ហ៊ុន សែន អរគុណ សម រង្ស៊ី ដែល​បាន​ជូនពរ​លោក​ឲ្យ​ឆាប់​ជា

បន្ថែមពីលើពាក្យថ្លែងអំណរគុណ ចំពោះពាក្យជូនពររបស់លោក សម រង្ស៊ី នោះ គណនេយ្យហ្វេសប៊ុក ដាក់​ឈ្មោះ​លោក ហ៊ុន សែន នៅបាន​ជូនពរ​ត្រឡប់​ទៅ​លោក សម រង្ស៊ី វិញផង។ នេះ បើតាមការ​បង្ហោះ​ជា​មតិ​យោបល់​មួយ ពី​សំណាក់​គណនេយ្យ​ហ្វេសប៊ុក ដាក់​ឈ្មោះ​លោក ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុក របស់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ។
ហ៊ុន សែន អរគុណ សម រង្ស៊ី ដែល​បាន​ជូនពរ​លោក​ឲ្យ​ឆាប់​ជា
ពីឆ្វេងទៅស្ដាំ ខាងមុខ៖ លោក សម រង្ស៊ី និងលោក ហ៊ុន សែន។ (រូបថត MONOROOM.info/ S. Tith)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០៦ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 06, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ម្នាក់ជូនពរទៅ ម្នាក់ទៀតជូនពរមកវិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ ត្រឡប់ទៅលោក សម រង្ស៊ី វិញ បន្ទាប់ពីមេដឹកនាំប្រឆាំងរូបនេះ បានសរសេរជូនពរលោក ឲ្យឆាប់ជាសះស្បើយ ពីជំងឺកាលពីម្សិលម៉ិញ។ នេះ បើតាមមតិយោបល់ពីរឃ្លា ដែលបានសរសេរ ដោយគណនេយ្យហ្វេសប៊ុក ដាក់ឈ្មោះ «Hun Sen» នៅលើទំព័រហ្វេសប៊ុក របស់សារព័ត៌មានក្នុងស្រុកមួយ។

បើតាមសារព័ត៌មាននោះ ដែលគេស្គាល់ថា មាននិន្នាការ ស្និតនឹងរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា គណនេយ្យនោះ ជារបស់លោក ហ៊ុន សែន។ គណនេយ្យហ្វេសប៊ុក «Hun Sen» បានសរសរ នៅត្រង់កន្លែង​ដាក់មតិយោបល់ថា៖ «ខ្ញុំសូមអរគុណដ៏ជ្រាលជ្រៅ ចំពោះឯកឧត្តម សម រង្ស៊ី ដែលបានជូនពរខ្ញុំ ក្នុងពេលដែលខ្ញុំមានជម្ងឺ»។

ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានរាយការណ៍ នៅថ្ងៃទី៥ ខែឧសភារួចហើយ ថាលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរសារមួយ នៅលើទំព័រទ្វីសធើរ (Twitter) របស់លោក ជូនពរលោក ហ៊ុន សែន ដែលបានប្រកាសធ្លាក់ខ្លួនឈឺ តាំងពីរសៀលថ្ងៃទី៣ ខែឧសភា និងចាំបាច់​ត្រូវទៅមន្ទីរពេទ្យ ជា«បន្ទាន់» ដើម្បីពិនិត្យ និងព្យាបាល។ លោកនាយករដ្ឋមន្ត្រី ត្រូវនៅសម្រាកក្នុងមន្ទីរពេទ្យ នៃប្រទេសសិង្ហបូរី រហូតដល់ថ្ងៃទី៧ ខែឧសភាស្អែក ដែលបង្កឲ្យជំនួប​របស់លោកជាផ្លូវការមួយចំនួន ត្រូវបានអាក់ខាន។

» អត្ថបទដែលទាក់ទង៖ សម រង្ស៊ី ជូន​ពរ ហ៊ុន សែន ឲ្យ​ឆាប់​ជា​សះ​ស្បើយ

នៅថ្ងៃទី៦ ខែឧសភានេះ សារព័ត៌មានក្នុងស្រុកជាច្រើន ក៏បានលើកយកការជូនពរ របស់លោក សម រង្ស៊ី មកចុះផ្សាយដែរ ក្នុងនោះមានទាំងសារព័ត៌មានមួយ​ខាងលើផង។ ដោយបែបនេះហើយ ទើបគណនេយ្យហ្វេសប៊ុក «Hun Sen» បានយកឱកាសនៃការបង្ហោះអត្ថបទ នៅលើបណ្ដាញសង្គម របស់សារព័ត៌មាននេះ ដើម្បីសរសេរសារថ្លែងអំណរគុណ តបទៅមេដឹកនាំប្រឆាំង ដែលកំពុងត្រូវបាន​និរទេសខ្លួន នៅឯក្រៅប្រទេស។

បន្ថែមពីលើឃ្លាអរគុណខាងលើ គណនេយ្យ «Hun Sen» នៅបានសរសេរជូនពរ ត្រឡប់ទៅលោក សម រង្ស៊ី វិញដូច្នេះថា៖ «ខ្ញុំក៏សុំយកឱកាសនេះ ជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្តីសុខ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...