ងាក​មក​ស្ដាប់​«ជាតិ​ខ្មែរ​មិន​មែន​ល្ងង់​ខ្លៅ» ចម្រៀង​ខ្មែរ​ពី​ដើម​ម្ដង​ (vdo)

បទចម្រៀងមួយបទ ដែលច្រៀងដោយអ្នកចម្រៀងជំនាន់ដើមពីររូប មានចំណងជើងថា «ជាតិខ្មែរមិនមែនល្ងង់ខ្លៅ» ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ចែកផ្សាយបន្តគ្នាកាន់តែច្រើនឡើងៗ។ ការចែកផ្សាយនេះ បាន​ធ្វើឡើងជាមួយពាក្យសម្តី«ផ្លែផ្ការ»ដាក់គ្នា ទៅតាមនិន្នាការនយោបាយរៀងៗខ្លួន។ ប៉ុន្តែទស្សនាវដ្ដី សូមជូនចម្រៀង​នេះ ដើម្បីគ្រាន់ជាសណ្ដាប់នៅក្នុងពេលចុងសប្ដាហ៍នេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៧ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 07, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចម្រៀង - យុវជនម្នាក់ឈ្មោះ Chan Seyha (ចាន់ សីហា) បានយកចម្រៀង«ជាតិខ្មែរមិនមែនល្ងង់ខ្លៅ»នេះ មក​ដាក់​ផ្សាយនៅ​លើ​ទំព័រវីដេអូរបស់ខ្លួន ជាមួយនឹងពាក្យពេជន៍មួយឃ្លារៀបរាប់ថា៖ «ខ្ញុំបាទសង្ឃឹមថា បងប្អូនរួមឈាមខ្មែរ មេត្តា​គិត​និងពិចារណា សូមមេត្តាកុំជឿ តាមការញុះញ៉ុង ព្រមទាំងការបំបែកបំបាក់។ ជាតិយើងរស់ព្រោះយើង​ចេះ​ការពារ ជាតិ​យើងវេទនាព្រោះ ព្រោះអ្នកមានលក់ ឧត្តមគតិ ឲ្យជនផ្តាច់ការ។»។

ចម្រៀងដែលបានចេញជាថាសចម្រៀង តាំងពីទស្សវត្សឆ្នាំ៧០នោះ ត្រូវបានបក​ស្រាយ​ឡើងដោយ អ្នកចម្រៀង​កំពូលអ្នកកំប្លែងដ៏ល្បី លោក មាស សាម៉ន ដែលបានស្លាប់ក្នុងរបបអាវខ្មៅប្រល័យពូជសាសន៍  និងអ្នកស្រី សូ សាវឿន ដែលសព្វថ្ងៃរស់នៅក្នុងប្រទេសបារាំងនៅឡើយ។

ក្នុងបទចម្រៀង មានការលើកឡើងនូវទឹកចិត្តនៃការរួមសាមគ្គីគ្នា ចេះជួយទុក្ខធុរៈគ្នាវាងខ្មែរនិងខ្មែរ។ ជាតិ​ខ្មែរ មាន​ទឹកចិត្តសណ្តោសប្រណី និងហ៊ានស៊ូស្លាប់ខ្លួនព្រោះជាតិ និងក៏​មិន​ចាញ់បោកជនណា ឬជាតិសាសន៍​ណា​ឡើយ។

លោក មាស សាម៉ន ច្រៀងថា៖ «បងប្អូនជាតិខ្មែរចិត្តមិនមែនខ្មៅ មិនមែនល្ងង់ខ្លៅដេកចាំតែស្លាប់ ឃើញខ្មែរ​មាន​ទុកចិត្តខ្មែរឈឺចាប់ច្រើនហួស រៀបរាប់ប្រាប់ក៏មិនអស់»។ រីឯអ្នកស្រី សូ សាវឿន បានបន្តសំនៀងតាមក្រោយថា៖ «ជាតិខ្មែរមានពណ៌ឈាមជ័រតែមួយ បើខ្មែរទុក្ខព្រួយរួមគ្នាស្រណោះ អាល័យអាណិត្តដោយចិត្តស្ម័គ្រស្មោះ សុខចិត្ត​ស្លាប់រស់ព្រោះតែជាតិឯង»។

«ក្តិចចុងច្រមុះ វាហូរទឹកភ្នែក?»

ម្ចាស់គណនេយ្យហ្វេសប៊ុកម្នាក់ទៀតឈ្មោះ Ponloeur Kem (គឹម ពន្លឺ) បានលើកឡើងថា៖ «ដោយសារអ្នកសិល្បះ​ខ្មែរ​ជំនាន់ដើម មានឆន្ទះបំរើជាតិ អញ្ចឹងហើយទើបដឹងថា ហេតុអីក្នុងរបបប៉ុលពត ពួកនេះសម្លាប់អ្នកសិល្បៈខ្មែរ​អស់ មិនដូចតារាអ្នកចំរៀងក្នុងរបបមិត្តសែនទេ លឺតែច្រៀងបទលើកជើងពួកអាក្បត់ជាតិ ដើម្បីចង់ល្បី និងបាន​សក្តិ​ពាក់!»។

លោក មាស សាម៉ន បានបន្តនៅក្នុងល្បៈថ្មីទៀតថា៖ «ក្តិចចុងច្រមុះវាហូរទឹកភ្នែក ហូរដោយសង្វែក​ ព្រោះក្តី​ចម្បែង ខ្មែរប្រុសស្រីគ្រប់ទីកន្លែង អាណិតឈាមឯង ជាតិខ្មែរតែមួយ»។ បន្ទាប់មកទៀត អ្នកស្រី សូ សាវឿន បាន​ចូល​មក​បញ្ចប់ឃ្លាចុងក្រោយថា៖ «ខ្មាំងចាក់រុកខ្មែរ ឲ្យបែក​សាមគ្គីនៅគ្រប់ទិសទី ធ្វើកម្មធ្វើពារ ឲ្យខ្មែរស្អប់ខ្មែរទៅ​ស្រឡាញ់ “វា” សណ្តាណខុសគ្នាស្រលាញ់ម្តេចបាន។»

ចម្រៀងនេះ ត្រូវបាននិពន្ធនិងច្រៀង នៅក្នុងសម័យកាលមួយ ដែលប្រទេសកម្ពុជាកំពុងធ្លាក់ខ្លួន ទៅក្នុងសង្គ្រាម​យ៉ាងខ្លាំងក្លារវាងរបបសាធារណៈរដ្ឋខ្មែរ និងក្រុមទ័ពព្រៃខ្មែរក្រហម។ ប៉ុន្តែក្រុមអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុក ដែលភាគច្រើនមិនសូវជាចូលចិត្ត ការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃ បានយកចម្រៀងនេះ មក​ស្ដាប់និងចែកផ្សាយ ហើយបានធ្វើការផ្ដល់វាចា ដាក់យោបល់តែរៀងៗខ្លួន ក្នុងន័យចំអកឡកលើយដាក់ការដឹកនាំ​ជិត៣០ឆ្នាំមកនេះ។ ម្នាក់ពីក្នុងនោះ បានសរសេរថា៖ «ខ្មែរដឹងល្បិចចោរយូរហើយ តែរើមិនទាន់​រួច​សោះ»៕

សូមស្ដាប់ចម្រៀងនេះឡើងវិញ ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...