ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ពិនិត្យ​និង​សម្រេច ថ្វាយ​ចុតហ្មាយ​ទៅ​ព្រះ​មហាក្សត្រ

សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៧៦ និងជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ បានសម្រេចជាចុតហ្មាយ ទូលថ្វាយព្រះមហាក្សត្រ ដោយក្រុមប្រឹក្សាធម្មនុញ្ញ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 28, 2014
  • ប្រធានបទ: វិសោធនកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទីស្ដីការក្រុមប្រឹក្សាធម្មនុញ្ញ

ក្រុមប្រឹក្សាធម្មនុញ្ញ បើកកិច្ចប្រជុំពេញអង្គកាលពីថ្ងៃទី១៨ ខែសីហាម្សិលម៉ិញនេះដើម្បីពិនិត្យ និងសម្រេច អំពីចុតហ្មាយទូលថ្វាយព្រះមហាក្សត្រ នូវមតិរបស់ខ្លួន (ក្រុមប្រឹក្សាធម្មនុញ្ញ) លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៧៦ និងមាត្រាទាំងឡាយពីជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញ។

ក្នុងវិមានស នៃវិមានរដ្ឋចំការមន សមាជិកក្រុមបឹ្រក្សាធម្មនុញ្ញប្រាំបួនរូប មានតែប្រាំបីរូបទេ បានបើកកិច្ច​ប្រជុំ​ពេញអង្គមួយ ដឹកនាំដោយលោក ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យលើសេចក្តី​ព្រាង​ស្នើច្បាប់ ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា៧៦ និងបន្ថែមជំពូក១៥ថ្មី។ កិច្ចប្រជុំនេះ ជាការឆ្លើយតប​ទៅនឹងក្រុមការងារចំរុះនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលបានប្រជុំ ពិភាក្សា ឯកភាពគ្នាសម្រេចកែប្រ និងបន្ថែមនូវចំណុចខាងលើ។ ពិសេសឆ្លើយតបតាមព្រះរាជសារ របស់​ព្រះរាជា​កម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤។

ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានធ្វើការសម្រេចទទួលស្របតាមទាំងស្រុង នូវខ្លឹមសារនៃស្តីពីសេចក្តីស្នើ​ច្បាប់​ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា ៧៦ នៃមាត្រាទាំងឡាយពីជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញ។ តែក្រុមប្រឹក្សានេះ គ្រាន់តែស្នើឲ្យមាន ការកែសម្រួលផ្នែកអក្ខរាវិរុទ្ធមួយចំនួនប៉ុណ្ណោះ។

តាមអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ុត ឈន បានបញ្ជាក់ ពីមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការ​ទូលថ្វាយព្រះមហាក្សត្រវិញ បន្ទាប់ចប់កិច្ចប្រជុំនោះថា៖ «ការធ្វើវិសោធនកម្មលើវិសោធនកម្មមាត្រា៧៦ និងមាត្រាទាំងឡាយ ពីជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញហ្នឹង ពុំមានចំនុចណាជំទាស់​នឹង​រដ្ឋ​ធម្មនុញ្ញទេ។(...) បន្ទាប់ពីចប់កិច្ចប្រជុំនេះ ក្រុមប្រឹក្សាធម្មនុញ្ញ ធ្វើចុតម្មាយទូលថ្វាយព្រះមហាក្សត្រ​ក្នុង​ថ្ងៃ​នេះ។»

យោងតាមខ្លឹមសានៃ ចុតហ្មាយ ទូលថ្វាយព្រះមហាក្សត្រនេះ កាលពីថ្ងៃទី១៨ ខែសីហា ម្សិលម៉ិញនេះ​ បាន​សរសេរបញ្ជាក់ដូច្នេះថា៖ «ខ្លឹមសារនៃសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៧៦ នៃមាត្រា​ទាំង​ឡាយ​ពីជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញកម្បុជា ពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបរាជធានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើយ ព្រមទាំងធ្វើឡើង ក្នុងការលៈទេសៈ​ធម្មតា​របស់​ប្រទេសជាតិទៀតផង។»

«ក្រុមប្រឹក្សាធម្មនុញ្ញ យល់ឃើញថា សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៧៦ នៃមាត្រា​ទាំង​ឡាយពីជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ឃើញមានខុសអក្ខាវិរុទ្ធច្រើន ដែលទាមទារឲ្យ​រដ្ឋសភាកែឲ្យបានត្រឹមត្រូវ។ (...) សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៧៦ នៃមាត្រាទាំងឡាយ​ពីជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជាខាងលើ អាចធ្វើបាន។»

សូមរំលឹកបញ្ជាក់ជូនផងដែរថា កាលពីថ្ងៃទី១ ខែសីហា ក្រុមការងារចំរុះនៃគណបក្សនយោបាយទាំងពីរ បានប្រជុំ ពិភាក្សា និងឯកភាពគ្នា ស្នើវិសោធនកម្មមាត្រា៧៦ និងការបង្កើតជំពូក១៥ថ្មី ទាក់ទងនឹងអង្គការ​រៀបចំ​ការបោះឆ្នោត បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ។

មាត្រា៧៦ថ្មីចែងថា៖ «រដ្ឋសភាមានសមាជិក ជាតំណាងរាស្ត្រយ៉ាងតិច១២០រូប។ តំណាងរាស្ត្រ​ត្រូវជ្រើស​តាំងដោយការបោះឆ្នោតសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើស​ឆ្នោតជា​សម្ងាត់។ តំណាងរាស្ត្រ អាចឈរឈ្មោះបោះឆ្នោតសារជាថ្មីបាន។ អ្នកដែលមានសិទ្ធិឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ ជាប្រជាជពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានសិទ្ធិបោះឆ្នោត និងមានអាយុយ៉ាងតិច២៥ឆ្នាំ ហើយមានសញ្ជាតិជាខ្មែរ តាំងពីកំណើត។ បែបបទ និងការប្រព្រឹត្តទៅនៃការបោះឆ្នោត ត្រូវកំណត់ក្នុង​ច្បាប់​បោះឆ្នោត។»

ឯជំពូក១៥ថ្មី ទាក់ទងនឹងអង្គការរៀបចំការបោះឆ្នោតមានពីរមាត្រា។ ដូចជាមាត្រា១៥០ថ្មី និយាយពីតួនាទី និងភារកិច្ចនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត។ ការអនុវត្តន៍សមត្ថកិច្ចដោយឯករាជ្យ អព្យាក្រិត្យ និង​ធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍​នៃលទ្ធិ​ប្រជា​ធិបតេយ្យ សេរី ពហុបក្ស។ ពិសេសមាន «មានស្វ័យភាពក្នុងការរៀបចំ និងចាត់ចែង ការងាររបស់ខ្លួន»។

ចំពោះមាត្រ១៥១ថ្មី និយាយពីសមាសភាព ការជ្រើសរើស ការតែងតាំងដោយព្រះរាជក្រិត្យ ការផ្លាស់ប្តូរ នៃសមាជិកទាំងប្រាំបួន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ការជ្រើសរើសនេះ ត្រូវធ្វើឡើង​ដោយចំហ តម្លាភាព និងក្រោមការបោះឆ្នោតសម្រេចតាមតិភាគច្រើន «ដាច់ខាត» នៃចំនួនសមាជិក​រដ្ឋសភា​ទាំងមូល ។ និតិវិធីលំអិត ត្រូវបានកំណត់ក្នុងច្បាប់ដោយឡែក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...