ក្នុង​ល័ក្ខខ័ណ្ឌ​បី​របស់​បក្ស​សង្រ្គោះ​ជាតិ គ្មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ទេ

គណបក្សសង្រ្គោះជាតិ បានអះអាងថា គណបក្សខ្លួននឹងទម្លាក់ចោល ការធ្វើពហិការ ហើយទំនងជាសម្រេចចូល​ប្រជុំសភាភ្លាម ប្រសិនប្រើគណបក្សប្រជាជនកម្ពុជា ឯកភាពលើល័ក្ខខ័ណ្ឌអត្ថិភាពបីចំណុច ដែលស្នើឡើង​ដោយ​គណបក្សសង្រ្គោះជាតិ។ លក្ខខណ្ឌបីយ៉ាង ដែលគណបក្សសង្រ្គោះជាតិ ស្នើដល់គណបក្សប្រជាជនកម្ពុជានេះ ក៏​ទទួលបានការសាទរ ពីមេដឹកនាំអង្គការសង្គមស៊ីវិលផងដែរ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 17, 2014
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នយោបាយ - «ទី១.កែទម្រង់ស្ថាប័នបោះឆ្នោតចាប់ផ្ដើមចេញពី (គ.ជ.ប) ទី២. កែទម្រង់រដ្ឋសភាឲ្យមាន​តុល្យភាព​អំណាច និងទី៣. ទាមទារឲ្យបើកទូលាយនូវប្រព័ន្ធផ្សព្វផ្សាយ»។ នេះជាការសង្កត់ធ្ងន់របស់លោកកឹម សុខា អនុ​ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងឱកាសវិលត្រឡប់ ពីបំពេញបេសកកម្មក្រៅប្រទេស មកដល់ព្រលានយន្តហោះ​អន្តរជាតិរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ នេះ។

បើតាមអនុប្រធានគណបក្សជំទាស់រូបនេះ អះអាងថាល័ក្ខខ័ណ្ឌទាំងបី ដែលគណបក្សសង្រ្គោះជាតិលើកឡើង គឺ​ដើម្បីធានាថាប្រទេសកម្ពុជា និងប្រតិបត្តិតាមលិទ្ធិប្រជាធិបតេយ្យពិតប្រាកដ តាមរយៈការផ្តល់ឱកាសសមរម្យ​ដល់​គណបក្សជំទាស់ និងភាគីពាក់ព័ន្ធ អាចសហការ និងត្រួតពិនិត្យសកម្មភាពរបស់រដ្ឋាភិបាលដោយប្រសិទ្ធិភាព។ លោក កឹម សុខា លើកឧទាហរណ៍បញ្ជាក់ថា៖ «យើងចង់ ឲ្យវិទ្យុទូរទស្សន៍ជាតិ ជារបស់ទាំងអស់គ្នា មិនមែនជា​របស់គណបក្សប្រជាជនកម្ពុជាតែមួយ។»

ពីក្នុងចំណោមល័ក្ខខ័ណ្ឌទាំងបីខាងលើ មិនឃើញមានការទាមទារឲ្យមានការបោះឆ្នោត សារជាថ្មីឡើងវិញនោះទេ។ ល័ក្ខខ័ណ្ឌទាមទារឲ្យធ្វើការបោះឆ្នោតឡើងវិញ ដែលគណបក្សប្រឆាំងមួយនេះ តែងថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួន។

គណបក្សប្រជាជនកម្ពុជា ដែលធ្លាប់បដិសេធរួចទៅហើយ ចំពោះលក្ខខណ្ឌដែលស្នើឡើង ដោយគណបក្ស​សង្រ្គោះ​ជាតិកន្លងមកនោះ នៅពេលនេះបានព្រមានជាថ្មី ថាគណបក្សប្រជាជនកម្ពុជា អាចនឹងបញ្ឈប់ការចរចាប្រសិនបើ គណបក្ស​សង្រ្គោះ​ជាតិ នៅបន្តដាក់របៀបវីរៈថ្មីៗ ដែលជាឧបសគ្គដល់ដំណើរការចរចា។

គណបក្សកំពុងគ្រប់គ្រងអំណាចនេះ បានឲ្យដឹងថា ពិសេសសំណើ សុំសំឡេងពីហាសិបបូកមួយ​ទៅសំឡេងពីរ​ភាគបី របស់សមាជិកសភា ដើម្បីអនុម័តសមាសភាព សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ លោកព្រំ សុខា ប្រធានក្រុមការងារបច្ចេកទេសខាងគណបក្សប្រជាជនកម្ពុជាបានព្រលយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុង​ស្រុកកាលពីពេលថ្មីៗនេះថា ៖ «បើគាត់ (គណបក្សសង្រ្គោះជាតិ) មិនចង់មានដំណោះស្រាយទេ មានតែ​បន្ត​អ៊ីចឹង​មួយអាណត្តិហើយ(...)។»

​លោក ជាម យៀប ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ និង​សវនកម្ម​ជាតិ​នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ធ្លាប់ថ្លែង​ចំអកកន្លងមក តាមរយៈទស្សនាវដ្ដីមនោរម្យ.​អាំងហ្វូ ថា៖ «បើគណបក្សសង្រ្គោះជាតិ ធ្វើ​ពហិការមិនចូលប្រជុំរដ្ឋសភា មិនចូលទៀតទៅ ដល់ឆ្នាំ២០១៨ តែ​ម្តង​ទៅ។ »

តែលោក គល់ បញ្ញា នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បាន​ពន្យល់​ប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ នេះថា គណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្គ្រោះជាតិ គម្បីមានឆន្ទៈពិតប្រាកដ និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការធ្វើកំណែទម្រង់ស្ថាប័នដែលពាក់ព័ន្ធ ជាជាងសម្លឹងមើលផលប្រយោជន៍នយោបាយច្រើនជាង។

មន្ត្រីមេដឹកនាំអង្គការសង្គមស៊ីវិល ជំនាញខាងការបោះឆ្នោតរូបនេះ បានថ្លែងទៀតថា៖ «ទំនាស់​អាចនឹងមាន​រយៈ​ពេលយូរ។ យល់ល្អ យើងដូរទៅជាប្រព័ន្ធមួយ ដែលអាចឲ្យសភាអនុម័ត ស្រុះស្រួលទាំងគណបក្សក្នុងរដ្ឋាភិបាល និងគណបក្សក្រៅរដ្ឋាភិបាល តែមានអាសនៈនៅក្នុងសភា។ បើយកហាសិបបូកមួយ វាឲ្យអំណាចទៅ​រដ្ឋាភិបាល​អនុម័តយក អាហ្នឹងវាបង្កើតបញ្ហាដដែល សម្រាប់ការបោះឆ្នោតលើកក្រោយទៀត»។ លោកគល់ បញ្ញា បន្ថែមថា ត្រូវមានគោលការណ៍មួយរឹងមាំ អាចទទួលយកបានទាំងអស់គ្នា ហើយក៏មិនបណ្តាលឲ្យមានការជាប់គាំងជាថ្មី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...