ហ៊ុន សែន ព្រមាន សម រង្ស៊ី ឲ្យ​សុំ​ទោស​​រឿង​កាដាហ្វី ដើម្បី​បាន​សុខ​

ជាថ្មីម្ដងទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើរសារនយោបាយ ខ្លាំងក្លាមួយ ទៅ​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បាន​ទាមទារ​ឲ្យ មេ​ដឹកនាំ​ប្រឆាំង​ធំ​ជាង​គេ នៅក្នុងប្រទេសកម្ពុជារូបនេះ ធ្វើ​ការ​«សុំ​ទោស» ក្នុង​ករណី​នៃការប្រៀបធៀប លោក ហ៊ុន សែន ទៅនឹងអតីតមេដឹកនាំផ្ដាច់ការ របស់ប្រទេសលីប៊ី លោក កាដាហ្វី។ បើគ្មានការ​សុំទោស​ទេ លោក ហ៊ុន សែន បានព្រមានថា លោក សម រង្ស៊ី នឹង​មិន​អាច​«ស្រួល» ជា​មួយ​លោក បាន​ឡើយ។
ហ៊ុន សែន ព្រមាន សម រង្ស៊ី ឲ្យ​សុំ​ទោស​​រឿង​កាដាហ្វី ដើម្បី​បាន​សុខ​
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតសហការី)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៦ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 26, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មើលទៅ ការប្រៀបធៀបលោក ហ៊ុន សែន ទៅនឹងលោក កាដាហ្វី អតីតមេដឹកនាំផ្ដាច់ការ របស់ប្រទេសលីប៊ី បានធ្វើឲ្យកំហឹងលោក ហ៊ុន សែន ផ្ទុះឆេះងំ រហូតមកដល់ពេលនេះ ហើយមិនអាចមានអ្វី មកពន្លត់ក្រៅពី​«ការ​សុំអភ័យទោស» នោះឡើយ។ លោក ហ៊ុន សែន បានថ្លែងដោយក្ដី​ទោមនស្ស យកកិច្ចសម្ភាសរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ទៅឲ្យសារព័ត៌មានបារាំង «Libération» កាលពីប៉ុន្មានខែមុន មក​ពន្យល់​​រៀប​រាប់ជាថ្មី ថាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និង​គ្រួសារ​លោក ដោយ​មិនអាច​អត់​អោន​ឲ្យ​បាន និង​ទាម​ទារ​ឲ្យម្ចាស់សម្ដី ធ្វើការ«សុំទោស»លោក។

នៅចំពោះពលរដ្ឋខ្មែរ-បារាំង និងនិស្សិតខ្មែរ ប្រមាណជា៧០០នាក់ (តួលេខផ្ដល់ដោយអ្នករៀបចំ) ដែល​ចូលរួម ក្នុងពិធីសំណេះសំណាល ថ្ងៃទី២៥ ខែតុលា នា«Maison de la chimie» ស្ថិត​នៅ​កណ្ដាល​រដ្ឋធានី​ប៉ារីស ប្រទេស​បារាំងនោះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ របស់កម្ពុជា បានថ្លែងឡើង​ខ្លាំងៗ​ថា៖ «បើកមើល​កាសែត "Libération" (...) វាប្រៀបធៀបខ្ញុំ ទៅជាមួយកាដាហ្វី។ ខ្ញុំ អារឿងណ្នឹងមួយ ផ្ញើរ​សារ​ទៅ រង្ស៊ី - បើមិន​សុំទោសខ្ញុំទេ រង្ស៊ី ឯងនៅតែមិនអាចស្រួល ជាមួយខ្ញុំ។» មុននឹងរំលឹកសំដីរបស់លោក ដែល​បាន​និយាយ កាល​ពីចុងខែសីហារួចហើយថា៖ «មុនអញក្លាយទៅជា កាដាហ៊្វី ឯង​ងាប់​មុន​អញ»។

«ហើយបើអ្នកឯង ចង់ធ្វើបដិវត្តន៍ពណ៌ ធ្វើក្ដាមឈូសឲ្យហើយទៅ»

នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកការថ្លែងរបស់មេដឹកនាំប្រឆាំង ទៅឲ្យសារព័ត៌មានបារាំង ជុំវិញទំនាក់ទំនង​ក្នុងគ្រួសារ​ទាំងសងខាង ក្នុងពេលកន្លងមក ថាជាការប្រមាថមួយ។ លោក ហ៊ុន សែន បានលើកយក ការ​ទាក់​ទងសារ SMS តាមទូរស័ព្ទ រវាងលោក និងលោក សម រង្ស៊ី មករំលឹកឡើងថា គឺកូនៗរបស់លោក សម រង្ស៊ី ទេ ដែលបានធ្វើដំណើរ ពីក្រៅប្រទេស ទៅទទួលទានអាហារជុំគ្នា ជាមួយនឹងលោក និងគ្រួសារកូនចៅលោក។ តែ​មិន​មែនកូនចៅលោក ធ្វើដំណើរពីកម្ពុជា ទៅទទួលអាហារនៅក្រៅប្រទេស ជាមួយកូនៗរបស់លោក សម រង្ស៊ី នោះ​ឡើយ។

កំដៅនយោបាយកម្ពុជា បានកើនឡើងខ្លាំង នៅក្នុងរយៈពេលចុងក្រោយនេះ ដែលធ្វើឲ្យមេដឹកនាំនយោបាយ​កម្ពុជា បានថ្លែងសារ«បញ្ឆិតបញ្ឆៀង»ដាក់គ្នា ទៅវិញទៅមក ជាបន្តបន្ទាប់។ នៅក្នុងរដ្ឋធានីប៉ារីស ប្រទេស​បារាំង រលកបាតុកម្មប្រឆាំងលោក ហ៊ុន សែន បានកើតឡើង ពីរថ្ងៃជាប់គ្នា។ កាលពីថ្ងៃសៅរ៍ ទី២៤ ខែ​តុលា ឆ្នាំ​២០១៥ គណៈកម្មការព្រំដែនកម្ពុជា នៅបរទេស របស់លោក ស៊ាន ប៉េងស៊ែ បានរៀបចំធ្វើ​បាតុកម្ម​មួយ នៅ​លើ​ទីលានត្រូកាដេរ៉ូ ជិតតួរអេហ្វែល ដោយមានការចូលរួម ពីបណ្ដាជនប្រមាណជា ៣០០នាក់ (តួ​លេខ​ប៉ាន់​ប្រមាណ)។ បាតុកម្មនោះ បានទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន គោរពឲ្យបានខ្ជាប់ខ្ជួន​សន្ធិ​សញ្ញា​សន្តិភាព​ ក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយបាតុករជាច្រើន បានទាមទារឲ្យលោក ហ៊ុន សែន ចុះចេញ​ពី​តំណែង។

នៅថ្ងៃទី២៥ ខែតុលានេះដែរ ក្រុមបាតុករប្រឆាំងលោក ហ៊ុន សែន បានបន្តជួបជុំគ្នាទៀត នៅមិនឆ្ងាយ​ប៉ុន្មាន ពីពិធីសំណេះសំណាល ជាមួយនាយករដ្ឋមន្ត្រីកម្ពុជានោះឡើយ។ ក្រុមបាតុករបានបរិហា ដោយធ្វើការ​ស្រែក​កងរំពង ព្រមទាំងមានសរសេរអក្សរធំៗ ដាក់ជាភាសាខ្មែរ បារាំង អង់គ្លេស ដែលមានន័យថា៖ «ហ៊ុន សែន ចុះចេញ» «ហ៊ុន សែន ជនផ្ដាច់ការ» «ហ៊ុន សែន ម៉ាហ្វីយ៉ា» ជាដើម។

