ហ៊ុន សែន៖ ពណ៌អីក៏ដោយ កុំតែបដិវត្តន៍ពណ៌
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១០ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 10, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពាក្យ«ពណ៌» មិនបានធ្វើឲ្យរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គេងលក់បិទភ្នែកយ៉ាងសុខស្រួលនោះឡើយ។ ជាពិសេស លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជាខ្លួនលោក តែងបានលើកពីករណីនេះជាញឹកញាប់ នៅក្នុងការថ្លែងជាសាធារណៈ ថានឹងធ្វើការទប់ស្កាត់ ទោះជានៅក្នុងតម្លៃណាក៏ដោយ មិនឲ្យមានបដិវត្តន៍«ពណ៌»កើតឡើងនៅកម្ពុជា បានជាដាច់ខាត។
ការថ្លែងចុងក្រោយបង្អស់ របស់លោក ហ៊ុន សែន ទាក់ទងនឹងបដិវត្តន៍«ពណ៌» បានធ្វើឡើងក្នុងព្រឹកថ្ងៃអង្គារ ទី១០ ខែឧសភានេះ នាពិធីចែកសញ្ញាប័ត្រ ដល់និស្សិតវិទ្យាស្ថានឯកជនមួយ កណ្ថាលរាជធានី ភ្នំពេញ និងនៅក្រោយមួយថ្ងៃ ពីយុទ្ធនាការ«ថ្ងៃចន្ទពណ៌ខ្មៅ» ឬហៅម្យ៉ាងទៀត យុទ្ធនាការ«ស្លៀកពាក់ខ្មៅ» ដែលរៀបចំឡើងតាមបែបសន្តិវិធី ដោយក្រុមអង្គការសង្គមស៊ីវិលមួយក្រុម ដើម្បីទាមទារឲ្យមានការដោះលែង មន្ត្រីរបស់សមាគមអាដហុកបួនរូប និងមន្ត្រីគ.ជ.ប.មួយរូប ដែលកំពុងជាប់ឃុំជាបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស។
នាយករដ្ឋមន្ត្រីបីទសវត្សន៍របស់កម្ពុជា បានអះអាងថា លោកបានបញ្ជា ទៅរដ្ឋមន្ត្រីមហាផ្ទៃលោក ស ខេង ពីចំណាត់ការដ៏តឹងរ៉ឹង របស់រដ្ឋាភិបាលកម្ពុជា ថាត្រូវតែរារាំង ចំពោះយុទ្ធនាការ«ពណ៌»ណាក៏ដោយ។ លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «ខ្ញុំបានប្រាប់ទៅសម្តេច ស ខេង ប្រាប់ទៅថ្នាក់ដឹកនាំដទៃទៀត កុំខ្វល់ពីរឿងពណ៌ ហ្អែងចង់ពណ៌អីក៏ដោយ ឲ្យតែធ្វើខុសច្បាប់ដាក់ទាំងអស់ហ្នឹង! អត់មានរញ៉េរញ៉ៃទេ។ (...) កន្លែងខ្លះគេហៅពណ៌ទឹកក្រូច ខ្លះគេថាពណ៌ក្រហម ខ្លះគេថា ពណ៌ខ្មៅ។ ខ្ញុំថា ពណ៌អីក៏ដោយ ឲ្យតែធ្វើខុសច្បាប់ដាក់ទាំងអស់ហ្នឹង តុលាការគេបង្កើតឡើង ដើម្បីអនុវត្តច្បាប់ កម្លាំងប្រដាប់អាវុធគេបង្កើតឡើង ដើម្បីការពាររដ្ឋ គុកគេបង្កើតឡើងដើម្បីដាក់អ្នកទោស។ កុំឆ្ងល់ពេក!»។
«គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ»
ក្រុមអ្នកស្និតនឹងរដ្ឋាភិបាល និងគណបក្សប្រជានជនកម្ពុជា ក៏ដូចជាសារព័ត៌មានក្នុងស្រុកមួយចំនួន បានយកយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» របស់ក្រុមអង្គការសង្គមស៊ីវិល កាលពីថ្ងៃចន្ទ ទី៩ ខែឧសភាម្សិលម៉ិញ មកធ្វើអត្ថាធិប្បាយ ថាព្រឹត្តការណ៍នេះ អាចនាំទៅដល់យុទ្ធនាការ «បដិវត្តន៍ពណ៌» ដើម្បីទម្លាក់រដ្ឋាភិបាល។ ប៉ុន្តែលោក អំ សំអាត តំណាងអង្គការសង្គមស៊ីវិល និងមន្ត្រីរបស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ បានថ្លែងបដិសេធថា កុំថាឡើយដល់ទៅមានគម្រោង បើសូម្បីតែគិត ក៏ក្រុមរបស់លោក មិនដែលគិតដល់ ពីករណី«បដិវត្តន៍ពណ៌»នេះផង។
លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម បានបរិហាការធ្វើអត្ថាធិប្បាយ របស់សារព័ត៌មានក្នុងស្រុកទាំងនោះ ថាជាការលើកឡើង ដោយអសមត្ថភាព និងជាការលាបពណ៌។ លោកបានចាត់ទុកប្រតិកម្ម រហូតឈានទៅចាប់ចង ពីសំណាក់អាជ្ញាធរ ទៅលើសូម្បីមន្ត្រីអង្គការសង្គមស៊ិវិល ថាមានលក្ខណៈ ដូចជា«គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ»។
ប៉ុន្តែសម្រាប់លោក ហ៊ុន សែន ការធានានូវសន្តិភាព ស្ថិរភាពជូនប្រទេស និងប្រជាជន គឺជាហេតុផលមួយដ៏សំខាន់ ដែលរដ្ឋាភិបាលកម្ពុជាចាំបាច់ ត្រូវចាត់វិធានការដ៏ខ្លាំងក្លានេះ។ លោកបានធ្វើការក្រើនរំលឹក ទៅដល់ក្រុមអ្នករិះគន់ទាំងឡាយ ថាឲ្យមើលគំរូ នៅតាមប្រទេសធ្វើបដិវត្តន៍ពណ៌មួយចំនួន ដែលកំពុងជួបនូវបញ្ហាអសន្តិសុខ អស្ថិរភាពនៅក្នុងប្រទេស។ នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា សន្តិភាពដែលមានរហូតមកដល់បច្ចុប្បន្ន មិនមែនជាជារឿងងាយស្រួលនោះឡើយ បន្ទាប់ពីកម្ពុជា បានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល រវាងពីឆ្នាំ១៩៧០ មកទល់នឹងឆ្នាំ១៩៩៨ ដែលធ្វើឲ្យមនុស្សរាប់លាននាក់ ស្លាប់បាត់បង់ជីវិត។
រំលឹកខ្លីៗ ពីបដិវត្តន៍ពណ៌
បដិវត្តន៍ពណ៌ ដែលហៅបានច្រើនយ៉ាង ដូចជា «បដិវត្តន៍ផ្កាម្លឹះ» ឬ«រដូវផ្ការីកអារ៉ាប់» បានកើតឡើងជាដំបូងគេ នៅក្នុងប្រទេសទួរនេស៊ី ដែលស្ថិតនៅក្នុងទ្វីបអាហ្វ្រិកខាងជើង។ បដិវត្តន៍នេះ បានរីកដុះដាល និងកើតឡើងជាបន្តបន្ទាប់ នៅក្នុងប្រទេសអារ៉ាបជាច្រើន ដូចយ៉ាងប្រទេសលីប៊ី អេហ្សីព និងស៊ីរីជាដើម ប៉ុន្តែក៏បានធ្លាយទៅដល់ទ្វីបអ៊ឺរ៉ុបដែរ គឺនៅក្នុងប្រទេសអ៊ុយក្រែន។ បុព្វហេតុដ៏សំខាន់ នៃបដិវត្តន៍«ពណ៌» ត្រូវបានពន្យល់យ៉ាងខ្លីថា ជាកម្លាំងងើបឈរឡើង របស់ពលរដ្ឋស៊ីវិល នៅក្នុងប្រទេសទាំងនោះ ប្រឆាំងនឹងរបបផ្ដាច់ការ ដែលកាន់អំណាចដ៏ចាស់វស្សា និងបានដឹកនាំប្រទេស ទៅរកអំពើពុករលួយ គ្រួសារបក្ខពួកនិយម។ ករណីដែលពិសេស នៃការធ្វើបដិវត្តន៍ពណ៌ នៅក្នុងប្រទេសទាំងនោះ នៅត្រង់ថា ពលរដ្ឋស៊ីវិលដែលបានងើបឈរឡើង មិនបានស្លៀកពាក់អាវ ឬខោ មានពណ៌តែមួយនោះឡើយ។
ផ្ទុយពីការលើកឡើង របស់លោក ហ៊ុន សែន ខាងលើ មានប្រទេសចំនួនពីរ «តួរនេស៊ី និងអ៊ុយក្រែន» ដែលបន្ទាប់ពីបានធ្វើបដិវត្តន៍ពណ៌រួច បានកំពុងដើរទៅមុខ តាមលំអាននៃលិទ្ធិប្រជាធិបតេយ្យ បើទោះជាប្រទេស តួរនេស៊ី បានជួបនឹងការគម្រាមកំហែង ដោយអំពើភេរវកម្មម្ដងម្កាល និងប្រទេសអ៊ុយក្រែន បានជួបនឹងការផ្ទុះអាវុធ នៅភាគខាងកើតប្រទេស ទល់នឹងក្រុមចង់បំបែកទឹកដី ដែលស្និតនឹងប្រទេសរ៉ុស្ស៊ីដ៏ដោយ៕