វិភាគ៖ ការតម្លើងប្រាក់បៀរវត្សរ៍ដោយ ហ៊ុន សែន ជាការដឹងពីសុខទុក្ខមន្រ្តីរាជការឬ?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: August 07, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានធ្លាក់មកដល់ ខណៈការជាប់គាំងខាងនយោបាយ កំពុងកើតមាន និងការគម្រាមធ្វើមហាបាតុកម្ម ពីសំណាក់បក្សប្រឆាំង។ នោះគឺការតម្លើងប្រាក់បៀវត្សរ៍ជាមូលដ្ឋាន សម្រាប់គ្រូបង្រៀននៅទូទាំងប្រទេស ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន។ តើក្នុងនាមរដ្ឋាភិបាលចាំផ្ទះ លោកហ៊ុន សែន មានច្បាប់នឹងចេញអនុក្រិត្យបែបនេះ?
លោក ហ៊ុន សែន (កណ្ដាល ) នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៣ នៅស្ទឹងមានជ័យ។ (រូបថត TTXVN/AFP)
អនុក្រិត្យលេខ៤៦៨ អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីចាំផ្ទះលោក ហ៊ុន សែន បានប្រកាសតម្លើងប្រាក់បៀវត្សរ៍មូលដ្ឋាន សម្រាប់គ្រូបង្រៀនទាំងអស់ នៅទូទាំងប្រទេសក្នុងក្របខ័ណ្ឌ«ឃ» និងក្នុងក្របខ័ណ្ឌ«គ»ឋានន្តរសក្តិទី៣, ក្របខ័ណ្ឌ«គ» ឋានន្តរសក្តិទី២ ឲ្យបានឡើងដល់ ៣២០,០០០រៀល ចាប់គិតចាប់ពីថ្ងៃទី១ ខែកញ្ញានេះតទៅ។
ចំពោះការតម្លើងនូវប្រាក់បៀរវត្សរ៍ជូនមន្រ្តីរាជការក្នុងកាលៈទេសៈនេះ ត្រូវបានទទួលអបអរ និងគាំទ្រដោយអង្គការសង្គមស៊ីវិលមួយចំនួន។ តែផ្ទុយទៅវិញ អង្គការសមាគមមួយចំនួនទៀត យល់ថានេះជានយោបាយ«ប្រជាភិថុត» របស់នាយករដ្ឋមន្ត្រីចាំផ្ទះ ដោយពួកគេបានលើកឡើងថា វាមានមូលហេតុនយោបាយ ច្រើនជាងការយកចិត្តទុកដាក់ចំពោះប្រាក់ខែគ្រូបង្រៀននោះ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន និងជាប្រធានសហភាពសហជីពកម្ពុជា បានបង្ហាញថា រដ្ឋាភិបាលមិនមែនត្រូវយកចិត្តទុកដាក់ក្នុងពេលនេះទេ តែត្រូវដោះស្រាយតាំងពីម្ភៃឆ្នាំមុនទើបប្រសើរ។ លោកបន្តថា លោកគ្រួ អ្នកគ្រូមួយចំនួនធំឈប់គាំទ្រការដឹកនាំរបស់លោក ហ៊ុន សែន ហើយ ហើយការចេញអនុក្រិត្យនេះ គ្រាន់តែជាការយកចិត្ត លួងចិត្ត ដើម្បីស្វែងរកការគាំទ្រក្នុងសម័យកាលអន្តរកាលប៉ុណ្ណោះ ព្រោះកន្លងមកធ្លាប់ទាមទារឲ្យមានការតម្លើងនេះដែរ តែត្រូវបានបដិសេធដោយរាជរដ្ឋាភិបាល ក្រោមលេសថា «គ្មានលុយ ឬការតម្លើងប្រាក់បៀវត្សរ៍ធ្វើឲ្យមានចលាចលទីផ្សារ»។
ប្រធានសមាគមគ្រូបង្រៀនរូបនេះ បន្តការរិះគន់មិនសំចៃមាត់ថា «ចរិតអ្នកដឹកនាំនេះ មិនបានយកចិត្តទុកដាក់ នូវសុខទុក្ខមន្រ្តីរាជការក្រោមឱវាទនោះទេ។ (…) ជាការតម្លើងប្រាក់បៀវត្សរ៍ដ៏ចម្លែក។ មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ក្នុងអន្តរកាល រដ្ឋាភិបាលចាំផ្ទះ មិនទាន់មានការៀបចំ និងប្រកាសលទ្ធផលជាផ្លូវការ។ (…) រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងតែស្លន់ស្លោរ។ តាមផ្លូវច្បាប់ ក្នុងនាមរដ្ឋាភិបាលចាំផ្ទះ មិនអាចចេញអនុក្រិត្យជាដុំកំភួនបាននោះទេ។»