តែរលកបាតុកម្មទាំងនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ថា ជា​ការ​រៀបចំ​ឡើង របស់គណបក្ស«ប្រឆាំង» ដើម្បីទិសដៅ«នយោបាយ»។ ដោយហេតុនេះហើយ ទើបមាន​បាតុកម្ម​មួយទៀត ផ្ទុះឡើងនៅរាជធានីភ្នំពេញ ក្នុងថ្ងៃទី២៦ ខែតុលានេះ ដើម្បីប្រឆាំងនឹងគណបក្ស​សង្គ្រោះ​ជាតិ និងសុំឲ្យដកតំណែងអនុប្រធានទីមួយ នៃរដ្ឋសភា ពីលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះ​ជាតិ។ នេះបើតាមការអះអាង របស់លោក ហ៊ុន សែន ខ្លួនលោក នៅក្នុងពិធីសំណេះសំណាងដដែលនោះ។ លោក​នាយករដ្ឋមន្ត្រី បានថ្លែងឡើងថា៖ «ថ្ងៃស្អែក (ថ្ងៃទី២៦ ខែតុលា) មិនដឹងមានរឿងអ្វី នៅទីក្រុងភ្នំពេញទេ។ គ្រាន់​តែដឹងថា (នៅ) ភ្នំពេញ មានបាតុកម្មហើយ។ ព្រោះដោយសាររឿងអ្នកឯង មកបង្កើតបាតុកម្ម នៅទីនេះ (នៅ​ប៉ារីស)។»

«តើ"វប្បធម៌"សន្ទនានឹងត្រូវស្លាប់ឬ»

សូមរំលឹកជូនដែរថា ការលើកឡើង ទាក់ទងនឹងលោក កាដាហ្វី អតីតមេដឹកនាំផ្ដាច់ការ នៃប្រទេសលីប៊ី ជា​ចម្លើយ​របស់លោក សម រង្សី ទៅនឹងសំណួរ របស់អ្នកសារព័ត៌មានបារាំង ដែលសួរថា៖ «ជាមួយនឹងការ​ផ្ដន្ទា​ទោស ទៅលើ​សកម្មជននយោបាយ មកពីបក្សប្រឆាំងទាំង១១នាក់ តើ"វប្បធម៌"សន្ទនានឹងត្រូវស្លាប់ឬ»?

លោក សម រង្ស៊ី បាន​ឆ្លើយ (ជាការបកប្រែ ក្រៅផ្លូវការ) ថា៖ «ទេ។ ដំណើរការនៃ​ការ​បោះឆ្នោត នៅបន្ត​រៀបចំ ​ជា​មួយ​​ការចុះឈ្មោះនៃអ្នកបោះឆ្នោត និង​ការរៀបចំ បញ្ជីឈ្មោះ​បោះឆ្នោត​ថ្មីមួយ។ យើង​​មានការ​អត់ធ្មត់ ព្រោះ​យើង​ជឿជាក់ ទៅលើអ្វីដែលកើតឡើង នៅពេលអនាគត។ (...) វប្បធម៌សន្ទនា មាន​រូបរាងនៅ​ពេល​នេះ ​ក៏​ដើម្បី​ជា​ការធានា សម្រាប់ក្រុម ឬបក្សមួយទៀតដែរ។ ប្រសិនជាគណបក្សប្រឆាំង ឡើង​កាន់​អំណាច​នោះ របបលោក ហ៊ុន សែន បារម្ភពីការប្រមាញ់ - ពីការកំចាត់ - ពីការរៀបចំនីតិវិធីច្បាប់ តាម​ចាប់​ចង ព្រោះ​របប​នេះ បាន​​ប្រព្រឹត្តិ នូវឧក្រិដ្ឋកម្ម​ជាច្រើន។ លោក ហ៊ុន សែន ភ័យខ្លាច​នឹងការទទួលវាសនា ដូច​​លោក កាដាហ្វី។ លោក​មិន​ចង់បាន ការសងសឹកនោះទេ។ លោកចង់ឲ្យកូនចៅជំនាន់ក្រោយ ទាំង​សង​ខាង អាច​​​ធ្វើ​ការ​​ជាមួយ​​គ្នា។ យើង​រៀបចំគម្រោង សម្រាប់ថ្ងៃអនាគត។ (...) គេត្រូវបង្កើត នូវការធានា​ដ៏​ពិត​ប្រាកដ ដើម្បី​​​ឲ្យ​​ការ​​ផ្លាស់​ប្ដូរ​​អំណាច អាច​ធ្វើ​ទៅ​បាន ដោយ​គ្មាន​អំពើ​ហិង្សា។»៕


» វីដេអូទាក់ទងនឹងសារនយោបាយ របស់លោក ហ៊ុន សែន៖

------------

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...