តុលាការ​ហៅ សម រង្ស៊ី ជា​ជន​ជាប់​សង្ស័យ ទាំង​មិន​ទាន់​សួរ​នាំ

នៅក្នុងដីកាចុះថ្ងៃទី០១ ខែសីហា កោះហៅលោក សម រង្ស៊ី ឲ្យចូលទៅបំភ្លឺនៅតុលាការនោះ ព្រះរាជអាជ្ញា​រង​លោក លី សុផាណា បានសរសេរហៅលោក សម រង្ស៊ី ថាជាជន«ជាប់សង្ស័យ» រួចជាស្រេច ខណៈ​ប្រធាន​គណបក្ស​ប្រឆាំង មិនដែល​ត្រូវ​បាន​កោះ​ហៅ ទៅសួរនាំពីមុនមកទេ។ ហើយការដាក់​ពាក្យបណ្ដឹងរបស់មេធាវី ការពារក្ដីឲ្យលោក ហ៊ុន សែន នោះទៀតសោធ ក៏ទើបនឹងដាក់ចូលមកកាន់តុលាការ នៅថ្ងៃទី០១ ខែសីហា ថ្ងៃតែ​មួយ​នោះ​ដែរ។
តុលាការ​ហៅ សម រង្ស៊ី ជា​ជន​ជាប់​សង្ស័យ ទាំង​មិន​ទាន់​សួរ​នាំ
លោក សម រង្ស៊ី ដែលទំព័រមួយនៃរដ្ឋសភាកម្ពុជា នៅតែហៅលោកថា ជាតំណាងរាស្ត្រ​មណ្ឌលខេត្កកំពង់ចាម​នៅឡើយ។ (រូថតផ្តិតពីគេហទំព័ររដ្ឋសភា)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 04, 2016
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភាគីចុងចោទ មិនទាន់ត្រូវបានសួរនាំពីមុនមកទេ ហើយរយៈពេលនៃការដាក់ពាក្យបណ្ដឹង ក៏ដូចជារំលងគ្នា​តែប៉ុន្មានម៉ោងប៉ុណ្ណោះដែរ តែលោក​ព្រះរាជអាជ្ញារង​​នៃសាលាដំបូងរាជធានីភ្នំពេញ បានហៅភាគីចុងចោទ ថាជាជនជាប់សង្ស័យទៅហើយ។ នេះបើគេសំអាងលើ ដីកាកោះមួយចុះថ្ងៃទី០១ ខែសីហា របស់ព្រះរាជ​អាជ្ញា​រង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ដែលបានកោះហៅប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ឲ្យចូលមកឆ្លើយបំភ្លឺ តាមបណ្ដឹង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចុះ​ថ្ងៃទី០១ ខែសីហា​ដដែល ជុំវិញ​ការចោទប្រកាន់ជាសាធារណៈ ថាលោក ហ៊ុន សែន នៅពីក្រោយឃាតកម្ម ទៅ​​លើ​លោក កែម ឡី។

ក្នុងដីកាកោះ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ដែរ នៅក្នុងថ្ងៃទី៣ ខែសីហានេះ បាន​សរសេរ​ថា៖ «យើង លី សុផាណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញ​ឈ្មោះ សម រង្ស៊ី ជាជនជាប់សង្ស័យ (មាន)អាស័យដ្ឋាន (...) ឲ្យចូលទៅកាន់អយ្យការ​ អមសាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ១៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ០៨ ម៉ (និង) ៣០នាទី ព្រឹក ដើម្បីស្ដាប់ចម្លើយ»។

ប្ដឹងថ្ងៃទី១ ខែសីហា កោះហៅថ្ងៃទី១ ខែសីហា...

ការហៅភាគីចុងចោទ ថាជាជនជាប់សង្ស័យភ្លាមៗដូច្នេះ បានបង្កមន្ទិលដល់ដំណើរការនីតិវិធី របស់ស្ថាប័ន​អយ្យការអមសាលាដំបូង ដែលហាក់ដូចជា បានធ្វើចំណាត់ការយ៉ាងរហ័ស ទៅលើពាក្យបណ្ដឹង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈតុលាការ​នៅមិនទាន់កោះហៅភាគីចុងចោទ ឲ្យចូលខ្លួនមកបំភ្លឺ ​ស្រាយ​បន្ទុក​ជា​មុន​នៅ​ឡើយ។ ភាពមន្ទិលនេះ បានបន្ថែមនូវចំណែកមួយទៀត ដែលធ្វើឲ្យគេសង្ស័យកាន់តែខ្លាំងឡើង ពី​«ឯករាជ្យ​ភាព» របស់ប្រព័ន្ធតុលាការនៅកម្ពុជា។

