អ្នក​​ភូមិ​បឹង​កក់ និង​ព្រះសង្ឃ​នឹង​​​បន្ត​បាតុកម្ម​ បើ​គ្មាន​​​ដំណោះ​ស្រាយ

បន្ទាប់ពីត្រូវបានកងកម្លាំងរបស់អាជ្ញាធរវាយបំបែក ពីមុខសាលារាជធានី កាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៣នោះមក ក្រុមអ្នកទាមទារតវ៉ាមកពីភូមិបឹងកក់ ទំនងជាមិនបានដកទ័ពថយនោះទេ។ ពួកគេទាំងនោះ រួមទាំងព្រះសង្ឃផង បានប្ដេជ្ញាថានឹងបន្តការទាមទាររបស់គេតទៅទៀត។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: December 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីត្រូវបានកងកម្លាំងរបស់អាជ្ញាធរវាយបំបែក ពីមុខសាលារាជធានី កាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៣នោះមក ក្រុមអ្នកទាមទារតវ៉ាមកពីភូមិបឹងកក់ ទំនងជាមិនបានដកទ័ពថយនោះទេ។ ពួកគេទាំងនោះ រួមទាំងព្រះសង្ឃផង បានប្ដេជ្ញាថានឹងបន្តការទាមទាររបស់គេតទៅទៀត។


រនាំងដែក និងកងកម្លាំងការពារសន្តិសុខ នៅមុខសាលារាជធានីភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.infO/ Senghong)

វិវាតដីធ្លី - ការប៉ះទង្គិចកាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ រវាងកងកម្លាំងអាជ្ញាធរ និងពលរដ្ឋអ្នកតវ៉ា ដែល​បណ្តាល​ឲ្យ​មាន​ជនរងរបួស​ចំនួន​ប្រាំពីរ​នាក់ ក្នុងនោះរួមមានលោកសង្ឃពីរអង្គ ស្រ្តីពីរនាក់ និងបុរសបីនាក់។ បន្ទាប់មក នៅមុខ​រនាំង​ដែកដាក់ឃាំង​ដោយ​អាជ្ញាធរ ព័ទ្ឋជុំវិញបរិវេណសាលារាជធានីនោះ ក្រុមអ្នកតវ៉ាបានបន្តការទាមទារ និងបាន​ធ្វើការផ្តោលទោស ចំពោះ​ទង្វើរហិង្សានៃក្រុមសន្តិសុខខណ្ឌដូនពេញទាំងនោះ មកលើពួកខ្លួន។ ទោះបី​មានការ​តបតពាក្យសម្តីគ្នាបន្តិចបន្តួច រវាងអាជ្ញាធរជាមួយក្រុមអ្នកតវ៉ាក្តី តែមិនមែនបញ្ហាហិង្សាណាមួយ កើតឡើងបន្ថែម​ទៀតទេ។

ប៉ុន្តែដោយសារមានព្រះសង្ឃពីរអង្គបានរងរបួស ក្នុងការវាយបំបែករបស់កងកម្លាំងអាជ្ញាធរនោះ ម៉ោងប្រមាណ​ជា​មួយរសៀល មានព្រះសង្ឃកម្ពុជាក្រោមប្រមាណជា៧០អង្គ បាននិមន្ដមកធ្វើការតវ៉ាដែរ តែក្រុមព្រះសង្ឃទាំងនេះ មានបំណងទាមទារឲ្យខាងកងកម្លាំងខណ្ឌដូនពេញ ដែលបានវាយព្រះសង្ឃពីរអង្គឲ្យមានរបួសនោះ ធ្វើការសុំ​ទោស។ ស្ថានភាពនេះ បានឈានទៅដល់ផ្ទុះអំពើហិង្សាឡើងទៀត ដោយមានការរុញច្រានរនាំងដែក និងវាយ​កំទេច​​​កញ្ចក់បញ្ជររូបថតរបស់សាលារាជធានី។ ក្រុមព្រះសង្ឃតវ៉ា បានដកថយត្រឡប់ទៅវិញ ដោយមិនទទួល​បាន​ការ​សុំ​ទោសពីជនដៃដល់ ដែលបានវាយព្រះសង្ឃនោះទេ តែបានសន្យាថា នឹងត្រឡប់មកម្តងទៀត ដើម្បី​ឲ្យ​ខាង​អាជ្ញាធរ​ធ្វើការសុំទោស ឲ្យខាងតែបាន។

