បក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចបដិសេធលទ្ធផលឆ្នោត និងព្រមានធ្វើបាតុកម្ម

គណបក្សមួយទៀត ពីក្នុងចំណោមគណបក្សទាំង២០ ដែលចូលរួមការបោះឆ្នោតជាតិ កាលពី​ថ្ងៃទី២៩ ខែកក្កដា បានចេញមុខ បដិសេធលទ្ធផល នៃការបោះឆ្នោត និងព្រមានធ្វើបាតុកម្ម ប្រសិនជាគ្មានដំណោះស្រាយទេនោះ។ គណបក្សនោះ មានឈ្មោះ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងជាគណបក្សទីពីរ បន្ទាប់ពីគណបក្សរស្មីខេមរា ដែលបានប្រកាសមិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតនេះដូចគ្នា។
បក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចបដិសេធលទ្ធផលឆ្នោត និងព្រមានធ្វើបាតុកម្ម
លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។ (រូបថតឯកសារ ដែលជាការឃោសនាគណបក្ស ក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៣)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 06, 2018
  • ប្រធានបទ: បោះឆ្នោត​ជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដឹកនាំដោយលោក ហួន រាជចំរើន ដែលឈរនៅលេខរៀង ទី១៤ ក្នុងសន្លឹកឆ្នោត បានចេញមុខទាត់ចោល លទ្ធផលនៃការបោះឆ្នោតជាតិ ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃទី២៩ ខែកក្កដា ចុងសប្ដាហ៍មុន។ គណបក្សនេះ ដែលតាំងខ្លួនថា ជា«គណបក្សប្រឆាំង ក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញ» ថែមទាំងព្រមានទៀតថា ខ្លួននឹងដឹកនាំធ្វើ «បាតុកម្មមិនទទួលយកលទ្ធផល» នៃការបោះឆ្នោត បើសិនជាគ្មានដំណោះស្រាយទេនោះ។

សេចក្ដីថ្លែងការណ៍ដ៏វែងអន្លាយមួយ របស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃទី៤​ ខែសីហា និងដែលធ្លាក់មកដៃអ្នកសារព័ត៌មាន បានបញ្ជាក់ពីមូលហេតុចំនួនពីរ ដែលនាំទៅដល់ការបដិសេធនេះ។ ទីមួយ ចំនួនពលរដ្ឋដែលចេញទៅបោះឆ្នោត មិនមានចំនួនដូចការប្រកាស របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទីពីរ ពលរដ្ឋដែលបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា មិនមានចំនួនរហូតជាង ៨៧% ដូច្នេះឡើយ។

គណបក្ស ដែលហៅកាត់តាមភាសាអង់គ្លេស «KEDP» បានពន្យល់ថា ខ្លួនមិនចង់ធ្វើបាតុកម្ម-កូដកម្មទេ ដោយចាត់ទុក ការធ្វើបាតុកម្ម-កូដកម្ម ថាជា«ចំណុចសម្លាប់ជាតិ» តែចាំបាច់ត្រូវ​ក្រោកតវ៉ា សុំឲ្យ​«រដ្ឋាភិបាល​អនុវត្ត​ច្បាប់ តាមរដ្ឋធម្មនុញ្ញ ដើម្បីលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»។

សេចក្ដីថ្លែងការណ៍ ដែលសរសេរមាន​កំហុស​អក្ខរាវិរុទ្ធជា​ច្រើន បានបញ្ជាក់ថា៖ «បើរាជរដ្ឋាភិបាល មិនមានដំណោះស្រាយទេ នៅក្រោយថ្ងៃប្រកាសលទ្ធផល នៃការបោះឆ្នោត គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលជាបក្សប្រឆាំង សុំធ្វើបាតុកម្មតវ៉ា មិនទទួលយកលទ្ធផលជាផ្លូវការ»។

ជំហរក្នុងពេលនេះ របស់គណបក្សខ្មែរអភិវឌ្ឍន៍​សេដ្ឋកិច្ច បានដើរផ្ទុយពីអ្វី ដែលប្រធានគណបក្ស លោក ហួន រាជចំរើន ធ្លាប់បានប្រកាស នៅរដ្ឋសភា កាលពីចុងខែវិច្ឆិកា បន្ទាប់ពីទទួលបាន «កៅអីជ័យភណ្ឌ មួយកៅអី» បណ្ដាលមកពីការរំលាយ គណបក្សសង្គ្រោះជាតិ។ លោក ហួន រាជចំរើន បានថ្លែងនៅពេលនោះថា គណបក្សលោក ជាគណបក្សប្រឆាំង ដែលប្រកាន់ខ្ជាប់នូវរដ្ឋធម្មនុញ្ញ ដោយមិនលំអៀង និងមិនធ្វើអ្វីប្រាសចាក ដូចគណបក្សសង្គ្រោះជាតិមុនឡើយ។

ថ្លែងបន្ទាប់ពីចេញ ពីអង្គប្រជុំសភា​លើកដំបូង​របស់ខ្លួន ក្នុងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានគណបក្សរូបនេះ បានបញ្ជាក់ដូច្នេះ​ថា៖ «យើងត្រូវប្រកាន់ខ្ជាប់ខ្ជួន មិនឲ្យមានបាតុកម្ម កូដកម្ម អ្វីៗទាំងអស់ ជាដាច់ខាត»។

គឺលោក ហួន រាជចំរើន នេះហើយ ដែលចេញមុខមកព្រមាន ប្រហាក់​ប្រហែលគ្នាដែរ បន្ទាប់ពីការបោះឆ្នោតជាតិ ឆ្នាំ២០១៣ ថាខ្លួននឹងដឹកនាំធ្វើ​បាតុកម្ម ប្រឆាំងបាតុកម្ម​​ជាច្រើនដង របស់គណបក្សសង្គ្រោះជាតិ។ កាព្រមាននោះ ធ្វើឡើងក្នុងសន្និសីទ​សារព័ត៌មាន​មួយ ក្នុងថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៣ ដោយមានការចូលរួម ពីមន្ត្រីរដ្ឋាភិបាល និងមានការផ្សព្វផ្សាយ យ៉ាងសម្បើមដៃ ដោយប្រព័ន្ធផ្សព្វផ្សាយ ស្និតនឹងរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​នោះផង។

លោកបណ្ឌិត កែម ឡី បានប្រតិកម្មនៅពេលនោះ តបនឹងការព្រមាន ធ្វើ​បាតុកម្ម​ប្រឆាំងបាតុកម្ម របស់លោក ហួន រាជចំរើន ដូច្នេះថា៖ «នៅក្នុងបញ្ហានេះ មាន​អ្នកនិពន្ធតែមួយទេ តែមានតួអង្គសម្តែង ប្លែកៗគ្នាច្រើន»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...