ស៊ុយអែដ​ថា​ការបោះឆ្នោត​ជាតិ​នៅ​កម្ពុជា ខ្វះ​ភាព​ស្រប​ច្បាប់

ប្រទេសស៊ុយអែដ ដែលមានក្រុមហ៊ុនម្ចាស់យីហោជាច្រើន ទិញសម្លៀកបំពាក់ ពីរោងចក្រវាយនភ័ណ្ឌកម្ពុជានោះ បានធ្វើប្រតិកម្មរបស់ខ្លួន ដោយចាត់ទុកការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅនេះ ថាជាការបោះឆ្នោតខ្វះភាពស្របច្បាប់។ ប្រតិកម្មនេះ ធ្វើឡើងតាមរយៈរដ្ឋមន្ត្រីការបរទេស របស់ប្រទេសស៊ុយអែដ អ្នកស្រី ម៉ារហ្គោ វ័លស្ទ្រម (Margot Wallström)។
ស៊ុយអែដ​ថា​ការបោះឆ្នោត​ជាតិ​នៅ​កម្ពុជា ខ្វះ​ភាព​ស្រប​ច្បាប់
អ្នកស្រី ម៉ារហ្គោ វ័លស្ទ្រម រដ្ឋមន្ត្រីការបរទេសនៃប្រទេសស៊ុយអែដ នៅក្នុងការថ្លែងមួយ របស់អ្នកស្រី ធ្វើឡើងនៅមហាសន្និបាតអង្គការសហប្រជាជាតិ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៦ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 07, 2018
  • ប្រធានបទ: បោះឆ្នោត​ជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅកម្ពុជា ដែលប្រព្រឹត្តិទៅ កាលពីថ្ងៃទី២៩ ខែកក្កដានេះ ត្រូវបាន​ប្រទេស​ស៊ុយអែដ​មួយ​ទៀត ប្រកាសមិនទទួលស្គាល់ ដោយ​ចាត់ទុក​ការបោះឆ្នោត​មួយនេះ ខ្វះភាពស្របច្បាប់។ រដ្ឋមន្ត្រីការបរទេសស៊ុយអែដ អ្នកស្រី ម៉ារហ្គោ វ័លស្ទ្រម (Margot Wallström) បានបង្ហាញពីជំហរខាងលើនេះ តាមរយៈសារមួយរបស់អ្នកស្រី ដែលបង្ហោះ នៅលើបណ្ដាញសង្គម កាលពីចុងសប្ដាហ៍កន្លងមកនេះ។

ប្រមុខការទូតស៊ុយអែដ បានបញ្ជាក់ឡើងថា៖ «កង្វះភាពស្របច្បាប់ នៅក្នុងការបោះឆ្នោតជាតិ នៅកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា។ គណបក្សប្រឆាំងដ៏សំខាន់ ត្រូវបានបង្ខំឲ្យរំលាយ និងមិនអនុញ្ញាត ឲ្យចូលរួមប្រកួតប្រជែង។ ប្រទេសស៊ុយអែដ និងសហភាពអឺរ៉ុប អំពាវនាវយ៉ាងទទូច ឲ្យកម្ពុជាស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។»។

នេះ ជាប្រតិកម្មថ្មីមួយទៀត របស់សមាជិកដ៏សំខាន់មួយ របស់សហភាពអ៊ឺរ៉ុប បន្ទាប់ពីប្រតិកម្មដែលធ្វើឡើង បន្តបន្ទាប់គ្នា ពីសំណាក់ប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស និងជាពិសេស ពីសំណាក់សហភាពអ៊ឺរ៉ុបផ្ទាល់តែម្ដង។ ប្រតិកម្មទាំងអស់នោះ ទោះមានលក្ខណៈ តាមបែបការទូត ឬដោយត្រង់ៗក្ដី តែវានៅតែជាប្រតិកម្ម ដែលបង្ហាញពីមន្ទិល ទៅលើលទ្ធផលនៃការបោះឆ្នោតមួយនេះ ដែលផ្ដល់ជ័យជំនះ និងអសនៈសភា សឹងតែទាំងស្រុង ទៅឲ្យគណបក្សប្រជាជនកម្ពុជា របស់នាយករដ្ឋមន្ត្រីផុតអាណត្តិ លោក ហ៊ុន សែន។

