បក្សសង្រ្គោះជាតិ ហុចដៃទៅបក្សប្រជាជនជាថ្មី
- ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 19, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាថ្មីម្តងទៀតគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់បានបង្ហាញចេតនា បន្តចរចានយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីដោះស្រាយភាពជាប់គាំងផ្នែកនយោបាយ ដែលបានអូសបន្លាយតាំងពីក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣។
លោក សម រង្ស៊ី និងលោក កឹម សុខា ធ្វើសន្និសីទសារព័ត៌មាន នៅស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
នយោបាយ -លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការកណ្តាលគណបក្ស ថ្ងៃទី១៨ ខែឧសភា ថារហូតមកដល់ពេលនេះ គណបក្សសង្រ្គោះជាតិ បានរក្សាបំណងចរចាជាមួយគណបក្សប្រជាជនកម្ពុជា តែដោយសារជាប់រវល់ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ ទើបបណ្តាលឲ្យមានការអូសបន្លាយពេល។
ក្នុងឱកាសនោះប្រមុខគណបក្សជំទាស់ដែលនេះបញ្ជាក់ថា៖ «ចាប់ពីស្អែកនេះទៅ យើងមានពេលទំនេរដើម្បីគិតគូរ ពីដំណោះស្រាយភាពទាល់ច្រកនយោបាយ យើងនឹងចាត់គណៈប្រតិភូយើង តំណាងយើងតាមបែបបទសមរម្យ ដើម្បីមានទំនាក់ទំនងជាមួយគណបក្សមួយទៀត ដើម្បីរកដំណោះស្រាយមួយឲ្យបានយុត្តិធម៌ ស្របតាមឆន្ទៈប្រជារាស្រ្ត។»
ចំពោះការអះអាងពីបំណងចរចាជាមួយគណបក្សប្រជាជនកម្ពុជាជាថ្មី ដោយគណបក្សសង្រ្គោះជាតិនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាណាម្នាក់ ដើម្បីធ្វើសេចក្តីអត្ថាធិប្បាយបាននៅឡើយ។
លោក ហ៊ុន សែន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា កាលពីចុងខែមេសា ធ្លាប់បានចោទប្រកាន់គណបក្សសង្រ្គោះជាតិថា គណបក្សនេះគ្មានឯកភាពផ្ទៃក្នុងរបស់គណបក្ស ហើយក៏គ្មានឆន្ទៈពិតប្រាកដ ដើម្បីចរចាបញ្ចប់ជម្លោះនយោបាយដូចគណបក្សប្រជាជនកម្ពុជារបស់លោកនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែណ បានអះអាងបន្តថា រដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិទីប្រាំនេះ កំពុងដំណើរការទៅមុខជាប្រក្រតី ហើយគណបកប្រជាជនកម្ពុជា ក៏មិនខ្វល់ខ្វាយ នឹងការចរចានយោបាយជាថ្មី ជាមួយគណបក្សសង្រ្គោះជាតិ នោះដែរ។
ប៉ុន្តែបើទោះជាលោក ហ៊ុន សែន បានអះអាងពីការមិនខ្វល់ខ្វាយយ៉ាងណាក៏ដោយ ក៏គេនៅតែកត់សម្គាល់ឃើញថា លោក ស ខេង និងលោក ជាម យៀប ជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ជាបន្ទបន្ទាប់ បានថ្លែងប្រាប់ប្រព័ន្ធព័ត៌មានក្នុងស្រុកថា គណបក្សប្រជាជនកម្ពុជា មិនបានបោះបង់ការបន្តចរចាជាមួយគណបក្សសង្រ្គោះជាតិ នោះទេ តែបានព្រមានថាគណបក្សសង្រ្គោះជាតិ គម្បីប្រុងប្រយ័ត្ន ពីគោលជំហរចរចា៕