ឪពុក​ម្តាយ ថោង សារ៉ាត់ ពិត​ជា​ត្រូវ​បាន​ដោះ​លែង​ដោយ​តុលាការ?

បើពិតជាមានការដោះលែងឪពុកម្តាយ របស់លោក ថោង សារ៉ាត់ ដែលមានទោសរក្សាអាវុធ ដោយខុសច្បាប់រាប់សិបដើមនោះ តុលាការកម្ពុជារិតតែបង្ហាញកាន់តែច្បាស់ ថាខ្លួននៅពីក្រោមឥទ្ធិពលនៃអ្នកមានអំណាច និងប្រាក់។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៧ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 07, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បណ្តាមន្ត្រីអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួន បានបង្ហាញនូវការមិនពេញចិត្ត បើសិនជាមានការដោះលែង ឪពុកម្តាយលោក ថោង សារ៉ាត់ ពិតមែននោះ។ ក្រុមអង្គការសង្កំស៊ីវិលទាំងនោះ បានយល់ស្របព្រមគ្នា ទាក់ទងនឹងករណីនៃការរក្សាអាវុធជាច្រើនដែល ដែលសុទ្ធសឹងជាអាវុធប្រភេទទំនើប និងស្វ័យប្រវត្តិ ដោយបានថ្លែងឡើងថា បើសិនជាមានការដោះលែងមែននោះ ប្រាកដណាស់ថា តុលាការកម្ពុជាកំពុងស្ថិតក្រោមអំណាច នៃការបញ្ជារពីបុគ្គលមានអំណាច ឬមានអំពើពុករលួយតាមរយៈស៊ី និងសូក។

តាមប្រភពព័ត៌មានមួយ ដែលយកមកចុះផ្សាយ ដោយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល កាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ ម្សិលម៉ិញនេះ បានសរសេរថា ចៅក្រុមស៊ើបអង្កេតសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខឡេង បានសម្រេចចេញដីកាដោះលែងលោក ថោង ចំរើន និងអ្នកស្រី កែវ សារី ដែលជាឪពុកម្ដាយ របស់លោក ថោង សារ៉ាត់ ពីពន្ធនាគារទាំងយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយមិនដឹងពីមូលហេតុច្បាស់លាស់។

លោក នី ចរិយា ប្រធានផ្នែកអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា មកទល់នឹងពេលនេះ លោកមិនទាន់បានទទួលដំណឹងនេះ ច្បាស់ជាផ្លូវការនៅឡើយ។ លោកបន្តថា តែបើពិតជាមានការដោះលែងវិញនោះ តុលាការកម្ពុជាមាននិយាមពីរ៖ មួយសម្រាប់អ្នកមាន អ្នកមានអំណាច និងមួយសំរាប់អ្នកក្រ។ លោកថា បើទោះជាអ្នកមាន ឬអ្នកមានអំណាច ដែលមានភស្តុតាងដាក់បន្ទុកច្បាស់លាស់យ៉ាងណាក៏ដោយ ប៉ុន្តែពួកគេក៏អាចនឹងត្រូវបានសម្រេចឲ្យដោះលែងបានដែរ។ ផ្ទុយមកវិញសម្រាប់អ្នកក្រ បើទោះជាគ្មានភស្តុតាងសូម្បីតែបន្តិចក្នុងការចោទប្រកាន់ ក៏ពួកគេមិនអាចរួចខ្លួនបានដែរ ដូចករណីអ្នកបឹងកក់ជាដើម។

មន្ត្រីសមាគមអាដហុករូបនេះ បានថ្លែងទៀតថា៖ «ដូចអ្នកបឹងកក់ ដែលគ្មានភស្តុតាងថា បានប្រព្រឹត្តបទល្មើសនោះក៏ដោយ ក៏មិនអាចសុំនៅក្រៅឃុំបានដែរ។ (…) រឿងនេះរកឃើញក្នុងបទឧក្រិដ្ឋ ដែលមានអាវុធរាប់សិបដើម សុទតែប្រភេទស្វ័យប្រវត្តិ ហើយមានការដោះលែង។ នោះតុលាការយើង ជាតុលាការស្ថិតក្រោមអំណាច មិនមែនជាតុលាការឯករាជ្យទេ។»

