សង្គមស៊ីវិលជាង៤០អង្គការ ប្រតិកម្មនឹងការប្រកាសលទ្ធផលឆ្នោត របស់គ.ជ.ប
ភ្នំពេញ៖ បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោតឆ្នាំ២០១៣ ដែលមានអង្គការជាង៤០ចូលរួម បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ដោយសម្តែងការខកចិត្តទៅលើ ការសម្រេចចិត្ត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការប្រកាសលទ្ធផលនៃការបោះឆ្នោត នៅព្រឹកថ្ងៃចន្ទនេះ ដោយហេតុផលថា បញ្ហាភាពមិនប្រក្រតី មិនទាន់ត្រូវបានដោះស្រាយនៅឡើយ។
សន្និសិតកាសែតរបស់អង្គការសង្គមស៊ីវិល ដែលធ្វើការខាងបោះឆ្នោត នៅទីស្នាក់ការខុមហ្រែល ថ្ងៃទី២៧ខែកក្កដា។ (រូបថត MONOROOM.info/ O. Vary)
សេចក្តីប្រកាសព័ត៌មានរបស់អង្គការជាង ៤០ ចេញផ្សាយនៅថ្ងៃទី១២ខែសីហា ឲ្យដឹងថា ការស៊ើបអង្កេតឲ្យមានតម្លាភាព និងឯករាជ្យ ទៅលើភាពមិនប្រក្រតី និងការបញ្ជាក់ពីភាពមិនស្របគ្នា រវាងលទ្ធផលបោះឆ្នោត ដែលអះអាងដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនទាន់ត្រូវបានបញ្ជាក់។ នៅក្នុងសេចក្តីថ្លែងការណ៍បានបន្តថា ៖ «ការសម្រេចចិត្តនេះ ធ្វើឲ្យមានការប្រឈម ក្នុងដំណើរការចរចារវាងគណបក្សទាំងពីរ ហើយក៏នឹងបង្កើនភាពតានតឹង ដែលមានស្រាប់របស់អ្នកបោះឆ្នោត អាចនឹងធ្វើឲ្យមានអស្ថិរភាពនៅក្នុងសង្គម»។
នៅក្នុងសេចក្តីថ្លែងការណ៍ ក៏បានរំលឹកដល់ការព្រួយបារម្ភ របស់អ្នកករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិលើបញ្ហាសិទ្ធមនុស្ស ដែលទទួលស្គាល់ថា ប្រសិនបើ ដំណើរការបោះឆ្នោតធ្វើឡើង មិនផ្អែកលើការពិត និងការជឿទុកចិត្តពីម្ចាស់ឆ្នោតទេនោះ មូលដ្ឋានគ្រឹះនៃស្ថាប័ននយោបាយ និងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ដែលបង្កើតឡើងដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងត្រូវរង្គោះរង្គើ ហើយប្រទេសកម្ពុជា អាចនឹងធ្លាក់ទៅក្នុងស្ថានភាព នៃការប្រើអំពើហិង្សា។
លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប បានមានប្រសាសន៍ថា ការសម្រេចប្រកាសលទ្ធផលបណ្ដោះអាសន្ននេះ បន្ទាប់ពីអនុកម្មការ គ.ជ.ប បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើរបាយការណ៍ ស្ដីពីភាពមិនប្រក្រតីពាក់ព័ន្ធនឹងការបោះឆ្នោត ដែលដាក់ដោយភាគីនានារួចហើយ ដោយមិនអាចរង់ចាំដំណោះស្រាយ ពីការជាប់គាំងរឿងបង្កើតគណៈកម្មការ ចំពោះកិច្ចចម្រុះនោះបានទេ។ លោកបានថ្លែងឲ្យដឹងថា ៖ «មានភាពមិនប្រក្រតីមួយចំនួន តែវាមិនមានសភាពធ្ងន់ធ្ងរដែលនាំឱ្យប៉ះពាល់ទេ ដូច្នេះហើយបាន គ.