សម្រាប់ប្រទេសស៊ុយអែដផ្ទាល់ ប្រតិកម្ម​ដែលមាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នានេះ មិនមែនទើបកើតឡើង ជាលើកទីមួយនោះទេ។ កាលពីចុងខែ​តុលា ឆ្នាំ២០១៧ កន្លងទៅ ​ប្រទេស​ស៊ុយអែដ​ បាន​ព្រមានប្រទេសកម្ពុជារួចហើយ តាមរយៈការ​​ផ្អាក​ជំនួយ​ថ្មី​ៗទៀត រវាង​រដ្ឋាភិបាល ​និង​រដ្ឋាភិបាល ​ដល់ប្រទេស​កម្ពុជា លើកលែងតែ​ក្នុង​វិស័យ​សិក្សា​អប់រំ ​និង​ការ​ស្រាវ​ជ្រាវ។ វិធានការនោះ ជាការឆ្លើយតប​ទៅនឹង​ព្រឹត្តិការណ៍​​ជាច្រើន ដែលបានកើតឡើង នៅក្នុងប្រទេសកម្ពុជា ដូចជា ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការរឹតត្បិតទៅ​លើអង្គការសង្គមស៊ីវិល ការចាប់ខ្លួនប្រធានគណបក្សប្រឆាំង លោក កឹម សុខា និងដំណើរឈាន​ទៅរំលាយគណបក្សប្រឆាំង (នៅគ្រានោះ) ជាដើម។

លោក អេនឌ្រីស ចូហានសុន (Andreas Johansson) អនុប្រធាន​ផ្នែក​សហ​ប្រតិបត្តិ​ការអភិវឌ្ឍ​ នៃស្ថានទូត​ស៊ុយអ៊ែត ហៅ​កាត់​ថា SIDA ប្រចាំក្នុងរាជធានីភ្នំពេញ បានពន្យល់ថា ជំនួយរបស់ប្រទេសស៊ុយអែត មានកម្រិតជាទឹកប្រាក់ ប្រមាណជា ១០០លានដុល្លារ សម្រាប់យកមកប្រើប្រាស់ នៅក្នុងវិស័យចំនួនបី នៅក្នុងប្រទេសកម្ពុជា ដែលរួមមាន ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស - ការងារ និង​សិក្សាអប់រំ - និងបរិស្ថាន និង​បម្រែបម្រួលអាកាសធាតុ។

ប៉ុន្តែ ការព្យួរជំនួយស៊ុយអែដ ត្រូវបានមន្ត្រីរដ្ឋាភិបាល ប្រតិកម្មតប​វិញ នៅពេលនោះថា ជាការប្រមាថ និងជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុង នៃរដ្ឋអធិបតេយ្យមួយ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងឡើងថា៖ «សកម្មភាពនេះ មិនអាចឲ្យរាជរដ្ឋាភិបាល ទទួលយកបានឡើយ»។

ក្រៅពីជំនួយ ប្រទេសស៊ុយអែដ​នៅមានក្រុមហ៊ុន​ម្ចាស់យីហោធំៗមួយចំនួន ដូចយ៉ាងក្រុមហ៊ុន «H&M» ដ៏ល្បី ដែលបានទិញសម្លៀកបំពាក់ ពីរោងចក្រវាយនភ័ណ្ឌជាច្រើន ក្នុងប្រទេស​កម្ពុជា។ ការបញ្ជាទិញរបស់បណ្ដាក្រុមហ៊ុនទាំងនោះ បានផ្ដល់​ការងារ និងប្រាក់ចំណូល ទៅឲ្យ​កម្មករ​កម្មការិនីខ្មែរ និងក្រុមគ្រួសារបស់ពួកគេ រាប់សិបម៉ឺននាក់ និងជាពិសេស ជួយដល់សេដ្ឋកិច្ចកម្ពុជា ឲ្យមានសន្ទុះទៅមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...