ហ៊ុន សែន ឆេះ​ដុំ​ថា​តើ​អាជ្ញាធរ​ខេត្ត​ក្រចេះ «ងាប់»​ទៅ​ណា​អស់​ហើយ?

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសសារជាថ្មី ថានឹងដកតួនាទី «មន្ត្រីថ្នាក់ក្រោម» ដែលមិនដោះ​ស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ។ ការលើកឡើងនេះ បន្ទាប់ពី«បញ្ជា»គ្មានប្រសិទ្ធិភាពរបស់លោក ត្រូវ​បាន​ថ្នាក់ក្រោមឱវាទទាត់ចោល ពិសេសករណីដីធ្លីរវាងប្រជាពលរដ្ឋ និងបុគ្គលមានអំណាចមួយចំនួននោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 28, 2014
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទីបំផុតទៅ បញ្ហាដីធ្លីដ៏ចម្រូងចម្រាស់ របស់ប្រជាពលរដ្ឋ ត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន សារភាពថា ខ្លួនមិនបានដឹងនោះទេ ព្រោះតែគ្មានអ្នករាយការណ៍។ អ្វីដែលលោកបានដឹងកន្លងមក គឺដោយ​សារ​តែតាមសារព័ត៌មាន និងធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះ។ នេះជាការបញ្ជាក់ ដើម្បីបញ្ជៀសភាពមិនទទួល​ខុសត្រូវ របស់លោក​នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងវេទិកាផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីសន្ដិសុខស្បៀង និង​អាហារ​រូបត្ថម្ភ ២០១៤-២០១៨ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ នាវិមានសន្ដិភាព។

ខណៈដែលបញ្ហាដីធ្លី មិនបានដោះស្រាយជាបន្តបន្ទាប់ ប្រជាពលរដ្ឋមួយចំនួន តាមបណ្ដាលខេត្ត​នានា​បានធ្វើដំណើរដោយ«ថ្មើជើង»រាប់រយនាក់ មកតវ៉ានៅភ្នំពេញ។ ដំណើរចាកចេញជាក្រុមនេះ​ ហាក់ដូចជា​ចង់រំលឹកឡើងវិញ ជូនថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នូវការចំណាកស្រុកដ៏សែនវេទនារបស់ពួកគេ ដើម្បី​ស្វែងរកដំណោះស្រាយពីមន្ត្រីអន្ទ្រើសៗទាំងនោះ។

បញ្ហាខាងលើ ត្រូវបានប្រមុខដឹកនាំកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជៀសមិនទទួលខុសត្រូវ ដោយបញ្ជាក់យ៉ាងខ្លីថា ញត្តិរបស់ពលរដ្ឋ ដែលបានយកមកដាក់នៅខុទ្ទកាល័យរបស់លោកនោះ លោក​មិនដែលបានទទួលមកពិនិត្យទេ។ លោកក៏មិនបានសួនាំ ឬបញ្ជាក់ថា តើញត្តិរបស់ប្រជាពលរដ្ឋ​ទាំងអស់​នោះ មន្រ្តីខុទ្ទកាល័យរបស់លោក យកទៅចោលនៅទីណា ឬហេតុអ្វីបានជាមិនដាក់ឲ្យលោកពិនិត្យនោះ​ដែរ?

តែផ្ទុយទៅវិញ លោក ហ៊ុន សែន បែរជាប្រកាសគម្រាមដាក់ទណ្ឌកម្ម ឬដកតួនាទី មន្ត្រី (ច្រើនតែអនុវត្តន៍​ទៅលើមន្ត្រីតូចៗថ្នាក់មូលដ្ឋាន​) ណាដែលមិនដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋ។ លោកបាន​លើក​ឡើងដូច្នេះថា «យើងត្រូវលេងគ្នាម្ដង ដើម្បីឲ្យដឹងរឿង។ យូរៗទៅ ស្អីតិចថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។ ឥឡូវ ខ្ញុំត្រូវតែតាមដាន​មើល ហើយនឹងតាមរករឿងទៀត។ បើលោកឯងមិនធ្វើទេ ហើយថា​ការងារនោះ(រឿងដីធ្លី) ធ្ងន់សម្រាប់​ពួក​អស់លោក លាលែងចុះ ខ្ញុំជូនតាមសំណើ។ បើធ្វើរដ្ឋមន្ត្រី ធ្វើប្រធាន​ស្ថាប័ន មិនព្រមដោះស្រាយ​បញ្ហាជូន​ពលរដ្ឋកាន់តួនាទីធ្វើអី?»

