សម រង្ស៊ី៖ ប្រជាជនភ្ញាក់រលឹក ដើម្បីការផ្លាស់ប្ដូរតាមបែបប្រជាធិបតេយ្យ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: July 21, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានគណបក្សប្រឆាំងនៅកម្ពុជា ដែលទើបនឹងត្រឡប់ចូលប្រទេសវិញ នៅថ្ងៃសុក្រទី១៩ខែកក្កដាកន្លងទៅនេះ បានបរិហារពីការបំភិតបំភ័យទាំងឡាយ ដែលបានធ្វើទៅលើអ្នកស្និត នឹងគណបក្សរបស់លោក ហើយនឹងត្រៀមចាត់ទុក ការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាខាងមុខ ថាគ្រាន់តែជា«ឆាកល្ខោន»មួយ ប្រសិនណាលោកមិនអាចឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្របាន។
លោក សម រង្សី ផ្ដល់កិច្ចសម្ភាសទៅឲ្យក្រុមអ្នកកាសែត។ (រូបថត AAP file)
មនុស្សសំខាន់ដែលគេចាត់ទុកថា ជាគូរប្រជែងតែមួយគត់ទល់នឹងលោកហ៊ុន សែន បានត្រឡប់ចូលក្នុងប្រទេសកម្ពុជាពិតមែនហើយ តែលោកត្រូវបានគេលប់ឈ្មោះចេញពីបញ្ជីបោះឆ្នោត ហើយនឹងមិនអាចចូលរួមក្នុងការបោះឆ្នោតនេះបានទេ។ នេះ បើតាមការប្រកាសរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយលើកពីច្បាប់បោះឆ្នោត ដែលគណកម្មាធិការនេះគិតថា នៅជាធរមាននោះ។
នៅក្នុងកិច្ចសម្ភាសមួយទៅឲ្យវិទ្យុអាស៊ីសេរី លោក សម រង្ស៊ី បានថ្លែងប្រកាសថា «ខ្ញុំអត់ចូលរួម (ក្នុងការបោះឆ្នោត) ក៏បានដែរ ដើម្បីដល់បោះឆ្នោតហើយ ប្រជារាស្ត្រខ្មែរទាំងអស់យើងនឹងតវ៉ា ហើយអន្តរជាតិទាំងមូល គេនឹងថ្កោលទោស ថាការបោះឆ្នោតនៅស្រុកខ្មែរ ជាការបោះឆ្នោតលេងសើច»។ លោកបានបន្ថែមថា «ពេលនោះយើងនឹងទាមទារ ឲ្យមានការបោះឆ្នោតត្រឹមត្រូវ ពិតប្រាកដ ដើម្បីឲ្យប្រជារាស្ត្រខ្មែរសម្រេចវាសនាប្រទេសកម្ពុជា»។
លោក សម រង្សី បានត្រឡប់ចូលមកប្រទេសកម្ពុជាវិញ កាលពីថ្ងៃសុក្រទី១៩ខែកក្កដាកន្លងទៅ ជាមួយនឹងការមកទទួលស្វាគមន៍ នៃបណ្ដាហ្វូងមនុស្សរាប់សិបម៉ឺននាក់ យ៉ាងពពាក់ពពូន ដែលអ្នកសង្កេតការណ៍បានសម្លឺងឃើញ ពីសន្ទុះនៃការចង់បិទបញ្ចប់នូវរបបមួយ ដែលកាន់អំណាចដោយកណ្ដាប់ដៃដែក របស់នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន។
ឆ្លើយនឹងសំនួរបស់កាសែតបារាំងមួយឈ្មោះ ឡិចស្ព្រេស (l'Express) ដែលចង់ដឹងថា តើកម្ពុជាសព្វថ្ងៃមានអ្វីខ្លះដែលបានផ្លាស់ប្ដូរ លោក សម រង្សីបានឆ្លើយថា «ប្រជាជនកម្ពុជាសព្វថ្ងៃ ភ្ញាក់រលឹកឡើងហើយ។ (...) ការឃោសនារបស់ គណបក្សប្រជាជនដែលលើកពីគុណស្រ័យ ថាខ្លួនបានរំដោះប្រជាជនចេញពីរបបខ្មែរក្រហម ហើយអួតថាខ្លួនបានដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃប្រសើរជាងរបបខ្មែរក្រហមនោះ វាហួសសម័យហើយ។ មានការក្ដៅក្រហាយកាន់តែច្រើនឡើងៗ ពីសំណាក់ប្រជារាស្ត្រ ពីអំពើពុករលួយ ពីជីវភាពដែលកាន់តែយ៉ាប់យ៉ឺនទៅៗ ហើយពួកគេធុញទ្រាន់ ពីការកាន់អំណាចជិត៣០ឆ្នាំនៃរបបតែមួយ និងពីសំណាក់មនុស្សតែម្នាក់បែបនេះ។»
