ទីប្រឹក្សា​វត្ត​សាមគ្គី​រង្សី គ្រោង​ប្តឹង​ចៅ​អធិការ​ទៅ​តុលាការ រឿង​ប្រើ​ហិង្សា (vdo)

ពាក្យបណ្តឹងមួយ ប្រឆាំងនឹងព្រះចៅអធិការវត្តសាមគ្គីរង្សី នឹងត្រូវដាក់ប្ដឹងទៅអាជ្ញាធរ និងតុលាការក្នុងពេលខាងមុខ ក្រោមបទចោទថា ព្រះសង្ឃអង្គនេះ បានគ្រប់គ្រងវត្តដោយអំពើហិង្សា។ ប៉ុន្តែវាជាពាក្យបណ្ដឹងមួយ ដែលបានធ្វើឡើង ស្របពេលដែលសាលារាជធានីភ្នំពេញ ត្រៀមចុះធ្វើរដ្ឋបាល នៅក្នុងវត្តមួយនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ហេង វុទ្ធី -ភ្នំពេញថ្ងៃទី៥ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 05, 2015
  • ប្រធានបទ: ជម្លោះសង្ឃ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព័ត៌មានមួយបានលើកឡើងបរិហា ពីការរគ្រប់គ្រងវត្តសាមគ្គីរង្សី ដោយព្រះចៅអធិការវត្ត ព្រះនាម សៀង សុវណ្ណារ៉ា និងគ្រូសូត្រឆ្វេង ថាបានគំរាមកំហែង បិទសិទ្ធិបញ្ចេញមតិ និងការប្រើប្រាស់អំពើហិង្សាលើព្រះអង្គផ្ទាល់ និងសង្ឃដទៃទៀត ហើយថានឹងត្រៀមពាក្យបណ្ដឹងមួយ ឡើងទៅអាជ្ញាធរ និងតុលាការ ដើម្បីស្វែងរកយុត្តិធម៌។

ព្រះតេគុណ សុទ្ធ ឆៃយ៉ា ដែលទើបមកគង់នៅក្នុងវត្តសាមគ្គីរង្សីនេះ ប្រមាណជាងមួយខែ បានសម្ដែងសង្ឃដីការប្រាប់ទស្សនាវដ្ដីថា ថ្នាក់ដឹកនាំវត្តសាមគ្គីរង្សីបានគំរាមកំហែង និងបង្ខំឲ្យផ្តិតមេដៃ លើលិខិតយល់ព្រមទទួលស្នាក់ នៅក្នុងវត្តត្រឹមតែ៦០ថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីនោះមក បានហាមឃាត់ព្រះអង្គ មិនឲ្យនិយាយស្តី ឬចាត់ចែងការងារអ្វីក្នុងវត្តនោះឡើយ។

ព្រះសង្ឃដែលមានព្រះជន្ម៤៥ ព្រះវស្សា ដែលមានងារជាទីប្រឹក្សាវត្ត បានបន្តថា ព្រះចៅអធិការវត្តនេះ បានតម្រូវឲ្យព្រះអង្គធ្វើអ្វី ទៅតាមការចង់បានរបស់គេ (ព្រះចៅអធិការ) តែត្រូវបានព្រះអង្គបដិសេធ ទើបបង្កឲ្យមានគំនុំ។ ព្រះអង្គមិនបានធ្វីអ្វីខុស ដូចការចោទប្រកាន់នោះឡើយ។ ហើយដើម្បីភាពយុត្តិធម៌ ព្រះអង្គនឹងដាក់ពាក្យបណ្តឹង ប្តឹងព្រះចៅអធិការ រូមទាំងគ្រូសូត្រឆ្វេង ក្នុងរឿងបរិហាកេរ្តិ៍ និងប្រើប្រាស់ហិង្សាមកលើព្រះកាយព្រះអង្គផ្ទាល់ ក៏ដូចជាសង្ឃ៨អង្គទៀត ទៅកាន់អាជ្ញាធរ និងតុលាការ។

ក្នុងព្រះនាមជាទីប្រឹក្សាវត្ត ព្រះសង្ឃអង្គនេះបានបញ្ជាក់ថា ព្រះអង្គមិនចេះប្រើហិង្សាទេ តែព្រះអង្គចេះសម្របសម្រួល ហើយរឿងវិវាទរវាងសង្ឃជាច្រើន ដែលមានមិនចេះចប់មិនចេះហើយ ត្រូវបានព្រះអង្គដោះស្រាយ ដោយចំណាវពេលរហូត«ពីរឆ្នាំ» ដែលខុសពីឯព្រះសង្ឃ សៀង សុវណ្ណារ៉ា ដែលគ្មានលទ្ធភាពក្នុងការដោះស្រាយ។

