«កឹម សុខា សុខចិត្ត​ធ្វើពលិកម្ម តែ​មិន​ចូល​​ទៅ​តុលាការ​ទេ»

សុខចិត្តប្រឈម​នឹងការចាប់ខ្លួន តែមិនចូលខ្លួន ទៅបំភ្លឺនៅតុលាការដាច់ខាត។ នេះជាការអះអាង របស់​មន្ត្រី​ជាន់​ខ្ពស់​ច្រើន​នាក់ របស់​គណបក្សប្រឆាំង ទាក់ទងនឹងជំហរ​របស់លោក កឹម សុខា តបនឹងដីការកោះ​​របស់តុលាការ​រាជធានី ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ នៅ​ថ្ងៃ​ទី១១ ខែ​ឧសភា​នេះ ក្នុងករណីបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា។
«កឹម សុខា សុខចិត្ត​ធ្វើពលិកម្ម តែ​មិន​ចូល​​ទៅ​តុលាការ​ទេ»
លោក កឹម សុខា តំណាងរាស្ត្រ និងជាអនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 10, 2016
  • ប្រធានបទ: យុត្តិធម៌-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ធ្វើពលិកម្ម សុខចិត្តឲ្យគេចាប់ខ្លួន ដើម្បីផ្ដល់កម្លាំងចិត្ត ដល់សមាជិករបស់គណបក្ស។ នេះជាអ្វី ដែល​គេអាច​អាន​បាន នៅលើទំព័រហ្វេសប៊ុក របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលជាមន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់​គណបក្ស​សង្គ្រោះជាតិ។

ព្រះអង្គម្ចាស់ បានសរសេរថា៖ «ប្រធានស្តីទី កឹម សុខា បានសម្រេចចិត្ត​ធ្វើពលិកម្ម ប្រឈម​នឹង​ច្បាប់ ហើយ​សុខចិត្ត​ឲ្យ​​គេ​ចាប់​ខ្លួន ដើម្បីផ្តល់កំលាំងចិត្ត ឲ្យយើងទាំងអស់គ្នា នៅខាងក្រៅ។ ហេតុដូច្នេះ ដើម្បី​ផ្តល់​សេចក្តី​កក់​ក្តៅ​​ជូន​លោក​វិញ យើងត្រូវតែរួបរូមគ្នា ប្តេជ្ញាចិត្តបន្ត​បេសកម្មពិសិដ្ឋ របស់លោក​រៀង​រាល់ថ្ងៃ​​ជា​មិន​ខាន ដើម្បី​ទាមទារ​សិទ្ធ​សេរីភាព និងប្រជាធិតេយ្យ​ពេញលេញ ជូនប្រជាពលរដ្ឋខ្មែរ ហើយការពារ​បូរណភាព​ទឹកដី និង​ឯករាជ្យភាព​ជាតិ​យើង»។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងព្រមាន​លោក កឹម សុខា កាល​ពី​ថ្ងៃ​ចន្ទ ទី៩ ខែ​ឧសភា​ម្សិលម៉ិញ ថាការខកខានមិនបង្ហាញខ្លួន ទៅកាន់តុលាការសាលាដំបូង នៅថ្ងៃ​ទី១១ ខែ​ឧសភា​ស្អែកនេះ នឹងបង្កើតរឿងដ៏ធំ យក​ដាក់ឲ្យខ្លួនលោក បន្ថែមពីលើរឿងអាស្រូវស្នេហា ដែល​លោក កឹម សុខា កំពុង​មាន​ជាមួយ​ស្ត្រី​​ជាង​ធ្វើ​សក់​ម្នាក់ ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ។ រឿងដ៏ធំនោះ ត្រូវបាន​លោក ​ឱម យ៉ិនទៀង និយាយ​ឡើង​ថា ជាបទល្មើសជាក់ស្ដែង (ព្រោះមិនបង្ហាញខ្លួន) ដែលបើក​ដៃ​ឲ្យ​អាជ្ញាធរ អាច​ចាប់​ខ្លួន​លោក កឹម សុខា បាន ដោយមិនខ្វល់​ពីអភ័យឯក​សិទ្ធិ​សភា។

ថ្លែងតាមរយៈ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា៖ «​គ្រប់​​គ្នា​ ដែល​​មាន​​អភ័យ​ឯកសិទ្ធិ​ មិន​​អាច​ប្រឆាំង​​​នឹង​ចំណាត់ការ​រដ្ឋាភិបាល​ទេ​។ ឧទាហរណ៍ បើ​មនុស្ស​​ម្នាក់ ​មាន​​អភ័យឯក​​សិទិ្ធ​បើក​​ឡាន​​បុក​គេ ​នគរបាល​នឹង​​អញ្ជើញ​គាត់​មក​បំភ្លឺ។ គាត់​ត្រូវ​តែ​ទៅ​​នគរបាល។ ប៉ុន្តែ​​បើ​​តុលាការ​​ចោទ​ប្រកាន់​​គាត់ ​គឺ​ក្រោយ​ពេល​គេ​ដក​អភ័យ​ឯកសិទិ្ធ​គាត់។ ​(...) តុលាការ​មិន​អាច​ចាប់​ខ្លួន​​គាត់ ​​ផ្អែក​​លើ​បទ​ចោទ​​ពេស្យាកម្ម​ គេ​​អាច​​ចាប់​​ខ្លួន​​គាត់ ​ផ្អែក​លើ​បទល្មើស​ថ្មី។»

