ហ៊ុន សែន ចំអកឲ្យក្រុមសង្គមស៊ីវិល ថាមានជំងឺ«តួឯក»
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី១០ មីនា ២០១៥
- កែប្រែចុងក្រោយ: March 10, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ដោយសារតែលង់ ដោយជំងឺតួឯក ហើយមានអង្គការខ្លះ គេធ្វើពហិការ» នេះជាការថ្លែងរិះគន់ របស់នាយករដ្ឋមន្ត្រីបីទសវត្សន៍របស់កម្ពុជា លោក ហ៊ុន សែន ដើម្បីចំអកទៅ ក្រុមអង្គការសង្គមស៊ីវិល ដែលមិនបានចូលរួច ក្នុងអង្គសិក្ខាសាលា ពិគ្រោះយោបល់ ទាក់ទងនឹងច្បាប់បោះឆ្នោតថ្មី ដោយធ្វើការប្រៀបធៀប អង្គការសង្គមស៊ីវិលទាំងនោះ ថាមាន«ជំងឺតួឯក»។
ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យមឆ្នាំ២០១៤ សិក្ខាកាមមន្ត្រីមធ្យម នៃក្រសួងបរិស្ថាន និងបើកវគ្គបណ្តុះ បណ្តាល ឆ្នាំ២០១៥ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៥ នៅវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ម្សិលមិញសិក្ខាសាលា អំពីច្បាប់បោះឆ្នោត ដែលមានការសម្របសម្រួល ដោយគណបក្សទាំងពីរ ដោយសារតែលង់ដោយជំងឺតួឯក ហើយមានអង្គការខ្លះ គេធ្វើពហិការ»។
ក្នុងសិក្ខាសាលា ពិគ្រោះយោបល់ ថ្នាក់ជាតិ ដែលរៀបចំឡើង នៅរដ្ឋសភាជាតិ កាលពីថ្ងៃទី០៩ មីនា ម្សិលម៉ិញនេះ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថាអឺរ៉ា (ERA) ដែលមានអង្គការសង្គមស៊ីវិល ចំនួនជាង៦០អង្គការ-សមាគម បានធ្វើពហិការ មិនចូលរួមក្នុងសិក្ខាសាលានេះទេ។
លោក ហ៊ុន សែន បានបន្ថែមទៀតថា៖ «ស្មានថាធ្វើពហិការហ្នឹង គេងាប់អី? ធ្វើទៅ? ឥឡូវឮថា បើអញ្ជើញលើកក្រោយគេនឹងទៅ។ គ្មានពេលទេ! ទៅឬមិនទៅ ជារឿងរបស់លោកឯងទេ។ គ្មាននរណា គេតម្រូវចិត្តរបស់លោកឯងប៉ុន្មាននាក់នោះទេ។»។
សម្រាប់មន្ត្រីអង្គការសង្គមស៊ីវិលវិញ បានចាត់ទុកការធ្វើសិក្ខាសាលា នៅរដ្ឋសភា ដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជានោះ គ្រាន់តែជាឆាកល្ខោនឲ្យល្អមើលតែប៉ុណ្ណោះ។ ក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងថា ពហិការមិនចូលរួមក្នុងសិក្ខាសាលា របស់ពួកគេ ដោយសារតែក្រុមការងារគណបក្សទាំងពីរ មិនបានផ្ដល់របៀបវារៈជាមុន។ ដោយសារកង្វះរបៀបវីរៈនេះ បានធ្វើឲ្យក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ចាត់ទុកសិក្ខាពិគ្រោះយោបល់នោះ គ្រាន់តែជាការធ្វើសន្និសិទកាសែត តែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថា មានអង្គការសង្គមស៊ីវិលខ្លះ បានចូលរួមសិក្ខាសាលា ថ្នាក់ជាតិមួយនេះដែរ។
ស្រង់សំដីដោយវិទ្យុអាស៊ីសេរី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី មានហៅពហិការ របស់មន្ត្រីអង្គការសង្គមស៊ីវិល ដែលមិនចូលរួមក្នុងសិក្ខាសាលានេះ ថាជាកាយវិការត្រឹមត្រូវ ព្រោះសិក្ខាសាលានេះ ជាសិក្ខាសាលាប្រថាប់ត្រា មិនមែនដើម្បីពិគ្រោះយោបល់នោះទេ។ លោក កែម ឡី ថ្លែងឡើងថា៖ «រៀបចំឡើងប្រថាប់ត្រាណ្នឹង រំលោភរដ្ឋធម្មនុញ្ញ។ ខ្ញុំគាំទ្រអង្គការក្រៅរដ្ឋាភិបាល ដែលមិនចូលរួមរដ្ឋាភិបាលមិនស្ដាប់ អ៊ិន.ជី.អូ (NGO) ហ្នឹង គឺមិនស្ដាប់យូរមកហើយ។»
បើតាមលោក ហ៊ុន សែន ច្បាប់ដែលគណបក្សទាំងពីរ កំពុងស្នើរឲ្យមានវិសោធនកម្មនោះ នឹងត្រូវអនុម័តដោយរដ្ឋសភាជាតិ ក្នុងពេលខាងមុខ បើទោះជាគ្មានវត្តមាន ឬការចូលរួមយោបល់ ពីក្រុមមន្ត្រីអង្គការសង្គមស៊ីវិលក៏ដោយ។ នៅក្នុងការថ្លែងដដែលនោះ នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានរួចជាស្រេចថា៖ «ប្រទេសមួយស្ថាប័នមួយ យន្តការមួយ គេមិនដែលឲ្យវាគាំងទេ។ គេរកវិធីធ្វើម៉េច មិនឲ្យគាំង រាប់ទាំងការបោះឆ្នោតទៀតសោត គេរកវិធីធ្វើមិនឲ្យវាគាំងទេ សូម្បីនៅក្នុងរដ្ឋធម្មនុញ្ញ ក៏គេមិនឲ្យវាគាំងដែរ។»
លោក ហ៊ុន សែន ថែមទាំងលើកយកឧទាហរណ៍ នៅឆ្នាំ២០០៣ និង ២០០៤ មកសួរថា តើកម្ពុជាងាប់ ឬទេ? រួចលោកបានឆ្លើយដោយខ្លួនឯងថា៖ «អត់ងាប់ទេ បើអាថ្មី វាមិនចេញ អាចាស់វាបន្ត។ អញ្ចឹងទេសម្រាប់អ្នកដឹកនាំស្ថាប័ន ទោះតូច ឬធំ កុំឲ្យមានជំអឺតួឯក ឲ្យសោះ»៕