កម្មករ​រោងចក្រ ខួយស៊ីង ថា​ក្រសួង​ការងារ​មិន​រវល់ ពី​ញត្តិ​ពួក​ខ្លួន

ក្រុមកម្មកររោងចក្រ ខួយស៊ីង ថាក្រសួងការងារ មិនបានបញ្ជូនញត្តិរបស់ពួកគាត់ ឲ្យទៅសាលាដំបូងរាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហានោះទេ បន្ទាប់ពីគាត់បានដាក់ញត្តិនេះ ឲ្យក្រសួងការងារតាំងពីថ្ងៃទី ៦ ខែ កុម្ភៈម្លេះ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ១០ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 10, 2015
  • ប្រធានបទ: កម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តុលាកាសាលាដំបូងរាជធានីភ្នំពេញ មិនទាន់បានទទួលញត្តិរបស់កម្មករ រោងចក្រ ខួយ ស៊ីង ដើម្បីអាចឲ្យតុលាការ ធ្វើការ​ពិចារណា ដោះស្រាយជម្លោះរបស់ពួកគាត់នោះ បាននៅឡើយ។ នេះជាការឆ្លើយតប របស់សាលាដំបូង ទៅនឹង​ការ​ទាមទារ​របស់កម្មករ  បន្ទាប់ពីពួកគេ បាននាំគ្នាទៅសួរនាំ អំពីដំណើរការ និងសុំឲ្យតុលាការ ពន្លឿនការដោះស្រាយ​បញ្ហា​របស់​ពួកគេ កាលពីព្រឹកថ្ងៃទី ១០ ខែ មីនានេះ។ បញ្ហារបស់ពួកគេ បានកើតឡើងដ៏រ៉ាំរ៉ៃ ដោយសារតែរោងចក្រ ខួយ ស៊ីង ស្ថិត​នៅ​ខ័ណ្ឌច្បាអំពៅ បានបិទរោងចក្រ លែងដំណើរការ ហើយមិនមានប្រាក់សំណង និងប្រាក់អត្ថប្រយោជន៍ សម្រាប់​ក្រុម​កម្មករ​នោះ។

ជុំវិញការឆ្លើយបដិសេធន៍ របស់សាលាដំបូងនេះ ត្រូវបានក្រុមកម្មករចោទ ទៅក្រសួងការងារថា មិនបានបញ្ជូនញត្តិ​របស់​ពួកគេ មកឲ្យសាលាដំបូង ដើម្បីធ្វើការដោះស្រាយនោះឡើយ។ អ្នកស្រី សែម មុន្ថា អតីតកម្មកររោងចក្រ ខួយ ស៊ីង បាន​ថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បន្ទាប់ពីក្រុមអ្នកស្រី បាននាំគ្នាទៅសាកសួរតុលាការនោះថា មន្ត្រីរបស់សាលា​ដំបូង បានស្រាវជ្រាវរកឯកសាររបស់ពួកគាត់ ប៉ុន្តែមិនមានឃើញញត្តិ ដែលពួកគាត់បានដាក់ តាមរយៈក្រសួងការងារ​នោះទេ។ អ្នកស្រីថា ក្រុមអ្នកស្រីបានដាក់ញត្តិមួយបន្ថែមទៀត បន្ទាប់ពីមន្ត្រីទាំងនោះ រកញត្តិមិនឃើញ ប៉ុន្តែតុលាការ​មិនទទួលយកនោះទេ ដោយយោងមូលហេតុថា ញត្តិនោះជាឯកសារចំលង មិនមែនជាឯកសារដើម។

នេះជាក្ដីអស់សង្ឃឹមមួយថ្មីទៀត ក្រោយពីក្រុមកម្មករទាំងនេះ បានរង់ចាំការកោះហៅ ពីសំណាក់តុលាកា ដើម្បីធ្វើការ​ដោះស្រាយជូនពួកគាត់នោះ។ អ្នកស្រី សែម មុន្ថា បានប្រាប់ទស្សនាវដ្តីទៀតថា កាលពីថ្ងៃទី ០៦ ខែកុម្ភៈកន្លងទៅនេះ អ្នកស្រី និងកម្មកររោងចក្រ ខួយ ស៊ីង ជាង ២០០នាក់ បានយកញតិ្តទៅដាក់នៅក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ ដើម្បីឲ្យក្រសួង ជួយធ្វើអន្តរាគមន៍ ពាក់ព័ន្ធនឹងប្រាក់សំណង និងប្រាក់អត្ថប្រយោជន៍មួយចំនួន ដែលរោងចក្រ ខួយ​ស៊ីង បានបិទទ្វា ដោយមិនទាន់បានបើកជូនកម្មករ។ នៅទីនោះ ក្រសួងបានសន្យាថា នឹងបញ្ជូនញត្តិរបស់ពួកគាត់ ទៅ​ដាក់​នៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពន្លឿនការដោះស្រាយ លើបញ្ហានេះ។

មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំការស្រាយបំភ្លឺករណីនេះ បាននៅ​ឡើយ។ ប៉ុន្តែតើតាមតំណាងកម្មករ អ្នកស្រី សែម មុន្ថា បានអះអាងថា ក្រសួងការងារបានផ្តល់ព័ត៌មានមកថា នៅថ្ងៃទី ១២ ខែមីនានេះ ក្រសួងនឹងផ្តល់ដំណឹង អំពីដំណោះស្រាយរបស់ពួកគាត់ ជាមិនខាន។

យ៉ាងណាក៏ដោយ ក៏ក្រុមកម្មករ ខួយ ស៊ីង បានធ្វើការអំពាវនាវ ទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័ន​ពាក់ព័ន្ធមួយចំនួនទៀត ឲ្យជួយធ្វើអន្តរាគមន៍ ដើម្បីឲ្យនយោជកអនុវត្តតាមផ្លូវច្បាប់ ចំពោះការបើកប្រាក់អត្ថប្រយោជន៍ ជូនកម្មករ ព្រោះកន្លងមកកម្មករ កម្មការនី មិនដែលរំលោភច្បាប់នោះទេ សូម្បីតែការទាមទាររបស់ពួកគាត់ ក៍ពួកគាត់ធ្វើ​ទៅ​តាម​ផ្លូវច្បាប់ដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...