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ក៏បានអះអាង តាមវិទ្យុ​សម្លេង​អាស៊ី​សេរី​ដែរ​ថា លោក កឹម សុខា នឹងមិនចូលទៅបំភ្លឺ នៅតុលាការនោះទេ។ លោកបានបញ្ជាក់ថា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​​អភ័យ​ឯក​សិទ្ធិ​​សភា ដែល​ផ្ដល់​សិទ្ធិ​ពិសេស ​ឲ្យ​រួច​ពី​ការ​ចាប់​ចង និង​ចោទ​ប្រកាន់​​នានា តែ​ការ​​ចាប់​​ខ្លួន​​បាន លុះត្រា​​តែ​មាន​ការ​យល់​​ព្រម​ ពី​សភា​ប្រជុំ​អនុម័ត​​ពី​រឿង​នេះ​​ជា​មុន​សិន។

រីឯអ្នកជំនាញផ្នែកច្បាប់ លោកមេធាវី សុក សំអឿន វិញ មិនបាន​យល់​ស្រប ​នឹង​​ការ​​លើក​​ឡើង​របស់​លោក ឱម យ៉ិនទៀង ខាងលើ​នេះទេ។ ​​លោកមេធាវី​ថា ​អភ័យ​ឯកសិទិ្ធ​ គួរ​ការពារ​​តំណាង​រាស្រ្ត​ពី​​ការ​​ចាប់​​ខ្លួន ​ហើយ​​ថា​មិនមាន​បទ​​ចោទ ​ចំពោះ​​ការ​មិន​អនុវត្ត ​តាម​ដីកា​កោះ​ទេ​។ លោក សុខ សំអឿន បាន​បញ្ជាក់​ថា៖ «ចំពោះ​​ការ​​កោះ​​ទី២ គេ​អាច​នាំ​ខ្លួន​ទៅ​តុលាការ ​ហើយ​ចំពោះ​លើក​ទី ៣ គេ​​អាច​ចាប់​ខ្លួន​គាត់ ​ប៉ុន្តែ​​មិន​​មែន​​​ចោទ​ប្រកាន់​​ទេ ​គឺ​​គ្រាន់​​តែ​​​បញ្ជូន​​ទៅ​​តុលាការ»។

លោក សុន ឆ័យ តំណាងរាស្ត្រមណ្ឌល​ខេត្តសៀមរាប មកពីគណបក្សសង្គ្រោះជាតិ បានថ្លែងតាម​វិទ្យុ​សម្លេងប្រជាធិបតេយ្យ​ថា៖ «ប៉ុន្តែអ្វីដែលលោក ឱម យ៉ិនទៀង គាត់មានយោបល់អីផ្ទាល់​ខ្លួន​អី យើង​មិន​មាន​ការ​ចាប់អារម្មណ៍ ទៅលើសម្ដីទាំងនោះទេ បាទ»។

កាលពីថ្ងៃទី៣ ខែឧសភា លោក កែវ សុជាតិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង​រាជធានី ភ្នំពេញ បានចេញ​ដីកា​កោះហៅ​លោក កឹម សុខា ឲ្យចូលខ្លួនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៩ព្រឹក​ថ្ងៃទី១១ ខែឧសភា​ស្អែក​នេះ ដើម្បីសាកសួរ​ពីដំណើររឿង របស់បណ្តឹងរបស់តារា​​ហ្វេសប៊ុក​​ដ៏ល្បីល្បាញ កញ្ញា ធី សុវណ្ណថា។

មាត្រា ៨០ នៃរដ្ឋធម្មនុញ្ញចែងថា៖ «តំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណា​ក៏​ដោយ មិន​អាច​ត្រូវ​បានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬ​បញ្ចេញ​មតិ ក្នុង​​ការ​​បំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន សមាជិក​ណា​មួយ​នៃ​រដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការ​អចិន្ត្រៃយ៍ របស់​​រដ្ឋសភា ក្នុង​ចន្លោះ​សម័យ​ប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។»

ប៉ុន្តែសម្រាប់ក្រសួងយុត្តិធម៌ បានចាត់ទុកដីកាកោះហៅ របស់តុលាការ ថាមានការទាក់ទង នឹងអភ័យឯក​សិទ្ធិ​សភា​ឡើយ។ នៅក្នុងសេចក្ដី​ថ្លែង​ការណ៍មួយ ​របស់លោក គឹម សន្តិភាព ​អ្នកនាំពាក្យ​ក្រសួង​​យុត្តិធម៌ ​​ចុះ​​ថ្ងៃ​​ទី​៥ ខែឧសភា បាន​​បកស្រាយ​ថា ការ​កោះហៅ​របស់​តុលាការ ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ និង​​រដ្ឋប្បវេណី​​ជា​ដើម ចំពោះ​​តំណាងរាស្ត្រ មកពីគណ​បក្ស​ប្រឆាំង​ មិន​មាន​ចែង​ក្នុង​មាត្រា​៨០ រដ្ឋធម្មនុញ្ញ​នោះ​ទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...