ម្ចាស់​ជើងឯក​អ៊ឺរ៉ុប ចាក់​ក្រឡេក បាយ៉ឺន ដល់​ផ្ទះ

បើក្រុម រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) អាចមកចាក់ក្រឡេក ក្រុម បាយ៉ឺនមូនិឆ (Bayern Munich- អាល្លឺម៉ង់) ដល់ផ្ទះ ដោយពិន្ទុ ២-១ នោះ គឺដោយសារកំហុស របស់ខ្សែការពារ របស់ក្រុម បាយ៉ឺន ខ្លួនឯង។ ជ័យជំនះ របស់ក្រុម រៀលម៉ាឌ្រីត នឹងអនុញ្ញតឲ្យក្រុមនេះ មានប្រៀបយ៉ាងច្រើន សម្រាប់ការប្រកួត «ត្រឡប់» ដែលនឹងត្រូវធ្វើ ក្នុងរាជធានី ម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ក្នុងសប្ដាហ៍ខាងមុខ។
ម្ចាស់​ជើងឯក​អ៊ឺរ៉ុប ចាក់​ក្រឡេក បាយ៉ឺន ដល់​ផ្ទះ
កីឡាករ ម៉ាសឺឡូ របស់ក្រុម រៀល បញ្ចេញសន្ធឹកជើង ទាត់បាល់ដែលមិនព្រាងទុក បញ្ចូលទីក្រុម បាយ៉ឺន នៅនាទីទី៤៤។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី ២៥ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 26, 2018
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមពិតទៅ ក្រុមបាល់ទាត់យក្សទាំងពីរ ធ្លាប់បានជួបគ្នា ជាច្រើនដងហើយ ខណៈលទ្ធផលវិញ ក្រុម បាយ៉ឺនមូនិឆ (Bayern Munich) របស់ប្រទេសអាល្លឺម៉ង់ មិនសូវមានវាសនាប៉ុន្មាន ទល់នឹងក្រុម រៀលម៉ាឌ្រីត (Real Madrid) របស់ប្រទេសអេស្ប៉ាញនោះទេ។

សម្រាប់ការប្រកួត «ទៅ» វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ប្រចាំឆ្នាំ២០១៧-២០១៨ ក្នុងយប់នេះ ក្រុម រៀល ដែលកំពុងកាន់តំណែង ជាជើងឯកឆ្នាំទៅម៉ិញ នៅក្នុងដៃផងនោះ បានយកឈ្នះលើក្រុម បាយ៉ឺន ជាថ្មីទៀត នៅក្នុងកីឡដ្ឋាន «Allianz Arena» របស់ក្រុម បាយ៉ឺន។

នៅក្នុងការប្រកួត ដែលមានរយៈពេលជាង ៩០នាទី និងបើទោះជា កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) កំពូលខ្សែប្រយុទ្ធរបស់ក្រុម រៀល មិនសូវមាន​សកម្មភាព​យ៉ាងណាក្ដី តែកីឡាករភាគច្រើន របស់ក្រុម រៀល សុទ្ធតែមានថ្វីជើង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ ចែក បញ្ជូន និងទាត់បាល់ បញ្ចូលទី។ គ្រាប់បាល់ទាំងពីរគ្រាប់ របស់ក្រុម រៀល រកបាននៅនាទីទី ៤៤ ដោយការទាត់មិនព្រាងទុក របស់កីឡាករខ្សែការពារជាតិប្រេស៊ីល កីឡាករ ម៉ាសឺឡូ (Marcelo) និងនៅនាទីទី៥៧ ដោយខ្សែបម្រើជាតិអេស្ប៉ាញ កីឡាករ អាសេនស៊ីយ៉ូ (Marco Asensio) ដែលឆ្លៀតឱកាស ពីកំហុសរបស់ខ្សែការពារ របស់ក្រុម បាយ៉ឺន។

ចំពោះក្រុម បាយ៉ឺន វិញ បន្ទាប់ពីរកគ្រាប់បាល់បាន នៅនាទីទី២៨ ដោយកីឡាករ «Kimmich» នោះរួច ក្រុមនេះក៏មានឱកាសជាច្រើនទៀតដែរ ក្នុងការទាត់បញ្ចូលទី របស់ក្រុម រៀល។ ប៉ុន្តែ ប្រសិទ្ធិភាព និងថ្វីជើង មានភាពខុសគ្នា រវាងក្រុមកីឡាករ នៃក្រុមទាំងពីរ។ ណាមួយទៀត កីឡាករម្ទេសចាស់ របស់ក្រុម បាយ៉ឺន គឺកីឡាករ រ៉ូបេន (Arjen Robben) បានរងរបួស តាំងពីចូលប្រកួតបានបន្តិច នៅនាទីទី ៨។ នេះ គេនៅមិនទាន់និយាយផងទេ ថាកីឡាករសំខាន់ៗ ៤នាក់ (David Alaba - Manuel Neuer - Kingsley Coman និង Arturo Vidal) របស់ក្រុម បាយ៉ឺន សុទ្ធតែរងរបួស មិនបានចូលប្រកួត។

ជ័យជំនះរបស់ក្រុម រៀល នៅខាងក្រៅផ្ទះ ពិតជាផ្ដល់ប្រៀបយ៉ាងច្រើន សម្រាប់ការប្រកួត «ត្រឡប់» ដែលនឹងត្រូវធ្វើ ក្នុងកីឡដ្ឋាន «Santiago-Bernabéu» របស់ក្រុម រៀល នាសប្ដាហ៍ខាងមុខ។ មានប្រៀបច្រើន ព្រោះក្រុម បាយ៉ឺន ត្រូវរកគ្រាប់បាល់ឈ្នះ ឲ្យបានច្រើនជាងក្រុម រៀល យ៉ាងហោាចណាស់ ដូចក្នុងលក្ខខណ្ឌ ០-២ ឬ ២-៣ នេះជាដើម។ ប៉ុន្តែ នៅចំពោះក្រុម រៀលម៉ាឌ្រីត ដែលជាម្ចាស់តំណែងជើងឯក ពីរជំនាន់ជាប់គ្នា និងដែលពោរពេញ ដោយកម្លាំងដ៏ខ្លាំងក្លានេះ ក្រុម បាយ៉ឺន ហាក់មានសង្ឃឹមតិចតួចណាស់៕

» សង្ខេបការប្រកួត នៃក្រុមបាល់ទាត់យក្សទាំងពីរ​ឡើងវិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...