ចំណែកឯប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការលីកាដូ លោក អំ សំអាត បានលើកឡើងថា លោកក៏មិនទាន់ទទួលព័ត៌មានច្បាស់ការណ៍ណាមួយ ថាមានការដោះលែងឪពុកម្តាយលោក ថោង សារ៉ាត់នោះដែរ។ លោកបន្តថា តែសម្រាប់ថ្ងៃទី៦ ខេកុម្ភៈម្សិលម៉ិញនេះ តុលាការគ្រាន់តែយកមកដើម្បីធ្វើការសាកសួរបន្ថែមប៉ុណ្ណោះ ព្រោះថាបានរកឃើញអាវុធជាច្រើនដើមទៀត នៅផ្ទះឪពុកម្តាយលោក ថោង សារ៉ាត់ ដោយសមត្ថកិច្ចចម្រុះ។ លោកបន្តថា តែបើពិតជាមានការដោះលែងមែននោះ វាដូចជាបង្ហាញនូវភាពមិនប្រក្រតីខ្លាំងមែនទែន។

មន្ត្រីអង្គការលីកាដូ បានបញ្ជាក់ទៀតថា៖ «ព្រោះរឿងនេះផ្អើលអស់គេឯង និងមានការចែកឃើញអាវុធយ៉ាងគគ្រឹកគគ្រេងអស់ហើយនោះ (…) នោះពិតជាមានភាពមិនប្រក្រតីពិតមែនហើយ!!។»

មន្ត្រីមួយរូបទៀត ពីសមាគមអាដហុកដែរ លោក ណៃ វ៉ង់ដា បានលើកឡើងថា អ្នកទាំងពីរនោះមានទោសធ្ងន់ធ្ងរ ដែលជាទោសឧក្រិដ្ឋ ពាក់ពាន់និងការប្រើប្រាស់ ឬលាក់អាវុធខុសច្បាប់ជាច្រើនដើមទៀត។ អនុប្រធានផ្នែក និងមេធាវីតំបន់នៃសមាគមការពារសិទ្ធិមនុស្សអាដហុករូបនេះ បានបន្តថា បើគិតពីបញ្ហាសន្តិសុខ និងនយោបាយជាតិ អ្នកទាំងពីរនោះ សឹងតែមានទោសស្មើក្បត់ជាតិ ដូច្នេះមិនអាចធ្វើការដោះលែងបានឡើយ។ លោកបង្ហាញជាឧទាហរណ៏ថា បើមនុស្សម្នាក់ប្រើប្រាស់នូវអាវុធខ្លីមួយដើម នោះមានទោសធ្ងន់ទៅហើយ។ ចុះទម្រាំប្រើប្រាស់អាវុធច្រើនដើម ប្រភេទអាវុធវែង និងស្វ័យប្រវត្តិទៀតនោះ គេអាចគិតថា នឹងចង់បង្កើតក្រុមអប្បគមន៍ក៏បាន ដែលនាំឲ្យប៉ះពាល់ដល់ក្រុមសន្តិសុខសង្គម។

លោក វ៉ង់ដា បានបន្ថែមទៀតថា៖ «បើព័ត៌មាននោះពិត (ការដោះលែងនោះ) មិនត្រឹមត្រូវឡើយ ព្រោះប្រជាពលរដ្ឋសាមញ្ញមានអាវុធមួយដើម ក៏មានទោសធ្ងន់ធ្ងរដែរ ចុះបើអាវុធច្រើនដើម ហេតុអ្វីក៏ត្រូវដោះលែង ត្រូវបញ្ជាក់មូលហេតុឲ្យច្បាស់។ ឬក៏ជាការទទួលនូវប្រាក់សំណូក សូកប៉ាន់អ្វី? បានជាឈានដល់ការដោះលែងមនុស្សមានទោសធ្ងន់ធ្ងរបែបនេះ អ្នកនោះនឹងត្រូវថ្កោលទោស ពីសាធារណៈជនយ៉ាងធ្ងន់ធ្ងរហើយ។»