អ៊ំស្រី ង៉ែត ឈុន មានវ័យចំណាស់ជាងគេ ក្នុងចំណោមក្រុមអ្នកតវ៉ាទាំងអស់ បានបង្ហាញពីទឹកចិត្តរបស់គាត់ ប្រាប់​ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូឲ្យដឹងថា គាត់មានការឈឺចាប់ណាស់ ចំពោះទង្វើររបស់អាជ្ញាធរ ក្នុងការបង្ក្រាប​មក​លើក្រុមអ្នកតវ៉ាអតីតភូមិបឹងកក់ ដោយខែល និងដំបងឆក់បែបនេះ ខណៈពួកគាត់គ្មានអាវុធអ្វីសោះនៅក្នុងដៃ។ អ៊ំ​ស្រីបាននិយាយបន្ទោស ដល់កងកម្លាំងសន្តិសុខទាំងនោះ ដែលយកលេសសម្រួលចរាចរណ៏ តែគឺដើម្បីប្រើហិង្សា​មក​លើពួកគាត់ទាំងអស់គ្នាតែប៉ុណ្ណោះ។

អ៊ំស្រីបានអះអាងថា អ៊ំស្រីនៅ​តែ​ព្យាយាម​មកតវ៉ានៅមុខសាលារាជធានី លុះត្រាណាតែមាន​ដំណោះស្រាយកើត​មាន​ឡើង នូវអ្វីដែលខាងអាជ្ញាធរបានសន្យា ចំពោះអ្នកភូមិបឹងកក់គឺផ្តល់ប្លង់កម្មសិទ្ឋ វាស់ត្រឹមដី១២,៤៩ហិចតា នៃអនុក្រឹត្យលេខ១៨៣ និងផ្តល់ប្លង់កម្មសិទ្ឋិដល់ពួកគាត់ បានពួកគាត់សុខចិត្ត។

មកដល់ល្ងាចថ្ងៃដដែលនេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នៅមិនទាន់បានទទួលប្រតិកម្មពីសាលារាជធានីថា យ៉ាងណានៅឡើយ។ តែលោក​ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ត្រូវបានស្រង់សម្ដីដោយគេហទំព័រ CEN បាន​ឲ្យ​ដឹងថា សាលា​រាជធានី​ភ្នំពេញ​មានការ​សោកស្តាយ​ខ្លាំងណាស់ មិនគួរណា​ក្រុមអ្នកតវ៉ា​នេះ រួមទាំង​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ ហាក់ដូចជា​កំពុងតែ​ប្រព្រឹត្ត​អំពើ​អនាធិបតេយ្យ ​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​កាន់តែខ្លាំង​ទៅៗ រហូត​ឈានទៅដល់​ការប្រើប្រាស់​អំពើហិង្សា​គប់​ដុំថ្ម ចូលទៅក្នុង​សាលា​រាជធានី​ភ្នំពេញ។

ដោយឡែក លោក អំ សំអាត មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស មកពីអង្គការលីកាដូ ក៏បានសម្ដែង​ការសោកស្ដាយ​ដូចគ្នា ដែលមានការវាយប្រហារពីសំណាក់កងកម្លាំងអាជ្ញាធរ បណ្តាលឲ្យមានមនុស្សរបូសបែបនេះ។ មន្ត្រីសិទ្ធិ​មនុស្សរូបនេះ បានប្រាប់ទស្សនាវដ្តីថា ការធ្វើបែបនេះមិនមានចំណេញអ្វីដល់រដ្ឋាភិបាលទេ ប៉ុន្តែវានឹងបណ្តាល​ឲ្យមានការថ្កោលទោស ពីអន្តរជាតិថែមមួយកំរិតទៀត ចំណែកខាងសង្គមស៊ីវិលក៏មិនចង់ឃើញដែរ នូវការដោះ​ស្រាយ ដោយមានការរំលោភសិទ្ឋិរបស់ប្រជាពលរដ្ឋបែបនេះ។

លោក អំ សំអាត បានអំពានាវដល់អាជ្ញាធររាជធានីភ្នំពេញ ឲ្យដោះស្រាយឡើងវិញ ដើម្បីរកផលប្រយោជន៏​ជូន​ដល់ប្រជាពលរដ្ឋ ព្រោះការប្រើហិង្សាបែបនេះ មិនអាចធ្វើឲ្យស្ថានការណ៏ មានការធូរស្បើយបានឡើយ មិន​ខុស​ពី​ការ​ចាក់សាំងលើភ្លើងឡើយ។ លោកស្នើសុំអាជ្ញាធរគិតពិចារណា ដោះស្រាយបញ្ហានេះដោយសន្តិវិធី និង​មិន​លា​ប​ពណ៌គ្នា៕

----------------------------------------------
ដោយ៖ ក. សេងហុង ថ្ងៃ២៤ ខែធ្នូ ឆ្នាំ ២០១៣
រក្សាសិទ្ឋដោយ៖ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...