ទ្រង់ រណឫទ្ធិ វិលមក ហ៊្វុនស៊ីនប៉ិច វិញ ជាជំរើសដ៏ត្រឹមត្រូវ?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍ ៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី០២ មករា ២០១៥
- កែប្រែចុងក្រោយ: January 02, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចម្រៀង «ទៅហើយមកវិញៗ ដោយសារតែបង» ដូចជាមិនសូវខុស ពីចរិករបស់អ្នកនយោបាយខ្មែរប៉ុន្មានទេ។ ហើយបើគេនិយាយពីព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ក៏កាន់តែដូចណាស់ទៅទៀត។ បន្ទាប់ពីយាងចេញពីគណបក្សរាជានិយមហ្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់បានទៅដឹកនាំគណបក្សខ្លួនឯង និងក្រោយមកបានប្រកាសដកខ្លួន ចេញពីនយោបាយ។ល។ ប៉ុន្តែនៅទីបំផុត ឆ្នាំងបាយចាស់របស់ទ្រង់ ដែលព្រះអង្គបានចាកចោលអស់រយៈពេល៨ឆ្នាំ ទំនងជានៅតែដាំបាយ មានរសជាតិឆ្ងាញ់ដដែល។ នោះគឺព្រះអង្គ បានសម្រេចព្រះទ័យ មកយាងដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចវិញ បន្ទាប់ពីបានឆ្លើយឆ្លងសំបុត្រ ជាមួយព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី ដែលជាព្រះប្រធានគណបក្សហ្វុនស៊ីនប៉ិច រួចមក។
អតីតនាយខុទ្ទកាល័យរបស់ព្រះអង្គម្ចាស់ លោក នរាណាឫទ្ធិ អានន្ទដាយ៉ាត បច្ចុប្បន្នជាទីប្រឹក្សារដ្ឋាភិបាល និងជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា នេះជាសញ្ញាណវិជ្ជមានមួយ ដែលបង្ហាញថា សែររាជវង្សកំពុងឈានទៅរកការផ្សះផ្សារគ្នាឡើងវិញ ដូចអ្វីដែលលោកចង់ឃើញ និងចង់បានជាយូរមកហើយ ហើយក្នុងនាមលោកផ្ទាល់ លោកសូមគាំទ្រយ៉ាងពេញទំហឹង នៃការវិលត្រឡប់ទៅគង់ធ្វើជាព្រះប្រធាន គណបក្សហ៊្វុនស៊ីនប៉ិចសាជាថ្មី របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាពេលនេះ។
កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៥នេះ តាមព្រះសារលិខិតចុះថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយល់ព្រមត្រឡប់មកគង់ ជាព្រះប្រធានគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចសាជាថ្មី តាមសំណើរបស់សម្ដេចព្រះអនុជ នរោត្តម អរុណរស្មី និង អគ្គ លេខាធិការបក្សលោក ញឹក ប៊ុនឆៃ។
លោក នរាណាឫទ្ធិ អានន្ទដាយ៉ាត បានរំលឹកបន្តិចឡើងវិញថា កាលពីខែមេសា ឆ្នាំ២០១២ ដោយមានការជួយខ្នះខ្នែងពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្នាក់ដឹកនាំគណបក្សទាំងពីរ ក៏ធ្លាប់បានចុះកិច្ចព្រមព្រៀងបង្រួបបង្រួមគ្នា រួចមកហើយដែរនាពេលនោះ។ តែដោយសារ«ពពក»ដ៏ខ្មៅងងឹត បាននាំឲ្យការបង្រួបបង្រួមគ្នានេះ មានភាពរអាក់រអួលមកដល់បច្ចុប្បន្ន។
