«ព្រមាន ម៉ៅ ហាជី មួយ ដូចព្រមានដល់ពិភពសិល្បៈទាំងមូល»
- ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 24, 2015
- ប្រធានបទ: សិល្បៈនិងច្បាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រឿងរ៉ាវចម្រូងចម្រាស បានផ្ទុះឡើង នៅក្រោយពេលតារាចម្រៀងមួយរូប របស់ផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ បានសរសេរបង្ហោះនៅលើបណ្ដាញសង្គម «Instagram» ថាពេលនេះ លោក ម៉ៅ ហាជី បានក្លាយជាតារាចម្រៀង«ពេញសិទ្ធិ» របស់ផលិតកម្មថោន ហើយលោក ម៉ៅ ហាជី បានចុះកិច្ចសន្យា ជាមួយផលិតកម្មថោន សម្រាប់រយៈពេល៥ឆ្នាំ។ លោក ថេរ៉ាយុ ថែមទាំងបានសរសេរទៀតថា៖ «សូមស្វាគមន៍សមាជិកថ្មី»។
ការបង្ហើបករណីនេះជាសាធារណៈ បានបង្កការក្ដៅស្លឹកត្រជៀក ដល់ផលិតកម្មហង្សមាសមិនតិចឡើយ។ ផលិតកម្ម ដែលមានវ័យចំណាស់ជាងគេនេះ បានប្រតិកម្មភ្លាមៗ ដោយបានហៅអតីតបេក្ខជនរបស់ខ្លួន ឲ្យចូលមកបំភ្លឺ ឬបើមិនដូច្នេះទេ នឹងព្រមានចាត់វិធានការប្ដឹងលោក ម៉ៅ ហាជី ឡើងទៅតុលាការ។
លោក មាស រិទ្ធី អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ហង្សមាស និងជាអ្នកអត្ថាធិប្បាយព័ត៌មាន នៅក្នុងស្ថាប័ននេះ បានថ្លែង នៅក្នុងការធ្វើការបកស្រាយមួយ ក្នុងកម្មវិធីព័ត៌មានរបស់លោកថា៖ «លោក ម៉ៅ ហាជី គឺជាបេក្ខជនជាប់ ក្នុងចំណោមបេក្ខជនទាំង១២ចុងក្រោយ។ ដូច្នេះ ជាស្វ័យប្រវត្តិ គឺត្រូវ ជាប់កុងត្រាជាមួយក្រុមហ៊ុនហង្សមាស រយៈពេល១ឆ្នាំ រហូតដល់ចុងឆ្នាំ២០១៦ឯណោះ។ សូមឲ្យលោក ហាជី ចូលមកដោះស្រាយ ជាមួយក្រុមហ៊ុនតាមសម្រួល (...) ហើយសូមឲ្យលោក ហាជី បើកទូរស័ព្ទផង កុំបិទអី ព្រោះមានការទាក់ទងគ្នាដើម្បីដោះស្រាយ។»។
សម្រាប់អតីតមន្ត្រីជំនាញមួយរូប មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា លោក វ៉ា រឿន ដែលកំពុងរស់នៅក្នុងប្រទេសបារាំង បានយកករណីនេះ មកពន្យល់ប្រាប់ តាមរយៈកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី២៣ ខែវិច្ឆិកានេះថា៖ «ទឹកជួយទ្រទូក ឲ្យអណ្ដែត។ តែទឹកក៏អាចពន្លិចទូក ឲ្យលិចបានដែរ។ ដូច្នេះតោងអ្នកសិល្បៈទាំងអស់ ត្រូវយល់ឲ្យច្បាស់ពីករណីនេះ។»
«អាជីវកម្មលើខ្នងអ្នកដទៃ»
លោក វ៉ា រឿន បានរៀបរាប់ថា មានភាគីចំនួនពីរ ដែលបានបង្កបញ្ហានេះឡើង។ ភាគីទីមួយ គឺសិល្បករខ្លួនឯង ដែលបានរំលោភដោយផ្ទាល់ ទៅលើកិច្ចសន្យា ដែលខ្លួនបានផ្តិតមេដៃ និងរំលោភដោយប្រយោល ទៅលើកត្តាញ្ញូតាធម៌ ឬសីលធម៌ក្នុងពិភពសិល្បៈ ដែលខ្លួនកើតចេញពីទីណាមួយ ខ្លួនទៅជាបែរខ្នង ងាកដាក់ទីនោះទៅវិញ។ សិល្បករមួយចំនួន ដែលមានសីលធម៌ និងកត្តាញ្ញូតាធម៌នេះ នៅក្នុងខ្លួន គេទៅណាមកណា គ្រប់ទីកន្លែងបានស្រួលរហូត ដោយមិនចាំបាច់ចុះកិច្ចសន្យា ជាមួយនរណាឡើយ។