ជ.ប សម្រេចថា ករណីហ្នឹងគឺយើងបានត្រួតពិនិត្យហើយ យើងទុកឯកសារហ្នឹងមួយចំនួន ដែលយើងរកឃើញ ហើយក៏ជាឯកសារមេរៀនពិសោធន៍សម្រាប់ការបោះឆ្នោតទៅថ្ងៃក្រោយ»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ដរាបណាពាក្យបណ្តឹងជាច្រើន ប្តឹងពីភាពមិនប្រក្រតី នៃការបោះឆ្នោត គ.ជ.ប មិនទាន់ដោះស្រាយ ឲ្យបានចប់សព្វគ្រប់ លទ្ធផលបណ្តោះអាសន្ននោះ មិនគួរធ្វើឡើងនៅពេលនេះឡើយ។ លោកបានបញ្ជាក់ថា ៖ «គណបក្សសង្គ្រោះជាតិនៅតែរក្សាជំហរដដែល បើមិនដោះស្រាយភាពមិនប្រក្រតី ដែលយើងបានដាក់ជូនទៅ គ.ជ.ប ឱ្យដោះស្រាយទេ គឺយើងមិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតនេះទេ»។
លោកបានថ្លែងឲ្យដឹងទៀតថា ទាំងប្រជាពលរដ្ឋ ទាំគណបក្សប្រឆាំង ទាំងអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងបណ្ដាប្រទេសធំៗលើពិភពលោក គេលែងចាប់ អារម្មណ៍ជាមួយកិច្ចការរបស់ គ.ជ.បទៀតហើយ ដូច្នេះការប្រកាសលទ្ធផលរបស់ គ.ជ.ប នាព្រឹកនេះ ត្រូវបានគេដឹងថាវាគ្មានអ្វីប្រែប្រួលនោះទេ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក៏បានសរសេរនៅក្នុងបណ្តាញសង្គមរបស់លោកដែរថា ការប្រញាប់ប្រកាសលទ្ធផលបោះឆ្នោតបណ្ណោះអាសន្ន ដែលគ.ជ.បគ្រោងធ្វើឡើងនៅម៉ោង ៩ ព្រឹកនេះ «ហាក់បីដូចជាស្ថិត ក្រោមសម្ពាធបុគ្គលកាន់អំណាចណាម្នាក់»។
កាលពីព្រឹកថ្ងៃទី ១២ ខែសីហា គ.ជ.ប បានប្រកាសលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ នៅម៉ោង០៩ព្រឹកថ្ងៃចន្ទ តាមទូរទស្សន៍ជាតិកម្ពុជា ប៉ុន្តែពុំបានកំណត់ចំនួនអសនៈ និងចំនួនសរុបនៃអ្នកបោះឆ្នោតឲ្យគណបក្សធំៗពីរនោះទេ គឺគ្រាន់តែប្រកាសលទ្ធផលតាមខេត្តតែប៉ុណ្ណោះ។ បើតាមការបូកសរុបលទ្ធផលទូទាំងរាជធានី ខេត្តបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងសរុប ៣២៣៥៩៦៩សំឡេង ខណៈគណបក្សសង្គ្រោះជាតិទទួលបាន ២៩៤៦១៧៦សំឡេង ពោលគឺខុសគ្នា ២៨៩៧៩៣សំឡេង។
គណបក្សសង្គ្រោះជាតិ ព្រមានធ្វើមហាបាតុកម្មទូទាំងប្រទេស ដើម្បីទាមទារឲ្យមាន ការដោះស្រាយចំពោះភាពមិនប្រក្រតីនៅពេលបោះឆ្នោត ប៉ុន្តែរហូតដល់ថ្ងៃទី១១ ខែសីហានេះ ភាគីពាក់ព័ន្ធមិនទាន់ឯកភាពគ្នា បង្កើតគណៈកម្មការចម្រុះដើម្បីដោះស្រាយ ភាពមិនប្រក្រតីទាំងនោះនៅឡើយទេ៕
-----------------------------------------------------
ដោយ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