ព្រះសង្ឃ សុទ្ធ ឆៃយ៉ា បានបន្តសង្ឃដីកាថា៖ «អាត្មាសម្របសម្រួលឲ្យព្រះសង្ឃត្រូវរ៉ូវគ្នា ប្រើរយៈពេលពីរឆ្នាំ។ សុវណ្ណារ៉ា បញ្ជាមិនបានទេ។ សុវណ្ណារ៉ា គេរកគ្រប់រូបភាព គម្រាម សម្លាប់ អាត្មាការពារទាំងអស់។ (...) រយៈកាលចុងក្រោយ មានជនភៀសខ្លួនចូលមកនេះ លោកជឿតាមគេ ក៏ចាប់ផ្តោមចោទប្រកាន់អាត្មា។»

យ៉ាងណាក៏ដោយ ព្រះអង្គបានបញ្ជាក់បន្ថែមថា ការប្តឹងនេះមិនមានអ្វីពាក់ព័ន្ធរឿងនយោបាយឡើយ គឺ ប្តឹងក្នុងករណីធ្វើបាប វាយកំហែង ព្រះអង្គ និងព្រះសង្ឃចំនួប៨អង្គផ្សេងទៀតប៉ុណ្ណោះ។ ព្រះសង្ឃអង្គនេះ បានអះអាងថា ក្នុងនាមជាកូននៃព្រះសពអតីតចៅអធិការវត្តទីមួយ ព្រះនាម យឿន សិន ព្រះអង្គថា ក្នុងនាមជាកូនប្រុស មិនអាចឲ្យអ្នកណាមកគម្រាមកំហែង ឬទិញលក់ដូរព្រះកាយបាននោះឡើយ។

ព្រះសង្ឃទីប្រឹក្សាវត្តអង្គនេះ បានសម្ដែងឲ្យដឹងទៀតថា៖ «អាត្មា ប្តឹងទាមទារកយុត្តិធម៌។ គម្រាមអាត្មា វាយអាត្មា និងព្រះសង្ឃអង្គផ្សេងទៀតដូចជា ចាច់ ញឺង, ភា រ៉ាវី, គ្រី ចាន់ថន, លឹម សង្ហា, លឹម ជីន, លឹម សំបូរ និង ខិន វាសនា។ គម្រាម កំហែង វាយកំទេច នេះជារឿងមួយដែលអាត្មាមិនអាចទទួលយកបានទេ។ សូមអាជ្ញាធរមានសមត្ថកិច្ច ត្រូវជួយរកដំណោះស្រាយនៅវត្តសាមគ្គីរង្សី។»

សូមបញ្ជាក់ថា ការផ្ទុះបែកធ្លាយរឿងផ្ទៃក្នុង ប្តឹងផ្តល់ក្នុងវត្តសាមគ្គីរង្សីនេះ ស្របពេលអាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងចុះមកធ្វើរដ្ឋបាល ក្នុងពេលខាងមុខ។ កាលពីដើមខែមករាថ្មីៗនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានលើកឡើងថា នឹងដឹកនាំកម្លាំងចម្រុះចុះទៅត្រួតពិនិត្យរដ្ឋបាល នៅវត្តសាមគ្គីរង្សី បន្ទាប់ពីអាជ្ញាធរយល់ថា ស្ថានភាពក្នុងវត្តមានលក្ខណៈមិនសូវល្អ។ លោកក៏បានដាក់ការសង្ស័យថា ព្រះសង្ឃដែលគង់នៅវត្តសាមគ្គីរង្សី មានចេតនាចង់បង្កើតតំបន់អបគមន៍ ប្រឆាំងនិងរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។

ទស្សនាវដ្តីមិនអាចសុំការបញ្ជាក់ ពីព្រះចៅអធិការវត្តសាមគ្គីរង្សីព្រះសង្ឃ សៀង សុវណ្ណារ៉ា បានទេ នាវេលាព្រឹកនេះ ដោយពុំអាចភ្ជាប់ទំនាក់ទំនងបាន។ តែតាម ព្រះអង្គ ថាច់ ហាសំខាន់ ព្រះចៅអធិការស្តីទីវត្តសាមគ្គីរង្សី បានធ្វើការច្រានចោលការចោទប្រកាន់របស់ ព្រះតេជគុណ សុទ្ធ ឆៃយ៉ា នោះ។ ព្រះអង្គ ថាច់ ហាសំខាន់ បានមានសង្ឃដីកាយ៉ាងខ្លីថា ការបង្កឲ្យមានគម្រោងប្តឹងនេះឡើង ជាការការកើតឡើងពីការញុះញង់ ដោយសាររឿងប្ដឹងនេះ មានអ្នកគាំទ្រ និងអ្នកបញ្ជានៅពីក្រោយ។ តែព្រះអង្គមិនបានបញ្ជាក់ ឬសំដៅទៅលើអ្នកណាមួយ ឲ្យប្រាកដនោះឡើយ។

សូមស្តាប់កិច្ចសម្ភាសរបស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ជាមួយព្រះតេគុណ សទ្ធ ឆាយ៉ា ទីប្រឹក្សាវត្តសាមគ្គីរង្សីនូវបញ្ហានានា ដែលកើតមានក្នុងវត្តដូចខាងក្រោម៖

(វីដេអូនឹងមកដល់ក្នុងពេលបន្ដិចទៀត)

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...