យ៉េង វីរៈ និងគល់ បញ្ញា អាចជាសមាជិកគ.ជ.ប ជ្រើសដោយបក្សប្រឆាំង
- ដោយ: ដារា រិទ្ធ ដោយ ដារា រិទ្ធ (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 29, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដំណឹងចុងក្រោយ បានបង្ហើបឲ្យបានដឹងថា សមាជិកពីររូបក្នុងចំណោមបួនរូប ដែលជា«កូតា» របស់គណបក្សសង្គ្រោះជាតិ សម្រាប់មកដឹកនាំគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប អាចជាលោក យ៉េង វីរៈ និងលោក គល់ បញ្ញា មេដឹកនាំអង្គការសង្គមស៊ីវិល ដែលធ្វើការយ៉ាងជិតស្និត ទៅនឹងការបោះឆ្នោតកន្លងមកច្រើនឆ្នាំ នៅកម្ពុជា។
លោក យ៉េង វីរៈ (ខាងឆ្វេង) និងលោក គល់ បញ្ញា។ (រូបថត MONOROOM.info/ O. Vary)
សមាជិក គ.ជ.ប - សមាជិកដឹកនាំ គ.ជ.ប បួនរូប ដែលជ្រើសតាំងដោយគណបក្សសង្គ្រោះជាតិ អាចមានពីររូបពីគណបក្សផ្ទាល់តែម្ដង និងពីររូបទៀតចេញពីក្រុមអង្គការសង្គមស៊ីវិល។ នេះបើតាមការបញ្ជាក់របស់ប្រមុខគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា នៅក្នុងវេទិការអ្នកស្ដាប់ របស់វិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤។ ការលើកឡើងរបស់មេដឹកនាំគណបក្សប្រឆាំង បានធ្វើឡើងបន្ទាប់ពីសមាជិកទី៩ ដែលនឹងមកដឹកនាំ គ.ជ.ប ហើយមានការយល់ព្រមពីគណបក្សទាំងពីរ ក៏ជាមេដឹកនាំអង្គការសង្គមស៊ីវិលមួយដែរ។ សមាជិកទី៩នោះ ត្រូវបានគេស្គាល់ឈ្មោះរួចហើយ គឺលោកស្រី ពុង ឈីវកេក អតីតនាយិការរបស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ។
ចំពោះសមាជិកមួយរូបដែលជ្រើសតាំងដោយ គណបក្សសង្គ្រោះជាតិ ក៏ត្រូវបានគេទម្លាយឲ្យដឹង តាំងពីមុនរួចហើយដែរ នោះគឺលោក គួយ ប៊ុនរឿន ដែលទើបនឹងបោះបង់តំណែងជាតំណាងរាស្ត្រជាប់ឆ្នោតរបស់លោក ទៅឲ្យលោក សម រង្ស៊ី។ សម្រាប់សមាជិកដឹកនាំ គ.ជ.ប មួយរូបពីគណបក្ស និងពីររូបទៀតពីអង្គការសង្គមស៊ីវិល នៅមិនទាន់ត្រូវបានលោក សម រង្ស៊ី និងលោក កឹម សុខា ទម្លាយឲ្យដឹងនៅឡើយ នៅក្នុងនាទីរបស់វិទ្យុអាស៊ីសេរីនោះ។
ប៉ុន្តែ នៅក្នុងសេចក្ដីរាយការណ៍មួយ របស់វិទ្យុសម្លេងសហរដ្ឋអាមេរិក ដោយបានថ្លែងយោងពីការបង្ហើបរបស់លោក មាជ សុវណ្ណរា មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ នៃគណបក្សសង្គ្រោះជាតិ បានថ្លែងឲ្យដឹងថា សមាជិកពីររូប ពីខាងគណបក្សនេះ ដែលនឹងមកដឹកនាំ គ.ជ.ប ថ្មី អាចជាលោក យ៉េង វីរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងលោក គល់ បញ្ញា នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល ដែលធ្លាប់ធ្វើការសង្កេតការណ៍ ក្នុងការបោះឆ្នោតនៅកម្ពុជា តាំងពីច្រើនឆ្នាំកន្លងមកហើយ។
លោក ហេង រស្មី អ្នកសារព័ត៌មាន របស់វិទ្យុសម្លេងសហរដ្ឋអាមេរិក បានរាយការណ៍ទៀតថា សមាជិកទីបួន របស់គណបក្សសង្គ្រោះជាតិ ដើម្បីចូលទៅដឹកនាំគ.ជ.ប អាចជាបុត្រីរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោរវិទ្យា។
ដោយឡែក សមាជិកបួននាក់ទៀត ដែលជា«កូតា»របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានវិទ្យុ វីអូអេ ដដែល ស្រង់ការលើកឡើងរបស់លោក ជាម យៀម មន្ត្រីជាន់ខ្ពស់នៃគណបក្សកាន់អំណាច មកបញ្ជាក់ថា អាចជាមន្ត្រីតុលាការ និងជាមន្ត្រីជើងចាស់ ដែលបានកាន់ការនៅ គ.ជ.ប សព្វថ្ងៃនេះ។
យ៉ាងណាក៏ដោយ ការបង្ហើបឲ្យដឹងតែរៀងខ្លួន របស់គណបក្សនយោបាយដ៏ធំទាំងពីរខាងលើ នៅគ្រាន់តែជាការបែកធ្លាយក្រៅផ្លូវការប៉ុណ្ណោះ។ គេនឹងនៅរងចាំមើល រហូតដល់នាទីចុងក្រោយ ពីសមាសភាព ពីតួនាទីរបស់សមាជិកទាំង៩រូបនោះ ថាជានរណាឲ្យពិតប្រាកដ។ ប៉ុន្តែ នរណាមកពីណាឬជាអ្វី មិនសំខាន់ទេ។ រឿងដែលចាំបាច់បំផុតនៅពេលនេះ គេត្រូវនិយាយពី«សមត្ថភាព និងឯករាជ្យភាព»របស់ក្រុមសមាជិកជ្រើសតាំងទាំងនោះ ដើម្បឲ្យការបោះឆ្នោតទាំងឡាយ នៅកម្ពុជាមានយុត្តិធម៌ ភាពសុក្រិត និងអាចទទួលយកបាន៕