មន្ត្រី​សង្គម​ស៊ីវិល​មិន​សង្ឃឹម​ថា​ជន​វាយ​តំណាង​រាស្ត្រ ចេញ​សារភាព

នៅចំពោះសេចក្ដីអំពាវនាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជនដៃដល់​វាយ​តំណាងរាស្ត្រ កាលពី​ថ្ងៃទី២៦ ខែ​តុលា ឲ្យចេញសារភាពនោះ មន្ត្រីសង្គមស៊ីវិលវិញ បានបង្ហាញទុទិដ្ឋិនិយម ថាជនដៃដល់ អាចនឹង​ត្រូវ​គេច​ខ្លួន​រហូត។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី តុលា ២០១៥
  • កែប្រែចុងក្រោយ: October 31, 2015
  • ប្រធានបទ: អំពើហិង្សា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើការអំពាវនាវ របស់លោកនាយករដ្ឋមន្រ្តី ឲ្យជនដៃដល់ ដែលបានវាយដំ ទៅលើតំណាងរាស្ត្រពីររូប មក​ពី​គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ចូលខ្លួនមកសារភាពនោះ អាចទៅរួចឬទេ? បើសិន​ជាគ្មានការចូលខ្លួន មកសារភាព តើសមត្ថកិច្ចកម្ពុជា មានលទ្ថភាពស្វែងរក ចាប់ខ្លួនក្រុមទាំងនោះ បាន​ដល់​កម្រិតណា?

សម្រាប់មន្ត្រីសង្គមស៊ីវិលមួយរូប លោក នី ចរិយា មកពីសមាគមការពារសិទ្ធិមនុស្ស អាដហុក បានសម្ដែង​ទុទិដ្ឋិនិយម ពីការចូលសារភាព របស់ក្រុមជនដៃដល់ទាំងនោះ។ បើទោះជាលោក បានថ្លែងគាំទ្រ ចំពោះ​សេចក្តីអំពាវនាវ របស់លោកនាយករដ្ឋមន្រ្តីកម្ពុជានោះក្ដី តែលោកបានលើកយកករណីលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលទាល់តែមានសារព្រមាន ពីលោក ហ៊ុន សែន ទើបមានការចូលសារភាព។ លោក នី ចរិយា បានថ្លែងឡើងថា៖ «បើសិនជារឿងនេះ កើតឡើងដោយចេតនាពិតប្រាកដ អាចមានការ​ចេញ មកសារភាពដែរ ដូចជារឿង ឈូក បណ្ឌិត... នាយករដ្ឋមន្រ្តីបញ្ចេញសារ ក៏ឃើញចេញមក។»

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោងជាង ១២ ថ្ងៃត្រង់ បន្ទាប់ពីចេញ ពីប្រជុំនៅរដ្ឋសភា លោក គង់ សភា តំណាងរាស្រ្តមណ្ឌលស្វាយរៀង និងលោក ញ៉យ ចំរើន តំណាងរាស្រ្តមណ្ឌលកំពង់ចាម មកពី​គណបក្ស​សង្គ្រោះជាតិ ត្រូវបានក្រុមបាតុករច្រើននាក់ វាយដំទាត់ធាក់ រហូតរងរបួសជាទំងន់។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានចេញវីដេអូមួយ បន្ទាប់ពីលោកត្រឡប់ មកពីប្រទេសបារាំងវិញ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ធ្វើការថ្កោលទោស ចំពោះអំពើហិង្សា ហើយបានអំពាវនាវ ឲ្យជនដៃដល់​ទាំង​នោះ ចូលខ្លួនមកសារភាព។ លោកនាយករដ្ឋមន្រ្តី បានថ្លែងថា៖ «នៅកម្ពុជាមានស្តង់ដារតែមួយទេ គឺអ្នក​ប្រព្រឹត្ត​កំហុស ត្រូវទទួលការផ្តន្ទាទោស តាមច្បាប់។»

លោក ហ៊ុន សែន បានស្នើឲ្យជនពាក់ព័ន្ធទាំងអស់ ទាំងជនរងគ្រោះ ទាំងអ្នកបើកឡាន ទាំងអ្នកដែលបានថត នូវហេតុការនោះ ផ្តល់ជាភស្តុតាង និងជាសាក្សី ដល់សមត្ថកិច្ច ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់។ លោក​បាន​អះអាងទៀតថា៖ «បើគ្មានការសហការ ពីជនរងគ្រោះផ្តល់នូវព័ត៌មាន ហេតុការណ៍ដែលកើតឡើង អ្នក​ដែល​ចូលខ្លួនក្នុងព្រឹត្តិការណ៍នេះ យើងពិតជាមានការលំបាក ក្នុងការស្វែងរក»។

សូមស្តាប់សេចក្តីថ្លែងការណ៍ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូចខាងក្រោម៖

----------------

ការអះអាងរបស់លោក ហ៊ុន សែន មិនត្រូវបានលោក នី ចរិយា វាយតម្លៃភ្លាមៗ ថាគួរឲ្យជឿជាក់បាន​នោះ​ឡើយ។ លោកថា ក្រុមការងាររបស់លោក នឹងបន្តឃ្លាំមើល ពីចំណាត់ការទាំងនោះ ជាមួយនឹងអ្នកចេញ​ខ្លួន មកសារភាព ថាតតើពិតជាបានប្រព្រឹត្ត អំពើហិង្សាពិតប្រាករដ ឬយ៉ាងណា ឬមួយគ្រាន់តែ ជាជនដៃដល់​«សិប្បនិម្មិត» ក្នុងចេតនាបំបិទដាន។ លោក ចរិយា បានថ្លែងឲ្យដឹងថា៖ «បើសិនជាមានការចេញមក​សារភាព ពិតជាអ្នកដែលបានប្រព្រឹត្តនោះទេ? ឬក៏គ្រាន់តែ ធ្វើដោយមិនច្បាស់លាស់.... សិប្បនិម្មិត សម្រាប់​មក​បំបិទ​តាងរឿងហ្នឹង។»

លោក នី ចរិយា បានត្អូញត្អែរ ថាក្រុមការងាររបស់លោក មិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអង្កេតលើជន ដែលប្រើអំពើហិង្សានោះឡើយ ដោយហេតុថា ក្រុមដែលមកធ្វើបាតុកម្មនោះ ភាគច្រើនជាអាជ្ញាធរ ក្នុងនោះ​មានកងកម្លាំង ប្រដាប់អាវុធមួយចំនួន និងមួយចំនួនទៀត ចេញពីក្រុមសម្ព័ន្ធសេនានាគ។ លោកបានលើក​ឡើងថា៖ «សុទ្ធតែជាក្រុមមួយ ដែលមានស្ថាប័ន មានរចនាសម័្ពន្ធ យើងពិបាក ក្នុងការចូលទៅធ្វើការ ស៊ើប​អង្កេត​ណាស់ ព្រោះស្ថាប័នគេ មិនអនុញ្ញាតឲ្យយើងចូល។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...