គ.ជ.ប ថា​ការ​បោះឆ្នោត​​ក្រុម​​ប្រឹក្សា​អណត្តិទី​២ មាន​​សភាព​«​រលូន»

លើកលែងតែមណ្ឌលចំនួនបី មួយនៅខេត្តត្បូងឃុំ និងពីរមណ្ឌលទៀត​នៅរាជធានីភ្នំពេញ ដែលបានបិទ​បញ្ចប់​ការ​បោះឆ្នោតនៅម៉ោងបីរសៀល ក្រៅពីនោះទាំង១៩៤ទៀត ត្រូវបានបញ្ចប់ទៅនៅម៉ោងប្រមាណជាង១១ និង៣០នាទី​ព្រឹក ក្រោមស្ថានភាពនៃការបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន និងពុំមានអ្វីគួរឲ្យសម្គាល់ឡើយ ទោះជាប៉ិច​កំពុង​ដោះស្រាយបណ្តឹងមួយ នៅខេត្តព្រៃវែងក៏ដោយ។ នេះបើតាមការបញ្ជាក់ របស់លោក ម៉ៅ សុភារិទ្ធ សមាជិក គ.ជ.ប។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី១៩ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លើកលែងតែមណ្ឌលចំនួនបី មួយនៅខេត្តត្បូងឃុំ និងពីរមណ្ឌលទៀត​នៅរាជធានីភ្នំពេញ ដែលបានបិទ​បញ្ចប់​ការ​បោះឆ្នោតនៅម៉ោងបីរសៀល ក្រៅពីនោះទាំង១៩៤ទៀត ត្រូវបានបញ្ចប់ទៅនៅម៉ោងប្រមាណជាង១១ និង៣០នាទី​ព្រឹក ក្រោមស្ថានភាពនៃការបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន និងពុំមានអ្វីគួរឲ្យសម្គាល់ឡើយ ទោះជាប៉ិច​កំពុង​ដោះស្រាយបណ្តឹងមួយ នៅខេត្តព្រៃវែងក៏ដោយ។ នេះបើតាមការបញ្ជាក់ របស់លោក ម៉ៅ សុភារិទ្ធ សមាជិក គ.ជ.ប។


សន្និសីទការសែតរបស់គ.ជ.ប នៅក្រោយការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី២ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

បោះឆ្នោតក្រុមប្រឹក្សា - សន្និសិទសារព័ត៌មានកាលពីល្ងាចថ្ងៃទី១៨ ខែឧសភានេះ នៅគ.ជ.ប លោក ម៉ៅ សុភារិទ្ធ សមាជិក គ.ជ.ប បានលើកឡើងថា លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុង ស្រុក ដែលមានអង្គ​បោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ចំនួនជាងមួយម៉ឺននាក់ (១១៤៥៩នាក់) ក្នុងនោះអវត្តមានចំនួនបីនាក់ ដោយសារជំងឺ និងដោយសារមិនមកបោះឆ្នោត។ អ្នកទាំងបីនាក់នោះ ម្នាក់នៅខណ្ឌដូនពេញ និងខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ និងម្នាក់ទៀតនៅស្រុកស្អាង ខេត្តកណ្តាល ។ ចំនួនការិយាល័យនៅទូទាំងប្រទេស មានចំនួន១៩៧​ការិយាល័យ។

លោកបានបន្តថា ការបោះឆ្នោតក្រុមប្រឹក្សានាថ្ងៃអាទិត្យនេះ មានបណ្តឹងមួយក្នុងខេតុ្តព្រៃវែង ប្តឹងដោយ​តំណាង​គណបក្សប្រជាជនកម្ពុជាលោក ជិន សារិត ពាក់ព័ន្ធនិងសន្លឹកឆ្នោតប្រឡាក់ថ្នាំ ដែលដំបូងមិនយកជាបានការ តែ​ក្រោយមកយកជាបានការវិញ។ បណ្តឹងនេះ កំពុងស្ថិតក្នុងចំណាត់ការដោះស្រាយរបស់ប៉ិច។ លោកលើកឡើងថា បើទោះបីជាមានចំនួនអវត្តមាន នៃអ្នកបោះឆ្នោតបីរូប និងមានបណ្តឹងមួយនេះក៏ពិតមែន តែការបោះឆ្នោតនៅតែ​ដំណើរការ​ជាប្រក្រតី។

