អត្តសញ្ញាណប័ណ្ណ៖ អ្នក​វិភាគ​អបអរ​ការ​ពន្យា តែ​បារម្ភ​នឹង​ការ​យក​ថ្លៃ

អនុក្រឹត្យថ្មី ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអ្នកវិភាគ និងឃ្លាំមើលសង្គម លើក​ឡើងថា ជារឿងមួយកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋ និងរដ្ឋាភិបាល។ ប៉ុន្តែលោកក៏រិះគន់ផងដែរ ទៅចំណាត់ការ​ដែលចេញស្របគ្នានេះ ដោយកំណត់ឱ្យប្រជាពលរដ្ឋត្រូវតែបង់ថ្លៃ លើការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៥ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 07, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អនុក្រឹត្យថ្មី ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអ្នកវិភាគ និងឃ្លាំមើលសង្គម លើក​ឡើងថា ជារឿងមួយកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋ និងរដ្ឋាភិបាល។ ប៉ុន្តែលោកក៏រិះគន់ផងដែរ ទៅចំណាត់ការ​ដែលចេញស្របគ្នានេះ ដោយកំណត់ឱ្យប្រជាពលរដ្ឋត្រូវតែបង់ថ្លៃ លើការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។


រូបរាងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ។

សេវាសាធារណៈ - អនុក្រឹត្យថ្មីដែលចុះហត្ថលេខាដោយលោក នាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០១៤ស្តីពីការកែសម្រួល នៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា បានបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរអស់សុពលភាព ហើយមិនទាន់បានបំពេញបែបបទ សុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ត្រូវ​បានបន្តសុពលភាពរហូតដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៨។ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវ​ទុកជានិរាករណ៍ ។

អនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រីនេះបន្តថា ចាប់ពីថ្ងៃដែលចុះហត្ថលេខានេះតទៅ រដ្ឋមន្ត្រីទទួល​បន្ទុកទីស្តីការ​គណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការបទេស ក្រសួងសេដ្ឋកិច្ច និងគ្រប់ក្រសួង ប្រធានស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្ត។ អនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថាការ​ធ្វើ​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នឹងត្រូវយកតម្លៃ១ម៉ឺនរៀល ចាប់ពីថ្ងៃទី០១ខែកក្កដា ឆ្នាំ២០១៤ ដើម្បីជួយ​សម្រាល​ការចំណាយដែលជាបន្ទុករបស់រដ្ឋាភិបាល។

លោក យ៉ង់ គិមអេង អ្នកវិភាគឯករាជ្យ និងជាប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បាន​លើក​ឡើងថា ជារឿងមួយល្អ​ក្នុងករណីការពន្យាពេល សម្រាប់អ្នកដែលមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរអស់​សុពលភាព។ ការអបអរជាមួយការប្រកាសពន្យាពេលនេះត្រូវបាន ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពរូបនេះពន្យល់ថា ដោយសារតែក្មេងៗដែលទើបគ្រប់អាយុ អ្នកដែលទទួលបន្ទុកធ្វើមិនទាន់ផង ចុះទម្រាំ​តែអ្នកដែលផុតសុពលភាព រាប់ម៉ឺននាក់ទៅធ្វើទៀត វានឹងធ្វើឱ្យរដ្ឋកាន់តែពិបាក។

លោកថ្លែងយ៉ាងដូច្នេះទៀតថា៖ «ខ្ញុំគិតថា ការពន្យាពេលនេះវាប្រសើរ ប៉ុន្តែគួរតែមានការរកវីធីដោះស្រាយ ដោះ​ស្រាយបែបម៉េច គឺដោះស្រាយរឿងថា តើយើងទុកសុពលភាពប៉ុណ្ណឹងឬក៏ ថ្ងៃក្រោយទៀតដាក់សុពលភាព ឱ្យបាន​វែងជាងនេះទៀត»។

