បណ្ដឹងរំលាយ CNRP៖ ព្រះរាជាយាងសោងក្រយាថ្ងៃត្រង់ នៅក្រោយតុលាការកំពូល
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ វិច្ឆិកា ២០១៧
- កែប្រែចុងក្រោយ: November 16, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យ៉ាងណា ក៏លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សាព្រះរាជលេខាធិការដ្ឋាន របស់ព្រះមហាក្សត្រកម្ពុជា បានបញ្ចាក់ថា ព្រះរាជដំណើរនេះ គឺជាកម្មវិធីពិសេស ដែលព្រះអង្គត្រូវយាង ទៅសោយក្រយានៅទីនោះ និងមិនមែនជារឿងចម្លែកទេ។ លោកទីប្រឹក្សាបន្ថែមថា លោកពុំបានដឹង ពីទឹកព្រះទ័យ របស់ព្រះមហាក្សត្រ នៅក្នុងព្រះរាជដំណើរ ចេញក្រៅព្រះរាជវាំងនេះទេ។
ព្រះមហាក្សត្រកម្ពុជា ព្រះបាទ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី និងព្រះវររាជមាតា សម្ដេចព្រះ នរោត្តម មនីនាថ សីហនុ ត្រូវបានគេឃើញទ្រង់ទាំងពីរព្រះអង្គ នៅវេលាថ្ងៃត្រង់នេះ យាងទៅសោយក្រយា នៅក្នុងភោជនីយដ្ឋានមួយ ឈ្មោះ «មាលា» ដែលមានទីតាំងនៅចំ ពីក្រោយតុលាការកំពូល។ គេបានស្គាល់ថា ភោជនីយដ្ឋាននោះជាកម្មសិទ្ធិ របស់ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម អរុណរស្មី ដែលជាព្រះរាជកនិដ្ឋា របស់ព្រះមហាក្សត្រ។
ចាប់តាំងពីព្រឹកម៉ោង៨ និង៤០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះមកដល់ថ្មើរនេះ តុលាការកំពូល បានបើកសវនាការជាសាធារណៈ លើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយមានចៅក្រម៩រូប និងតំណាងមហាអយ្យការមួយរូប ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹង ៤រូប (តំណាងដោយអាណត្តិ របស់ក្រសួងមហាផ្ទៃ)។ នៅក្នុងអង្គសវនាការ គឺមិនអនុញ្ញាត ឲ្យថតសំឡេង និងថតរូបភាពទេ ហើយអ្នកចូលរួមតាមដាន អាចកត់ត្រាបាន។
នៅផ្នែកខាងក្រៅតុលាការវិញ រាប់ទាំងព្រះបរមរាជវាំង និងទីតាំងបណ្ដាផ្លូវនានានៅជិតមាត់ទន្លេ មានការដាក់ពង្រាយ នូវកងកម្លាំងនគរបាល និងកងកម្លាំងប្រដាប់អាវុធ យ៉ាងច្រើនសន្ធឹកសន្ធាប់ អមជាមួយរនាំងដែកព័ទ្ធជុំវិញ បើសូម្បីតែពលរដ្ឋរស់នៅក្នុងតំបន់នោះ ក៏ពិបាកនឹងធ្វើដំណើរចេញ-ចូលដែរ៕