ស្របនឹងការលើកឡើងខាងលើនេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានធ្វើការប្រៀបធៀបថា ទោះយ៉ាង​ណា ការបោះឆ្នោតក្រុមប្រឹក្សាឆ្នាំ២០១៤នេះ មានភាពប្រដេញប្រសងគ្នា បើធៀបទៅនឹងការ​បោះឆ្នោតក្នុងឆ្នាំ​២០០៩​កន្លងមក។ លោកបានបន្តថា ក្នុងឆ្នាំ២០១៤នេះ មានចំនួន២២២បណ្ឌល ២៥ខេត្ត និង១៩៧ ក្រុមប្រឹក្សា ដែលកាល​ពីឆ្នាំ២០០៩ មានតែ២៤ខេត្ត និង១៩៧ក្រុមប្រឹក្សាប៉ុណ្ណោះ។ ក្នុងឆ្នាំ២០១៤នេះ សមាជិកក្រុមប្រឹក្សាអវត្តមាន មិន​បានមកបោះឆ្នោតចំនួន៣នាក់ ធៀបទៅនឹងឆ្នាំ២០០៩ ដែលអវត្តមានចំនួន៤នាក់។

លោក ទេព នីថា បានបន្ថែមថា សមាជិក្រុមប្រឹក្សាដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងឆ្នាំ២០១៤នេះ មាន​ចំនួន​ជាងប្រាំបីពាន់នាក់ និងសំឡេងគាំទ្រគណបក្សសម រង្សី រួមនិងគណបក្សសិទ្ធិមនុស្ស មានចំនួនជាងបីពាន់នាក់។

បើយោងតាមលទ្ធផលនែការប្រកាសតាមទូរទស្សជាតិកម្ពុជា (ទទក) លទ្ធផលបណ្តោះអាសន្ន គណបក្សប្រជាជន​កម្ពុជាទទួលបានអាសនៈ នៅក្រុមប្រឹក្សារាជធានីខេត្តចំនួនជាងបីរយអាសនៈ និងនៅក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន ២.២៣៧អាសនៈ។

ឯគណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈនៅក្រុមប្រឹក្សារាជធានីខេត្ត ចំនួន៨៦អាសនៈ និងនៅក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន៦៨៣អាសនៈ។

រីឯគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបានមួយអាសនៈនៅក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងនៅក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន១៩អាសនៈ។ ចំពោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បោះឆ្នោតនៅក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទទួលបានចំនួនមួយអសនៈ។

នៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការ គណបក្សសង្គ្រោះជាតិកាលពីល្ងាចថ្ងៃទី១៨ ខែឧសភាម្សិលម៉ិញនេះ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានលើកឡើងថា តាមការបូកលទ្ធផលនៃបោះឆ្នោតក្រុមប្រឹក្សា ដោយ​គណបក្សរបស់លោក ក្នុងនោះថ្នាក់រាជធានីខេត្ត គណបក្សសង្គ្រោះជាតិទទួលបាន ពី៨៧អាសនៈ ដែលកាល​ពីអាណត្តិទីមួយទទួលបាន ៦១អាសនៈ និងលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ គឺទទួលបាន ៦៧៧ ដែល​កាលពី អាណត្តិទីមួយទទួលបានតែ ៥១៨អាសនៈប៉ុណ្ណោះ។

ប្រធានគណបក្សប្រឆាំង បានបន្តថា គណបក្សសង្គ្រោះជាតិទទួលបានចំនួន ៧៦៤អាសនៈ កើនឡើងជាង​អាណត្តិ​ទីមួយ ចំនួន ១៨៥អាសនៈ ដែលមានន័យថា អាណត្តិទីមួយ គណបក្សសង្គ្រោះជាតិទទួលបានតែ ៥៧៩អាសនៈ។ លោកបានចាត់ទុកថា ការកើនឡើងសំឡេងឆ្នោតនេះ អាចធ្វើឲ្យកម្លាំងប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានភាព​រស់រវើកបាន ហើយក៏អាចទប់ទល់ ជាមួយគណបក្សកាន់អំណាច មិនឲ្យជិះសេះលែងដៃបានដូច្នោះដែរ។ «គណបក្ស​កាន់អំណាចបានព្យាយាម និងប្រើប្រាស់ទឹកប្រាក់ ដើម្បីទិញទឹកចិត្តអង្គបោះឆ្នោតគណបក្សសង្គ្រោះជាតិ។ (...) បើ​ទោះជាមានសមាជិកគណបក្សនេះមួយចំនួនតូច បានយល់ព្រមទទួលយកការទិញទឹកចិត្តនេះក៏ដោយ ក៏សមាជិក​ដទៃទៀត នៃក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សប្រជាជនកម្ពុជាបានគាំទ្រ និងបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ​វិញដែរ។»

បើយោងតាមការប្រកាស ដោយគណបក្សប្រជាជនកម្ពុជាវិញ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ឆ្នាំ២០១៤ បានផ្សព្វផ្សាយចេញក្នុងគេហទំព័ត៌របស់ខ្លួនបានបញ្ជាក់ថា គណបក្សនេះ (ប្រជាជនកម្ពុជា) ទទួលបានអាសនៈក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ មានភាពនាំមុខ​ទាំង​អស់។ មានន័យថាគណបក្សប្រជាជនកម្ពុជា ទទួលបានសំលេងប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ទាំង២៥ នៅទូទាំង​ប្រទេស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...