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចសុំការបញ្ជាក់ពីមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទេក្នុងថ្ងៃនេះ ព្រោះមិនមានអ្នកទទួលទូរស័ព្ទ។ តែលោក ថៃ នរសត្យា រដ្ឋលេខាធិការប្រសួងវប្បធម៌ និងជាទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន បានបញ្ជាក់ដោយខ្លីថា លោកមិនធ្វើការបកស្រាយលើបញ្ហានេះទេ ដោយខុសសមត្ថកិច្ច ព្រោះករណីនេះដំបូងបំផុត ជាការជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកបានបញ្ជាក់នូវឃ្លាចុងក្រោយថា «នេះជាការអនុវត្ត (ភារកិច្ច) របស់រាជរដ្ឋាភិបាល ទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលកំពុងស្ថិតនៅជាធរមាន។»
មន្ត្រីរាជការ ជាឧបករណ៍នយោបាយ?
សម្រាប់លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះការឆ្លើយតប តាមគោលនយោបាយជាក់លាក់នេះ នូវការតម្លើងប្រាក់បៀរវត្សរ៍ដល់មន្រ្តីរាជការ។ តែលោកក៏បានបដិសេធផងដែរថា មិនទាន់ដល់ពេលវេលានោះទេ គួរតែរង់ចាំដល់រដ្ឋាភិបាលថ្មីបង្កើតសិន។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមនាយករដ្ឋមន្រ្តីចាំផ្ទះនេះ គ្រាន់តែថែររក្សាអ្វីដែលមានកន្លងមក និងការពារនូវសណ្តាប់ធ្នាប់សង្គមទេ»។ លោកប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សរូបនេះ បាននិយាយថា ការចេញអនុក្រិត្យ (វា)ជាបញ្ហា«នយោបាយ» ព្រោះតែលទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា មានប្រជាពលរដ្ឋជាច្រើន មិនសប្បាយចិត្តនឹងការដឹកនាំរបស់រដ្ឋាភិបាលនេះ ដូច្នេះហើយទើបបានចេញអនុក្រិត្យនេះ ដើម្បីបញ្ជៀសបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលចាស់ និងក៏ដើម្បីឲ្យរដ្ឋាភិបាលនេះ អាចបន្តរការគ្រប់គ្រងទៅមុខទៀតដែរ។ «ជាការយកមន្ត្រីរាជការ ធ្វើជាឧបករណ៍នយោបាយ»។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារូបនេះបន្តរថា មិនមានអ្វីជាបញ្ហានោះទេ ក្នុងការតម្លើងប្រាក់បៀរវត្សរ៍សម្រាប់មន្ត្រីរាជការនោះ ព្រោះបើពិនិត្យតាមថវិកាជាតិ អាចធ្វើទៅបាន តែអ្វីដែលសំខាន់នោះ ប្រសិនបើរដ្ឋាភិបាលនេះបន្តរការគ្រប់គ្រងទៀត ត្រូវប្រឹងប្រែងធ្វើយ៉ាងណាកាត់បន្ថយនូវអំពើពុករលួយ និងធ្វើការកំណែរទម្រង់រដ្ឋបាលមួយដែលមិនមានប្រសិទ្ធិភាព តាំងពីថ្នាក់ភូមិ រហូតដល់នាយករដ្ឋមន្រ្តី។ លោកថាសម្រាប់កម្ពុជាការគ្រប់គ្រង ឃើញថាមានការបំផ្លាញជាតិសឹងតែគ្រប់កន្លែងទាំងអស់ ដូច្នេះ ការគ្រប់គ្រងគួតែយកគំរួតាមប្រទេសសឹង្ហបូរី ដែលគ្រប់គ្រងតាមបែបអភិបាលកិច្ចល្អ។
មិនត្រូវការតែលុយកាក់ទេ តែសិទ្ធិសេរីភាព ...