អតីតមន្ត្រីច្បាប់កម្ពុជា លោក ព្រហ្ម គិត ដែលបានតាមដានរឿងរ៉ាវនេះ យ៉ាងដិតដល់ បានសំដែងក្ដី​ងឿង​ឆ្ងល់​ថា ពាក្យបណ្ដឹងរបស់លោក ហ៊ុន សែន ហាក់ត្រូវបាន​ស្ថាប័នតុលាការ​​ចាត់ការ​យ៉ាង​រហ័ស និង​បន្ថែម​បន្ទុក​ដាក់​ទៅ​ភាគី​ចុងចោទ ថាជនជាប់សង្ស័យរួចជាស្រេច។ ទិដ្ឋភាពនេះ ត្រូវបានលោកសង្ស័យថា ជាទម្រង់​មួយ នៃ​ការឃុបឃិតគ្នារវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិតុលាការ ដោយមានការរៀបចំជាមុន។ លោក ព្រហ្ម គិត បាន​និយាយ​ក្នុង​កិច្ចសម្ភាសខ្លីមួយ ជាមួយទស្សនាវដ្ដីនារសៀលថ្ងៃពុធនេះថា៖ «តើពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ ព្រោះបញ្ហារំលោភបំពានផ្សេងៗ ប្រឆាំងនឹងឧកញ៉ាមានប្រាក់ ឬអ្នកមានអំណាចផ្សេងៗនោះ ត្រូវ​បាន​តុលាការ​ចាត់​ការ ដោយប្រើរយៈពេលរលងគ្នា តែប៉ុន្មានម៉ោងដូច្នេះឬ? ហើយថា តើតុលាការបាន​ហៅ​ភាគី​ចុង​ចោទ នៅក្នុងសំនុំរឿងទាំងនោះ ថាជាជនជាប់សង្ស័យ តាំងពីដីកាកោះទីមួយអញ្ចឹងឬទេ?»។

សូមបញ្ជាក់ដែរថា លោក សម រង្ស៊ី ត្រូវបានព្រះរាជអាជ្ញារង លោក លី សុផាណា ចេញដីកាកោះហៅ​នៅក្នុងថ្ងៃទី១ ខែសីហា​តែ​មួយ ជាមួយនឹងអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី នៅក្នុងសំនុំរឿងដូចគ្នា។ តែ​អ្នកទាំងពីរ​ត្រូវចូលខ្លួន នៅថ្ងៃពីរខុសគ្នា៖ អ្នកស្រី ថាក់ ឡានី ចូលខ្លួននៅថ្ងៃទី៨ ខែសីហា ខណៈលោក សម រង្ស៊ី ចូល​ខ្លួន​នៅថ្ងៃទី១៩ ខែសីហាខាងមុខ។ នេះបើតាមការអះអាងឲ្យដឹង ពីសំណាក់លោក លី សុផាណា ខ្លួន​លោក នៅតាមបណ្ដាញសង្គម តេឡេហ្គ្រាម (Telegram)។

ពាក្យបណ្ដឹងរបស់លោក ហ៊ុន សែន ដែលធ្វើឡើងតាមរយៈលោកមេធាវី គី តិច បានដាក់ចូល មកអយ្យការ​អម​សាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦។ លោក ហ៊ុន សែន បានប្ដឹង​ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​សមាជិក​ព្រឹទ្ធសភា​ម​កពី​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ទាក់ទង​នឹង​ការ​ចោទ​ថា រូប​លោក (ហ៊ុន សែន) និង​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ នៃ​ឃាតកម្ម​លើ​លោក កែម ឡី។ ពាក្យបណ្ដឹងនោះ បានស្នើ​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​លោក សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡានី តាម​ផ្លូវ​ច្បាប់ និង​​ទាមទារ​​សំណង​​ជំងឺ​ចិត្ត​ក្នុង​ម្នាក់​ចំនួន ១០០​រៀល៕

» ដីកាកោះហៅលោក សម រង្ស៊ី ពីសំណាក់លោកព្រះរាជអាជ្ញារង លី សុផាណា៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...