ទ្រង់ រណឫទ្ធិ ថាគ្មានការបែកបាក់ក្នុងបក្ស តែជាការកែសម្រួល
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី២២ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 22, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គណបក្សហ្វុនស៊ីនប៉ិចថ្មី ដែលទើបនឹងធ្វើសមាជវិសមញ្ញរបស់ខ្លួន កាលពីមួយខែមុន ដើម្បីប្រគល់តំណែង ជាប្រធានគណបក្សឡើងវិញ ថ្វាយទៅសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នោះ ទើបនឹងឆ្លងកាត់«ព្យុះ»មួយ ដែលកើតឡើងពីការមិនត្រូវគ្នា រវាងអគ្គលេខាគណបក្សចាស់ លោក ញ៉ឹក ប៊ុនឆៃ និងអគ្គលេខាគណបក្សថ្មី ក្រោមឈ្មោះ«អគ្គលេខាប្រតិបត្តិ» លោក ហាយ សាក់។ ការមិនត្រូវគ្នានេះ បានឈានទៅដល់ ការចេញលិខិតឆ្លើយឆ្លងដាក់គ្នា រវាងក្រុមមនុស្សទាំងសងខាង ដែលធ្វើឲ្យគេយល់ថា គោលការណ៍បង្រួបបង្រួម នៃអ្នករាជានិយម របស់សម្ដេចក្រុមព្រះ មានសភាពដូចទឹក ទើរលើស្លឹកឈូក យ៉ាងដូច្នេះ។
ពាក់ព័ន្ធនឹងហេតុការណ៍ដ៏ស្រួចស្រាវ ដែលអាចធ្វើឲ្យប្រេះឆាជាថ្មីនោះ ព្រះប្រធានជាថ្មីនៃគណបក្ស សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បានចេញមកបកស្រាយថា មិនមានការបែកបាក់ផ្ទៃក្នុងនោះទេ។ នៅចំពោះសមាជិកប្រមាណជាង ៣០០០នាក់ នៅពហុកីឡាដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀលថ្ងៃអាទិត្យទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ព្រះអង្គម្ចាស់អង្គនេះ បានមានបន្ទូលអំពាវនាវ ឲ្យសម្តេចម្ចាស់ក្សត្រី នរោត្តម អរុណរស្មី និងលោក ញ៉ឹក ប៊ុនឆៃ ដែលជាអនុប្រធានគណបក្សទាំងពីរ ឲ្យជួយកិច្ចការផ្នែកសង្គមកិច្ច និងធារាសាស្រ្ត និងធ្វើយ៉ាងណាឲ្យមានភាពឯកភាពគ្នា ក្នុងការកែសម្រួលសមាសភាព ថ្នាក់ដឹកនាំគណបក្ស ដើម្បីជាប្រយោជន៍របស់គណបក្ស។
ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ត្រូវបានប្រភពមួយ ដែលស្និតនឹងរចនាសម្ព័ន្ធចាស់គណបក្ស និងស្និតនឹងលោក ញ៉ឹក ប៊ុនឆៃ ថ្លែងអះអាងថា ព្រះអង្គបានតែងតាំង អគ្គលេខាប្រតិបត្តិ លោក ហាយ សាក់ និងបានរំលាយគណៈកម្មាធិការនាយក និងអចិន្ត្រៃយ៍ ដែលមានស្រាប់របស់គណបក្ស ដោយអត្តនោម័តអង្គឯង និងមិនបានឆ្លងយោបល់ ជាមួយសមាជិកគណៈកម្មការនាយក និងអចិន្ត្រៃយ៍ទេ។
ទាក់ទងនឹងបញ្ហានេះ ព្រះអង្គម្ចាស់រណឫទ្ធិ បានមានបន្ទូលប្រាប់សារព័ត៌មានក្នុងស្រុកមួយថា នោះមិនមែនជាការរំលាយទេ តែជាការកែសម្រួល ល័ក្ខន្តិកៈ រចនាសម័្ពន្ធ និងសមាសភាព គណៈកម្មាធិការនាយកប៉ុណ្ណោះ។ ការកែសម្រួលនេះ ជាតួនាទីរបស់គណៈកម្មការចំពោះកិច្ច ដែលព្រះអង្គបានបង្កើតឡើង ក្នុងនោះមានលោក យូរ ហុកគ្រី និងលោក អ៊ឹង ទាសៀម ជាអ្នកដឹកនាំ និងមានតំណាងរបស់ព្រះអង្គ និងអនុប្រធានទាំងពីរចូលរួមជាសមាជិក។
ចំពោះការកែសម្រួលនោះ ត្រូវបានសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ អះអាងទៀតថា នឹងស្នើសុំឲ្យកែសម្រួលគណៈកម្មាធិការនាយក ដែលបច្ចុប្បន្ននៅសល់ ២៥៣នាក់ មកត្រឹមតែ ២៧នាក់ប៉ុណ្ណោះ ដើម្បីមានប្រសិទ្ធិភាពក្នុងការងារ។ ព្រះអង្គមានបន្ទូលថា កាលមុន គណៈកម្មាធិការនាយក របស់គណបក្សហ្វ៊ុនស៊ិនប៉ិច មានសមាជិករហូតដល់ ជាង៤០០នាក់ បន្ទាប់មក បានកែសម្រួលមកនៅត្រឹម២៥៣នាក់ តែព្រះអង្គនឹងស្នើឲ្យបង្រួម មកនៅត្រឹមតែ ២៧នាក់ បានហើយ។
សូមបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា បានប្រកាសទទួលស្គាល់ជាផ្លូវការ សម្ដេចក្រុមព្រះ ជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចជាថ្មី នៅក្នុងលិខិតរបស់ក្រសួងមួយច្បាប់ ចេញផ្សាយថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយដែលទើបនឹងចេញផ្សាយជាសាធារណៈ ក្នុងចុងសប្ដាហ៍កន្លងមកនេះ។ លិខិតជូនដំណឹងរបស់ក្រសួងនេះ ដូចជាបានមកបិទបញ្ចាប់ នូវការលើកឡើង នៅក្នុងលិខិតមួយ របស់លេខាធិការដ្ឋានគណបក្សហ្វុនស៊ីនប៉ិចខ្លួនឯង ដែលថា ក្រសួងមហាផ្ទៃនៅមិនទាន់ទទួលស្គាល់ សេចក្ដីសម្រេចរបស់អង្គសមាជវិសមញ្ញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ របស់គណបក្សនេះ នៅឡើយ៕