របាយការណ៍៖ តុលាការកម្ពុជា«អយុត្តិធម៌និងពុករលួយ» ជាឧបករណ៍រដ្ឋាភិបាល
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី៣០ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 30, 2017
- ប្រធានបទ: នយោបាយ-សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តុលាការកម្ពុជា គឺជាយន្ដការបែបប្រព័ន្ធមួយ ដែលត្រូវបានប្រើប្រាស់ ដោយរដ្ឋាភិបាលកម្ពុជា ដើម្បីចោទប្រកាន់ ចាប់ចង និងបំភិតបំភ័យ សមាជិកគណបក្សប្រឆាំង ក្រុមសមាជិករបស់អង្គការសង្គមស៊ីវិល ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកធ្វើអត្ថាធិប្បាយនយោបាយ។ នេះ បើតាមរបាយការណ៍មួយ មានចំណងជើងថា «តុលាការនៃភាពអយុត្តិធម៌» ចេញផ្សាយក្នុងថ្ងៃទី ៣០ ខែឧសភានេះ ដោយអង្គការលើកលែងទោសអន្តរជាតិ ហៅជាភាសាអង់គ្លេស «Amnesty International»។
អ្នកស្រី «Champa Patel» នាយកប្រតិបត្តិអង្គការលើកលែងទោសអន្តរជាតិ ទទួលបន្ទុកកិច្ចការ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីភិក បានថ្លែងឲ្យដឹងថា៖ «នៅក្នុងប្រទេសកម្ពុជា តុលាការគឺជាឧបករណ៍ស្ថិតក្នុងដៃ របស់រដ្ឋាភិបាល។ ឯករាជ្យភាពរបស់ចៅក្រម មានតែនៅលើបបូរមាត់ប៉ុណ្ណោះ ប៉ុន្តែភស្ដុតាងជាច្រើនបានបង្ហាញ ពីការប្រើប្រាស់ប្រព័ន្ធតុលាការព្រហ្មទណ្ឌ ក្នុងគោលដៅនយោបាយ និងដើម្បីបំបិតមាត់ក្រុមមនុស្ស ដែលមានទស្សនៈផ្ទុយ ពីរដ្ឋាភិបាល។»។
អ្នកស្រីបានបន្តទៀតថា៖ «ឆ្ងាយពីការទុកឲ្យប្រព័ន្ធយុត្តិធម៌ ធ្វើការងាររបស់ខ្លួន ទៅតាមគន្លងច្បាប់ តែការស្រាវជ្រាវរបស់យើង បានរកឃើញពីអាថ៌កំបាំងទាំងឡាយ ដែលបញ្ជាក់ថា នីតិវិធីរបស់តុលាការ ត្រូវបានបង្វែរ ទៅរកគោលដៅដែលកំណត់ទុកជាស្រេច ដើម្បីឈានទៅដល់លទ្ធផល ដែលរំពឹងទុក តាមការបញ្ជារបស់រដ្ឋាភិបាល»។
របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្ស ដែលមានទីស្នាក់ការធំ នៅក្រុងហ្សឺណែវ ប្រទេសស្វីស បានបញ្ជាក់ថា នៅខណៈនេះ ក្រុមអ្នកការពារសិទ្ធិមនុស្ស និងក្រុមសកម្មជននយោបាយ របស់គណបក្សប្រឆាំង ចំនួនយ៉ាងតិច ២៧នាក់ ត្រូវបានចាប់ឃុំខ្លួន ក្រោមការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ ពីសំណាក់រដ្ឋាភិបាលកម្ពុជា។