រីឯ អ្នកវិភាគឯករាជ្យលើបញ្ហាសង្គម លោក កែម ឡី បានពន្យល់ថា បើរដ្ឋាភិបាលអាចធ្វើការកែទម្រង់រដ្ឋបាលសាធារណៈ ឲ្យបានស៊ីជម្រៅជាក់ស្តែង ក្នុងដំណើរការរដ្ឋបាលនោះ មិនមានអ្វីជាឧបសគ្គក្នុងការតម្លើងប្រាក់បៀរវត្សរ៍ជូនមន្ត្រីរាជការនោះទេ ហើយការតម្លើងនេះអាចធ្វើទៅបានរហូតដល់ ៥០០ដុល្លាអាមេរិក ក្នុងមួយខែឯណោះ។ លោកបានបន្ថែមថា «ចរន្តសង្គម មិនត្រឹមតែត្រូវការនូវលុយកាក់នោះទេ គេត្រូវការនូវសេរីភាព សិទ្ធិទទួលបានព័ត៌មាន សិទ្ធិបញ្ចេញមតិ ត្រូវការនូវកំណែទម្រង់តាមបែបនីតិរដ្ឋ និងលិទ្ធិប្រជាធិបតេយ្យ ដែលស្ថិតក្នុងបរិយាកាសសង្គមទាំងមូលតែម្តង មិនមែនមួយផ្នែកនោះទេ»។
ការតម្លើងនេះ សមាមាត្រនឹងទំនិញលើទីផ្សារ?
អ្នកគ្រូម្នាក់ ឈ្មោះស្រីស្រស់ មកពីសាលាបឋមសិក្សាមួយក្នុងរាជធានីភ្នំពេញ បានសម្តែងនូវការពេញចិត្តចំពោះ ការតម្លើងនូវប្រាក់បៀវត្សរ៍នេះ តែអ្នកគ្រូរូបនេះបានបញ្ជាក់ថា សព្វថ្ងៃបើពឹងផ្អែកតែលើប្រាក់ខែគ្រូបង្រៀន តែមួយមុខនោះមិនអាចដោះស្រាយជីវភាពប្រចាំថ្ងៃបានទេ!។ អ្នកគ្រូក៏បានចោទជាសំនួរថា តើការតម្លើងនេះបានសមាមាត្រ នឹងទំនិញលើទីផ្សារដែរឬទេ? ក្រោយការតម្លើងនេះទៀតសោត តើទំនិញលើទីផ្សារឡើងថ្លៃតាមដែរឬទេ?។ អ្នកគ្រូបន្តរថា «ប្រសិន បើទំនិញឡើងតាមដែរមែននោះ ដូច្នេះអនុក្រិត្យនេះនឹងមិនមានតម្លៃ ហើយក៏គ្មានន័យអ្វីសម្រាប់សម្រួល ដល់ជីវភាពគ្រូបង្រៀនឲ្យបានប្រសើរនោះដែរ។ (…) ហើយការចេញនូវអនុក្រិត្យនេះ (វា)ជាការបោកបញ្ឆោត និងជាការធ្វើឲ្យតែល្អមើលប៉ុណ្ណោះ ក្នុងតំណាក់ការដែលលទ្ធផល នៃការបោះឆ្នោតមិនទាន់ដឹងចាញ់ ឬឈ្នះជាផ្លូវការនោះ៕»
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៧ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