មួយវិញទៀត ការវិលត្រឡប់ចូលកម្ពុជាវិញរបស់ប្រធានគណបក្សប្រឆាំងរូបនេះ ក៏មានទាក់ទងតិចឬច្រើនដែរ ទៅនឹងសេចក្ដីអំពាវនាវ កាលពីពេលថ្មីៗរបស់អ្នកតំណាងរាស្ត្រអាមេរិកាំង សុំឲ្យសហរដ្ឋអាមេរិក ធ្វើការផ្ដាច់ជំនួយមកកាន់ប្រទេសកម្ពុជា ក្នុងករណីដែលការបោះឆ្នោតនេះ មិនសេរីត្រឹមត្រូវ និងយុត្តិធម៌។ ចំណែកឯអង្គការសហប្រជាជាតិវិញ បានសុំឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ ទុកតួនាទីដ៏ពេញលេញមួយ សម្រាប់មេគណបក្សប្រឆាំងលោក សម រង្សី នៅក្នុងការបោះឆ្នោតនេះ។
បន្ទាប់មកតែប៉ុន្មានថ្ងៃប៉ុណ្ណោះ សភាពការណ៍នយោបាយកម្ពុជា បានផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ដែលរហូតឈានទៅដល់ការវិលត្រឡប់មកកម្ពុជាវិញ របស់មេគណបក្សប្រឆាំងមួយនេះ។ ទោះជាយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលក្រុងភ្នំពេញនៅតែប្រកាន់ថា នោះជានយោបាយបង្រួបបង្រួមជាតិ របស់កម្ពុជាដែលមានភាពចាស់ទុំកាន់តែច្រើន ហើយមិនបានស្ដាប់តាមការបង្គាប់បញ្ជា របស់បរទេសណាទេ។ ព្រឹត្តិការណ៍បានកើតឡើង បន្ទាប់ពីមានការលើកលែងទោសលោក សម រង្ស៊ី ពីព្រះមហាក្សត្រ ដោយមានការស្នើសុំពីលោកហ៊ុន សែននោះផង។
ទាក់ទងនឹងហេតុផលដែលជម្រុញឲ្យលោកហ៊ុនសែន ធ្វើដូចនេះ លោក សម រង្សី បានឆ្លើយប្រាប់កាសែត ឡិចស្ព្រេស ទៀតថា «មានមូលហេតុច្រើន។ មួយចំណែក ជាសម្ពាធខាងក្នុងប្រទេស។ (...) ការរួមរួមរវាងអ្នកប្រជាធិបតេយ្យ បានធ្វើឲ្យមានការផ្លាស់ប្ដូរស្ថានការណ៍នយោបាយនៅកម្ពុជា។ (...) មួយចំណែកទៀត ជាសម្ពាធរបស់សាធារណមតិអន្តរជាតិ ជាពិសេសបណ្ដាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានពន្យល់គណបក្សកាន់អំណាចថា ការបោះឆ្នោតមួយដែលគ្មានគណបក្សប្រឆាំង មិនមែនជាការបោះឆ្នោតឡើយ។»
ក្នុងអំឡុងពេលនៃការវិលត្រឡប់ចូលកម្ពុជាវិញ របស់មេគណបក្សប្រឆាំង មានមតិជាច្រើនបានលើកយកមកបកស្រាយវិភាគ ក្នុងនោះនឹងអាចមានការបែកបាក់រវាងសម្ព័ន្ធភាពសម រង្ស៊ី កឹម សុខា និងពីលទ្ធភាពដែលគណបក្សប្រឆាំង អាចនឹងចូលរដ្ឋាភិបាលជាមួយគណបក្សប្រជាជននោះផង។ ឆ្លើយនឹងសំនួរដែលថា លោកអាចនឹងចូលរួមធ្វើរដ្ឋាភិបាល ជាមួយគណបក្សប្រជាជនឬទេនោះ លោក សម រង្សី បានបញ្ជាក់ថា «គ្មានផ្លូវទេ។ ជារឿងពីរខុសគ្នាទាំងស្រុង ដែលត្រូវបញ្ជាក់ឲ្យច្បាស់៖ វាជាស្ថានភាពដូចពីមុន និងការផ្លាស់ប្ដូរតាមបែបប្រជាធិបតេយ្យមួយ៕»
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