ក្នុងចំណោមនោះ សកម្មជនការពារសិទ្ធិមនុស្ស មកពីសមាគមអាដហុក (ADHOC) ចំនួន ៤នាក់ និងមន្ត្រីគ.ជ.ប មួយនាក់ ត្រូវបានចាប់ដាក់ឃុំ ទាំងគ្មានការជំនុំជម្រះ តាំងពីជាង១ឆ្នាំមកហើយ នៅក្នុងសំនុំរឿងមួយ ដែលរបាយការណ៍អះអាងថា «ជារឿងនយោបាយយ៉ាងច្បាស់ក្រឡែត» ខណៈលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងមន្ត្រីគណបក្សប្រឆាំងច្រើនរូបទៀត ក៏ត្រូវបានដាក់ចូលឲ្យជាប់ពាក់ព័ន្ធ ទៅក្នុងសំនុំរឿងតែមួយនេះដែរ។
របាយការណ៍នោះ បានពន្យល់ថា៖ «សកម្មជនទាំងប្រាំរូប ត្រូវបានគេរើសអើង ដោយសារតែតួនាទីរបស់ពួកគេ ជាអ្នកការពារសិទ្ធិមនុស្ស»។ អង្គការលើកលែងទោសអន្តរជាតិ បានលើកមកអះអាង នូវ«ភស្តុតាងគួរឲ្យជឿទុកចិត្តបាន» ដែលធ្វើឲ្យគេសន្និដ្ឋានថា ពួកគេទាំងប្រាំនាក់ ត្រូវបានចាប់ខ្លួន ដើម្បីរារាំងសមាគមអាដហុក និងបុគ្គលិករបស់សមាគមនេះ កុំឲ្យបំពេញការងាររបស់ខ្លួន ជាអ្នកការពារសិទ្ធិមនុស្ស និងកុំឲ្យប្រើប្រាស់សិទ្ធិ-សេរីភាពរបស់ខ្លួន។
សម្រាប់ការផ្ដន្ទាទោស លើក្រុមមន្ត្រី និងសកម្មជនគណបក្សប្រឆាំង ជាច្រើននាក់ ឲ្យជាប់ពន្ធនាគារ រវាងពី៧ឆ្នាំ ទៅដល់២០ឆ្នាំ ពាក់ព័ន្ធនឹងអំពើហិង្សាមួយ នៅលើទីលានប្រជាធិបតេយ្យ កណ្ដាលរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០១៤នោះ ត្រូវបានអង្គការអន្តរជាតិមួយនេះ ចាត់ទុកថា ជាការផ្ដន្ទាទោស ដោយ«គ្មានមូលដ្ឋាន»។
នៅក្នុងរបាយការណ៍ បានបញ្ជាក់ថា៖ «នៅមុនព្រឹត្តិការណ៍ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០១៤ គ្មានភ័ស្តុតាងណាមួយបង្ហាញថា គណបក្សប្រឆាំងជាអ្នករៀបចំគម្រោងអំពើហិង្សា នោះទេ។ ផ្ទុយទៅវិញ មានភ័ស្តុតាងជាច្រើនបង្ហាញថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលចូលរួម បានប្រាប់អ្នកគាំទ្ររបស់ខ្លួនម្ដងហើយម្ដងទៀត ឱ្យប្រកាន់យកឥរិយាបថអហិង្សា ហើយវីដេអូ ដែលបង្ហោះតាមបណ្ដាញអុីនធឺណិតបង្ហាញថា តាមពិតអំពើហិង្សាដែលបានកើតឡើងបានផ្ដើមចេញ ពីកងកម្លាំងសន្តិសុខ។»។
អង្គការអន្តរជាតិ បានពន្យល់ តាមរយៈរបាយការណ៍របស់ខ្លួនទៀតថា នៅក្នុងសវនាការ គ្មានសន្តិសុខណាម្នាក់ ពីក្នុងចំណោមសន្តិសុខ ដែលត្រូវបានកោះហៅ ឲ្យធ្វើជាសាក្សី ទាំង ៣៨ នាក់ អាចកំណត់អត្តសញ្ញាណ របស់ចុងចោទរូបណាមួយ ក្នុងចំណោមមន្ត្រី និងសកម្មជនគណបក្សប្រឆាំងខាងលើនេះ ថាបានចូលរួមក្នុងអំពើហិង្សាឡើយ។ ប៉ុន្តែតុលាការកម្ពុជា មិនបានយកអង្គហេតុនេះ មកពិចារណាទេ។