ពលរដ្ឋមួយរូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងដែរថា ក្នុងការពន្យាពេលនេះ អាចចាត់ទុកថាជា​អាវុធមុខពីរ សម្រាប់ររដ្ឋាភិបាលប្រើប្រាស់ទាញយក«ផលចំណេញ»។ «ផល» ទីមួយមានការសប្បាយចិត្ត និង​គាំទ្រ​​ពីប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព នឹងមិនពិបាកទៅធ្វើជាថ្មី ដែលត្រូវចំណាយ​ទាំង​ពេលនិងទាំងប្រាក់កាស។ «ផល»ទីពីរ ក៏មានការពេញចិត្តពេញថ្លើម និងគាំទ្រពីជនជាតិបរទេសដែលមាន​អត្ត​សញ្ញាណប័ណ្ណ ពិសេសគឺជនជាតិវៀតណាម ដែលកាន់អត្តសញ្ញាណប័ណ្ណជាតិខ្មែរបែបនេះ យ៉ាងសន្ធឹក​សន្ទាប់។ ក្នុងចំណោមជនជាតិបរទេសទាំងនោះភាគច្រើន មិនមានការប្រទាននូវសញ្ជាតិជាតិខ្មែរនេះ ដោយព្រះមហាក្សត្រ​ឡើយ។ ពួកគេនឹងមិនព្រួយបារម្មណ៏ នឹងមិនប្រឈមមុខ ក្រោមកំណែទម្រង់ថ្មី ដែលមានការឃ្លាំមើលពីអង្គការជាតិ អន្តរជាតិ ពិសេសពីរគណបក្សប្រឆាំង។ ពលរដ្ឋនោះនិយាយឲ្យដឹងទៀតថា៖ «ដូច្នេះពួកគេក៏នឹងអាចចូលរួមការ​បោះឆ្នោត ក្នុងអាណត្តិទី៦ខាងមុខដោយសន្តិភាព។»

រដ្ឋគួរតែកុំទាន់តម្រូវឲ្យបង់ថ្លៃ ជាការប្រសើរ

កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថាចាប់ពីថ្ងៃទី០១ខែកក្កដា ឆ្នាំ២០១៤ ចំពោះប្រជាពលរដ្ឋដែលមានអាយុ១៥ឡើងទៅ និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែររួចហើយ ប៉ុន្តែអស់សុពលភាព រាល់ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ តម្រូវឱ្យបង់ថ្លៃ ១០០០០រៀល។ ការ​បង់ថ្លៃនេះ ដើម្បីជួយសម្រាលបន្ទុករបស់រដ្ឋ ក្នុងចំណាយថវិការជាតិ។

លោក យ៉ង់ គិមអេង បានថ្លែងថា ការដែលរដ្ឋយកថ្លៃ លើការធ្វើអត្តសញ្ញាណប័ណ្ណនេះ វាជាបន្ទុកមួយ សម្រាប់​ប្រជា​ពលរដ្ឋដែលមានជីវភាពក្រីក្រ ដែលអាចបង្កឱ្យពួកគាត់ មិនទៅធ្វើអត្តសញ្ញាណប័ណ្ណ។ លោកបន្តថា៖ «ម្យ៉ាងវិញ​ទៀត អ្នកដែលធ្វើអត្តសញ្ញាណប័ណ្ណ នឹងមានចំនួនកាន់តែតិច អញ្ចឹងហើយដែលធ្វើឱ្យមានបញ្ហាក្នុងការកំណត់ ក្នុង​ការដឹងពីរឿងដោះស្រាយបញ្ហារឿងសញ្ជាតិខ្មែរ ហើយនេះជាបញ្ហា ដែលជាការព្រួយបារម្ភមួយ។ ហើយ​ប្រជា​ពលរដ្ឋ ដែលអត់មានអត្តសញ្ញាណប័ណ្ណ គាត់នឹងប្រឈមមុខនឹងបញ្ហាផ្សេងៗទៀត។»។

លោកបញ្ជាក់បន្ថែមទៀតថា ប្រសិនបើរដ្ឋចង់កំណត់បែបនេះ គួតែបែងចែក ថាតើប្រជាពលរដ្ឋ ដែលរស់នៅក្រោម​បន្ទាត់នៃភាពក្រីក្រ គួរកំណត់បែបណា បង់ថ្លៃតិចជាង ឬក៏មិនយកលុយតែម្តង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...