងអស់។ លោកបាន​បន្តរថា «បើយើងមិនមាន គ.ជ.ប ល្អ នោះលទ្ធផលនៃការបោះឆ្នោតក៏មិនល្អ អ្វីដែលជាអ្នករងគ្រោះ​ចុងក្រោយ​ជា​ប្រជាពលរដ្ឋ។ (…) ប្រជាពលរដ្ឋត្រូវស្វែងយល់នូវបញ្ហាទាំងនេះ ធ្វើយ៉ាងណាឲ្យអ្នកនយោបាយ​រត់តាមគាត់​ (ប្រជា​ពលរដ្ឋ) ជៀសជាងគាត់រត់តាមអ្នកនយោបាយ។»

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចទំនាក់ទំនងមន្រ្តីខាង គណបក្សប្រជាជនកម្ពុជាក្នុងការបំភ្លឺពីបញ្ហានេះទេ។ តែក្នុងពេលកន្លងមក លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា ចំពោះបញ្ហាដែលពាក់ព័ន្ធនឹង​ការ​កំណែទម្រង់ប្រព័ន្ធបោះឆ្នោត នឹងមានសិក្ខាសាលាថ្នាក់ជាតិ ដែលរៀបចំដោយរដ្ឋាភិបាល ស្តីពីដំណើរការនៃ​ការ​កែទម្រង់ ប្រព័ន្ធបោះឆ្នោតនាចុងខែធ្នូ ឆ្នាំ២០១៣នេះ ឬដើមខែមករា ឆ្នាំ ២០១៤។ ជាមួយគ្នានេះ លោកស្នើសុំ​ឲ្យ​មានការ​ចូលរួមពីសង្គមស៊ីវិល និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ គណបក្សនយោបាយ ចូលរួមក្នុងការពិភាក្សា​ស្វែងរកការឯកភាព និងស្រុះស្រួលគ្នា រាល់បញ្ហានៃកំណែទម្រង់ការបោះឆ្នោត៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...