អង្គហេតុដោះបន្ទុកប្រហាក់ប្រហែលគ្នានេះ ក៏មិនត្រូវបានតុលាការកម្ពុជា យកជាបានការដែរ នៅក្នុងករណីរបស់អ្នកស្រី ទេព វន្នី សកម្មនារីខាងសិទ្ធិលំនៅដ្ឋាន មកពីសហគមន៍បឹងកក់ ដែលទើបត្រូវបានចាប់ដាក់ពន្ធនាគារជាថ្មី បន្ទាប់ពីអ្នកស្រីត្រូវបានចាប់ខ្លួន យ៉ាងហោចចំនួន៥ដង រួចហើយនោះ។ របាយការណ៍បានលើកឡើងថា៖ «ប្រជាពលរដ្ឋភាគច្រើន ក្នុងសហគមន៍នេះ បានក្លាយជាទិសដៅ របស់អាជ្ញាធរ ដើម្បីធ្វើការចោទប្រកាន់ ជាច្រើនករណី ដែលមានចរិតនយោបាយ ជាការគម្រាមកំហែង ជាការបំបាក់ស្បាត (...)»។
«វាជាសត្រូវរបស់រដ្ឋាភិបាល»
នៅក្នុងប្រតិកម្មមួយ តបទៅនឹងរបាយការណ៍ខាងលើ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកអង្គការលើកលែងទោសអន្តរជាតិ ថាលំអៀង និងជា«សត្រូវ»របស់រដ្ឋាភិបាលកម្ពុជា។ លោក សុខ ឥសាន បានថ្លែងតាមរយៈសារព័ត៌មាន ខេមបូឌាដេលី ថា៖ «គ្មានអីចម្លែកទេ វា [អង្គការលើកលែងទោសអន្តរជាតិ] ជាសត្រូវរបស់រដ្ឋាភិបាល ។ បើអ្នកឯងមិនប្រព្រឹត្តបទល្មើស គ្មានស្ថានទម្ងន់ទោសទេ ក៏គ្មានការចោទប្រកាន់ដែរ ។ តុលាការមិនលម្អៀងទេ បើអ្នកឯងមិនល្មើសច្បាប់។»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានថ្លែង កាលពីពេលកន្លងមកដែរថា នៅកម្ពុជា គ្មានគុកនយោបាយទេ តែមានអ្នកនយោបាយជាប់គុក។
យ៉ាងណាក៏ដោយ របាយការណ៍ខាងលើបានផ្ដល់អនុសាសន៍ចំនួន ៩ ដល់រដ្ឋាភិបាលកម្ពុជា មានជាអាទិ៍ ការគោរពចំពោះឯករាជភាព នៃប្រព័ន្ធតុលាការ ការទទូចសុំឱ្យឈប់ប្រើប្រាស់ប្រព័ន្ធតុលាការជាមធ្យោបាយ ដើម្បីវាយប្រហារទៅលើអ្នករិះគន់របស់ខ្លួន និងលុបចោលភ្លាមៗ នូវសំណុំរឿងទាំងអស់ ប្រឆាំងក្រុមអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនគណបក្សប្រឆាំង។ អ្នកស្រី «Champa Patel» បានថ្លែងបន្តថា៖ «កម្ពុជាត្រូវការទាំងក្ដីអស់សង្ឃឹម នូវប្រព័ន្ធយុត្តិធម៌មួយ ដែលស័ក្ដិសមនឹងឈ្មោះរបស់ខ្លួន។ (...) មានតែប្រព័ន្ធយុត្តិធម៌ឯករាជ្យប៉ុណ្ណោះទេ ដែលជួយទប់រដ្ឋាភិបាល ឲ្យដើរតាមលំអាន នៃកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ស្ដីពីសិទ្ធិមនុស្ស តែមិនមែនជាប្រព័ន្ធយុត្តិធម៌ ដែលធ្វើតាមការបង្គាប់បញ្ជា របស់រដ្ឋាភិបាល ដែលធ្វើឲ្យអំពើអយុត្តិធម៌ មានកាន់តែច្រើនឡើងដូច្នេះទេ។»៕