ឪពុកម្តាយលោក ថោង សារ៉ាត់ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួន ឪពុកម្ដាយថោង សារ៉ាត់ ពាក់ព័ន្ធការលាក់អាវុធខុសច្បាប់ និងរារាំងប្រតិបត្ដិការរបស់កម្លាំងសមត្ថកិច្ច។ ថ្មីៗនេះ ឪពុកម្តាយលោក ថោង សារ៉ាត់ ក៏ត្រូវបានសាលាឧទ្ធរណ៍បដិសេធមិនឲ្យនៅក្រៅឃុំផងដែរ ក្រោយពីមេធាវីជនជាប់ចោទប្ដឹងទាស់ ដើម្បីសុំនៅក្រៅឃុំនោះ។ សាលាឧទ្ធរណ៍ក៍បានសម្រេចតំកល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ទុកជាបានការណ៍។

មកទល់ពេលនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនទាន់ទទួលបាន និងរកមិនបាន នូវដីកាដោះលែងឪពុកម្តាយលោក ថោង សារ៉ាត់ នោះនៅឡើយ។ លោកចៅក្រមស៊ើបសួរ លី សុខលេង មិនអាចសុំបញ្ជាក់បានទេ ដោយការីកុំព្យូទ័រផ្ទាល់លោកប្រាប់ថា លោកជាប់រវល់ចេញទៅក្រៅ។ ជំនួយការផ្នែកកុំព្យូទ័ររូបនេះ បានថ្លែងដោយមិនបានបញ្ជាក់ឈ្មោះ ប្រាប់ទស្សនាវដ្តីថា ក្នុងករណីចេញដីការដោះលែងដ៏ធំនេះ លោកមិនមានសមត្ថភាព និងបានដឹងលឺនោះឡើយ។

ការីជំនាញកំព្យូទ័រ បានបដិសេធថា៖ «ខ្ញុំមិនដឹងទេ ខ្ញុំមិនដឹងពីការសម្រេចរបស់គេទេ ព្រោះខ្ញុំជាអ្នកតូចតាច។ (…) សុំទោស រឿងនេះហួសពីសមត្ថភាពខ្ញុំហើយ។»

សារព័ត៌មានក្នុងស្រុកខាងលើដដែលនេះ បានសរសេរបន្ថែមថា «ខណៈពេលដែលមេធាវីការពារក្តីឲ្យឪពុកម្តាយថោង សារ៉ាត់ យកដីការទៅដល់ពន្ឋនាគារព្រៃស នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃដដែល បែរជាឆ្មាំគុកមិនអាចធ្វើការដោះលែងបាន ព្រោះហួសម៉ោងរដ្ឋបាល។ ទោះបែបណា មន្ត្រីឆ្មាំគុកត្រូវបានគេរាយការណ៍ថា មិនមែនស្តាប់បង្គាប់របស់តុលាការនោះទេ។»

សហមេធាវីការពារឪពុកម្តាយលោក ថោង សារ៉ាត់ រួមមានលោក ថុង អ៊ីវហេង និងលោក គា អ៊ាវ មិនអាចសុំការបញ្ជាក់បាននោះទេ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ ដោយទូរស័ព្ទមិនអាចភ្ជាប់ទំនាក់ទំនងបាន និងមិនទទួលទូរស័ព្ទ។

លោក ថោង ចំរើន និង អ្នកស្រី កែវ សារី ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៤ ក្នុងលំនៅ ឋាន នាសង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចៅក្រមស៊ើបសួរលោក លី សុខលេង ក៏បានសម្រេចឃុំខ្លួនបណ្ដោះអាសន្នកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៤ ក្រោយមានការចោទប្រកាន់ ពីតំណាងអយ្យការពីបទ «កាន់កាប់អាវុធសុខច្បាប់ តាមមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...