សំណើរ៦ចំណុច ដើម្បីឲ្យបក្សអំណាចខ្មែរឈរឈ្មោះបោះឆ្នោត
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី២៤ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 27, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីសកម្មជនគណបក្ស ចំនួនបីនាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងមកវិញនោះ អ្នកនាំពាក្យគណបក្សអំណាចខ្មែរ បានបង្ហាញពីជំហរ របស់គណបក្សនេះជាថ្មីថា ការប្រជែងយកសន្លឹកឆ្នោត នាពេលខាងមុខ (ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាភូមិឃុំសង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨) គណបក្សអំណាចខ្មែរ នឹងមិនមានគម្រោង ចូលរួមបោះឆ្នោតនោះឡើយ ដរាបណាការស្នើឡើង យ៉ាងហោច៥ចំណុច ក្នុងចំណោម៦ចំណុច របស់គណបក្ស មិនត្រូវបានរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ទទួលយកទៅដោះស្រាយនោះទេ។
ថ្លែងក្នុងសន្និសិទ្ធសារព័ត៌មាន កាលពីថ្ងទី២៣ ខែកញ្ញា ម្សិលម៉ិញនេះ លោក ទេព វីរៈ អ្នកនាំពាក្យគណបក្សអំណាចខ្មែរ បានថ្លែងឡើងថា៖ «បើសិនជាការទាមទារ ប្រាំចំណុចមិនបានទេ គណបក្សអំណាចខ្មែរ មិនចូលរួមបោះឆ្នោតជាដាច់ខាត។ (...) ដោយសារអី?... ដោយសារយើងអត់មាន អាប្រាំចំណុចហ្នឹងហើយ វាអត់មានយុត្តិធម៌ទេ។ ទោះបីយើងឈ្នះ ក៏មិនអាចឈ្នះដែរ ព្រោះមិនមែនជាការពិត បោះឆ្នោតគ្រាន់តែជាការបង្រ្គប់កិច្ចប៉ុណ្ណោះ។»
អ្នកនាំពាក្យ បានបង្ហាញនូវចំណុចទាំង៦នោះ ដែលបានស្នើទៅរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យមានការដោះស្រាយមួយ ដ៏ពិតប្រាកដនោះ រួមមាន៖ ទីមួយ ត្រូវធ្វើការកំណត់ចំនួនអាណត្តិ របស់នាយករដ្ឋមន្រ្តី ក្នុងការដឹកនាំប្រទេស ត្រឹមតែពីរអាណត្តិយ៉ាងច្រើន។ ទីពីរ នាយករដ្ឋមន្រ្តី ត្រូវតែជ្រើសរើសដោយប្រជាពលរដ្ឋ មិនមែនដោយមន្រ្តី ក្នុងគណបក្សនយោបាយឡើយ។ ទីបី ប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិគ្រប់គ្រាន់ ក្នុងការចូលរួមបោះឆ្នោតពីក្រៅប្រទេស ដោយមិនចាំបាច់ មកបោះនៅកម្ពុជា។ ទីបួន ត្រូវរំលាយចោល នូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ទីប្រាំ បណ្តាជនជាតិវៀតណាម ដែលមានឈ្មោះបោះឆ្នោត ត្រូវតែលប់ចេញពីបញ្ជីឈ្នោះ អ្នកបោះឆ្នោត។ និងទីប្រាំមួយ អាចជាប់ជាអ្នកតំណាងរាស្រ្តបាន បើមានការគាំទ្រពីពលរដ្ឋខ្មែរ ចាប់ពីបួនពាន់នាក់ឡើងលើ។
» សូមស្រាប់ការបកស្រាយទាំងស្រុង ដូចខាងក្រោម៖
បើតាមការបញ្ជាក់ របស់លោក ទេព វីរៈ ដដែល បានឲ្យដឹងថា លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលទើបនឹងបង្កើតថ្មី និងទើបនឹងទទួលស្គាល់ ជាផ្លូវការ ដោយក្រសួងមហាផ្ទៃកម្ពុជា កាលពីថ្មីៗនេះ នឹងវិលត្រឡប់មកកម្ពុជាវិញ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ខាងមុខនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលនោះទេ។ ការឈានជើងត្រឡប់មកកម្ពុជា របស់លោក សួន សេរីរដ្ឋា នេះជាការវិលលើកដំបូង បន្ទាប់ពីលោកត្រូវបានរដ្ឋាភិបាល និងប្រព័ន្ធតុលាការកម្ពុជា តាមចាប់ខ្លួន ក្រោមបទចោទ «ទោសក្បត់ជាតិ» ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ រារាំងមិនឲ្យពលរដ្ឋខ្មែរទៅបោះឆ្នោត កាលពីអំឡុងឆ្នាំ២០១៣»កន្លងមក។ ប៉ុន្តែលោក សួន សេរីរដ្ឋា ត្រូវបានព្រះមហាក្សត្រកម្ពុជា លើកលែងទោស កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៥ កន្លងមកថ្មីៗនេះ ទាំងមិនទាន់បានទទួលទោស។ ការលើកលែងទោស ដែលត្រូវបានអ្នកតាមដាននយោបាយកម្ពុជា មើលឃើញថា ជាការបើកផ្លូវឲ្យលោក បង្កើតគណបក្សអំណាចខ្មែរនេះឡើង៕