លោកបានដាក់បន្ទុកនេះ (រឿងដីធ្លី) ទាំងស្រុង ទៅលើអាជ្ញាធរតាមបណ្តាខេត្តណាមួយ ដែលមិន​ដោះ​ស្រាយ ឬគ្មានសមត្ថភាពដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ទើបពួកគាត់ទាំងនោះឡើងមកតវ៉ាភ្នំពេញ និងស្នើសុំការអន្តរាគមន៍ពីលោកទៅវិញ។ ជាងនោះលោកបានលើកករណីអាជ្ញាធរក្នុងខេត្តក្រចេះ ដែល​មានលោក សរ ចំរ៉ុង ជាអភិបាលខេត្ត មិនយកចិត្តទុកដាក់ ពីសុខទុក្ខប្រជាពលរដ្ឋ ដែលនាំឲ្យមានបញ្ហាដីធ្លី​ជាមួយក្រុមហ៊ុនស្ករអំពៅនោះ។ លោកបន្តដូច្នេះថា «បើសិនដីពាក់ព័ន្ធជាមួយអ្នកវិនិយោគ សុំកាត់ដី​ប៉ុន្មាន​រយ ប៉ុន្មានពាន់ហិកតាទៅឲ្យប្រជាជនទៅ។ ព្រោះអ្នកវិនិយោគមិនទាន់ធ្វើការដាំដុះឯណា? ឥឡូវលោកឯង​ធ្វើចុះខ្ញុំគាំទ្រ។ ប៉ុន្តែមិនព្រមធ្វើ មិនព្រមដោះ រួចហើយបណ្ដោយមនុស្សឲ្យមកភ្នំពេញ ហើយមកភ្នំពេញ​អត់មានអ្នកណាដោះទៀតហើយ នាយករដ្ឋមន្ត្រីក៏អត់ដឹងទៀត។»

មកដល់ចំណុចនេះ លោកនាយករដ្ឋមន្រ្តីបាននឹកឃើញមនុស្សម្នាក់ទៀត ដែលត្រូវមកទទួលខុសត្រូវ​ជំនួស​លោក គឺរដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្ម និង សំណង ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រង​របស់​លោក អ៊ឹម ឈុនលឹម ថាមិនដោះស្រាយរឿងដីធ្លីជូនប្រជាពលរដ្ឋ និងបណ្តែតបណ្តោយឲ្យពួកគាត់ ឡើង​មកតវ៉ាដល់ភ្នំពេញបាន។ «ឯកឧត្តម អ៊ឹម ឈុន លឹម ដឹងរឿងពលរដ្ឋ ក្រចេះមកភ្នំពេញទេ? ដឹង!!!។ បើ​ដឹង​ម្ដេចក៏មិនដោះស្រាយ បណ្ដែតបណ្ដោយដល់ណាទៀត។ ហើយចៅហ្វាយខេត្តបាត់មុខទៅណា បានជា​ប្រជាពលរដ្ឋ​ឡើងមកដល់ភ្នំពេញ?»

លោកបានបញ្ជាជា«ថ្មី»ទៅកាន់អភិបាលខេត្តក្រចេះ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឲ្យកាត់ដីពីក្រុមហ៊ុន​ដែលទទួលបានសិទ្ធិសម្បទានពីរដ្ឋហើយ និងមិនទាន់ធ្វើការដាំដុះនោះ ជូនប្រជាពលរដ្ឋ ដើម្បីបញ្ចប់​បញ្ហា​តទៅ!។ តែលោកបានលើកឡើងនូវឈ្លាមួយ «បង្រៀន»ទៅដល់មន្រ្តីក្រោមឱវាទរបស់ខ្លួនថា «កុំស្ទក់​ពេក។ ស្ទក់រហូតដល់ប្រជាពលរដ្ឋ មកដល់នាំគ្នាខ្ទប់។ យកប៉ូលិសទៅខ្ទប់ រួចហើយទទួលយកញ្ញត្តិ។ ហើយញត្តិនេះ មិនដឹងទៅដល់កន្លែងណាទេ។ (ខ្ញុំ)សូមជម្រាបទៅប្រជាពលរដ្ឋ(ថា) ញ្ញត្តិនោះមិន​ដល់​ខ្ញុំ​ទេ»។

ការលើកឡើងរបស់លោក ហ៊ុន សែន ខាងលើនេះ មិនខុសឡើយ។ ជានិច្ចកាលអាជ្ញាធរថ្នាក់ក្រោម តែង​បានអនុវត្តន៍យ៉ាងមានប្រសិទ្ធិភាព មកលើប្រជាពលរដ្ឋ ដែលឡើងមកធ្វើការតវ៉ា មិនថានៅភ្នំពេញ ឬទីរួម​ខេត្តនានាទេ នោះគឺការដាក់កម្លាំងសមត្ថកិច្ចចម្រុះ ឬក្រុមសន្តិសុខមក«បង្ក្រាប» ឬរារាំងដែលនាំឲ្យ​មាន​ហិង្សាដូចកាលកន្លងមកជាដើម។ តែអ្វីដែលកត់សំគាល់នោះ ភាគច្រើនមិនទទួលយកញត្តិទេ តែបើទទួល​យកញត្តិហើយ គឺគ្មានការដោះស្រាយតែម្តង។

សូមរំលឹកថា ក្នុងថ្ងៃទី១៨ ខែសីហា ជាមួយគ្នានេះ មានប្រជាពលរដ្ឋជាង១០០នាក់មកពីខេត្តក្រចេះ និង​ខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ បានហែក្បួន ជាមួយនិងបដានានានៅមុខរដ្ឋសភា និងន្តដំណើរឆ្ពោះ​ទៅ​ភូមិគ្រឹះលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ជិតវិមានឯករាជ្យ។ ប៉ុន្តែក្បួនដង្ហែនោះ ត្រូវបានបង្ក្រាប ឬរារាំង​យ៉ាង​ចាស់ដៃដោយកងម្លាំងសមត្ថកិច្ច និងក្រុមសណ្តាប់ធ្នាប់មានព្រនង់ និងដំបងឆក់គ្រប់ដៃ រហូត​បណ្តាល​ឲ្យពលរដ្ឋអ្នកតវ៉ាពីរនាក់សន្លប់ (ឆក់) និងជាងដប់នាក់ផ្សេងទៀតរងរបួស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...