អតីតជំនួយការផ្ទាល់ របស់ព្រះប្រធានគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ (ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ) បានបញ្ជាក់ថា៖ «បើសិនជាគណបក្សរាជានិយមទាំងពីរ មានព្រះបុត្រា ព្រះបុត្រី នៅតែមើលមុខគ្នាមិនចំ នៅតែអះអាងថា ម្នាក់ៗការពារកេរ្តិ៍តំណែលសម្តេចឪ សម្តេចតា ជាទីសក្ការៈ ចេះតែប្រទាញប្រទង់គ្នា ខ្ញុំយល់ឃើញថា កម្លាំងរាជានិយម មានការធ្លាក់ចុះដល់សូន្យ ដូចបច្ចុប្បន្ននេះ ហើយក៏អាចឈានរហូត ទៅដល់ការប៉ះពាល់ដល់រាជបល្ល័ង្គទៅទៀត។ ការដែលចាប់ដៃគ្នា ការដែលរួបរួមគ្នានេះ ជាការត្រឹមត្រូវ។»
ព្រះសារលិខិតរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលមានព្រះហស្ថលេខារួមគ្នា របស់ព្រះប្រធានព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី និងអគ្គលេខាធិការ លោក ញឹក ប៊ុនឆៃ ក្នងថ្ងៃទី១ ខែមករានោះ បានសរសេរថា «គណបក្សហ៊្វុនស៊ីនប៉ិច សូមយាងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មកធ្វើជាព្រះប្រធានគណបក្សហ៊្វុនស៊ីនប៉ិច។ (…) ការជ្រើសតាំងជាផ្លូវការ សម្ដេចក្រុមព្រះក្នុងតួនាទីខាងលើនេះ នឹងធ្វើតាមរយៈសមាជគណបក្សហ៊្វុនស៊ីនប៉ិច នាពេលខាងមុខនេះ»។
នៅក្នុងព្រះបន្ទូលក្នុងសារលិខិតព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ បានតបវិញថា៖ «ខ្ញុំមានមហាកិត្តិយស និងសេចក្ដីរីករាយ យល់ព្រមមកធ្វើជាប្រធានគណបក្សហ៊្វុនស៊ីនប៉ិច តាមសំណើរ (…) ដើម្បីបន្តដឹកនាំគណបក្សយើងឡើងវិញ»។
សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្ដម រណឬទ្ធិ ធ្លាប់គង់ជាព្រះប្រធានគណបក្សហ៊្វុនស៊ីនប៉ិច តាំងពីឆ្នាំ១៩៩៣មក ឆ្នាំដែលព្រះអង្គទ្រង់ជាប់ឆ្នោតជានាយករដ្ឋមន្រ្តី តាមការបោះឆ្នោតដោយប្រជាពលរដ្ឋ ដែលនៅគោរពស្រឡាញ់របបរាជានិយម។ រីឯគណបក្សប្រជាជនកម្ពុជានៅពេលនោះ បានចាញ់ឆ្នោត តែបានតវ៉ា រហូតលោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្រ្តីទីពីរ។ តែ«ខ្លាពីរមិនអាចនៅលើភ្នំតែមួយ»បាន ដូច្នេះហើយ ព្រឹត្តិការណ៍បង្ហូឈាមដ៏ជូរចត់មួយ បានផ្ទុះឡើង នៅដើមខែកក្កដា ឆ្នាំ១៩៩៧ បង្កឲ្យកម្លាំងរបស់គណបក្សហ្វុនស៊ីនប៉ិចធ្លាក់ខ្សោយ និងបន្ទាប់មកបានបែកប្រេះឆាគ្នាជាបន្តបន្ទាប់។
សមាជវិសាមញ្ញមួយក្នុងឆ្នាំ ២០០៦ សម្ដេចក្រុមព្រះត្រូវបានបានទម្លាក់ពីតំណែងព្រះប្រធាន។ បន្ទាប់មកព្រះអង្គ ក៏ចាប់ផ្តើមបង្កើតនូវបក្សថ្មីជាបន្តបន្ទាប់ដូចជា គណបក្សនរោត្តមរណឫទ្ធិ បន្ទាប់មកបង្កើត គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ ដែលបច្ចុប្បន្ននេះ ព្រះអង្គទ្រង់ជាព្រះប្រធានផងដែរ។
លោក នរាណាឫទ្ធិ អានន្ទដាយ៉ាត បានបញ្ជាក់ជាចុងក្រោយថា «ព្រះអង្គមានមេរៀនច្រើនណាស់ ដែលលោកត្រូវរៀន ពីកំហុសឆ្គងដែលមានកន្លងមក ដែលធ្វើឲ្យអ្នករាជានិយមបែកបាក់គ្នា។ ដូច្នេះលោក គួរយកមេរៀននោះមកសិក្សា អប់រំខ្លួនលោកឡើងវិញ ដើម្បីឲ្យភាពជាអ្នកដឹកនាំរបស់លោក ក្នុងគណបក្សហ៊្វុនស៊ីនប៉ិចថ្មីហ្នឹង មានជំហានថ្មី គំនិតថ្មី និងស្មារតីថ្មី។ (…) ធ្វើយ៉ាងណា ឲ្យគណបក្សហ៊្វុនស៊ីនប៉ិចនេះ ឲ្យមានកម្លាំងខ្លាំងឡើងវិញ។»៕