រីឯភាគីទីពីរ គឺផលិតកម្មដែលទទួលយកសិល្បករនេះ ទៅចុះកិច្ចសន្យា យ៉ាងស្ងាត់ស្ងៀម។ ទង្វើនេះ ជាការធ្វើអាជីវកម្ម លើខ្នងអ្នកដទៃ ដែលពិភពសិល្បៈខ្មែរ ចាំបាច់ត្រូវជៀសវាង។ ផលិតកម្មនេះ ក៏អាចរងនូវចំណាត់ការផ្នែកផ្លូវច្បាប់ដែរ ពីបទរំលោភលើ«សិទ្ធិផ្ដាច់មុខ» របស់ផលិតកម្មម្ចាស់កម្មវិធី ដែលគ្នាខំប្រឹងបង្កើតកម្មវិធី ផ្ដល់ភាពល្បីល្បាញ និងចម្រាញ់រកសិល្បករ ស្រាប់តែទីបំផុតទៅ មានផលិតកម្មថ្មីមួយ បានលួចស្ងាត់ៗ យកសិល្បករនោះ ចេញតាមទ្វារក្រោយទៅបាត់។
សូមរំលឹកដែរថា លោក ម៉ៅ ហាជី គឺជាបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជន៣នាក់ចុងក្រោយ ក្នុងការដណ្ដើមយកជ័យលាភី លេខ១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ របស់កម្មវិធី ខេមបូឌៀន អាយឌ័ល។ ប៉ុន្តែលោកបានបរាជ័យ ក្នុងការដណ្ដើមយកលេខ១ ក្នុងវគ្គផ្ដាច់ព្រ័ត្រជាមួយបេក្ខជនពីរនាក់ទៀត។ លោក ម៉ៅ ហាជី និងលោក សៅ ឧត្តម បានទទួលការបោះឆ្នោត ពីមហាជនអ្នកគាំទ្រតិចជាង លោក នី រតនា ដែលធ្វើឲ្យលោក នី រតនា ក្លាយជាម្ចាស់ពានរង្វាន់ Cambodina Idol រដូវកាលទី១។ ប៉ុន្តែទោះជាលទ្ធផលបែបណាក៏ដោយ ក៏បេក្ខជនទាំង១២នាក់ ដែលជាប់ចូលក្នុងវគ្គ «Live Show» នៃកម្មវិធីខេមបូឌៀន អាយឌ័ល នេះ សុទ្ធតែជាប់កិច្ចសន្យាជាមួយទូរទស្សន៍ ហង្សមាស ដែលជាម្ចាស់កម្មវិធី រហូតដល់ចុងឆ្នាំ២០១៦។
ក្នុងកិច្ចសន្យា ធ្វើឡើងរវាងទូរទស្សន៍ហង្សមាស និងបេក្ខជន ម៉ៅ ហាជី ដែលបានធ្លាយមកដល់ដៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែរនោះ មានសរសរនៅក្នុងជំពូកទី៧ និងប្រការទី២ ត្រង់វាក្សខណ្ឌទីពីរថា៖ «ក្រោយពេលផ្ដិតមេដៃនេះទៅ បេក្ខជនគ្មានសិទ្ធិចូលរួម ឬបង្ហាញខ្លួនជាសាធារណៈ ឬចុះកុងត្រាជាមួយក្រុមហ៊ុនណាមួយ ឬផលិតកម្មណាមួយ ក្នុងចន្លោះខែមិថុនា ឆ្នាំ២០១៥ ដល់ខែធ្នូ ឆ្នាំ២០១៦ ដោយគ្មានការអនុញ្ញាត ដោយលាយលក្ខណ៍អក្សរពីកម្មវិធី (កម្មវិធី ខេមបូឌៀន អាយឌ័ល)ទោះបីជាធ្លាក់ក៏ដោយ»។
«សិល្បៈករគ្មានកំណើត»
អតីតមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក៏បានលើកយកករណី ទឹកជួយឲ្យទូកអណ្ដែត ហើយអាចពន្លិចទូកនេះ មកសំដៅលើសិល្បករមួយចំនួន ដែលយកភាពល្បីល្បាញរបស់ខ្លួន ទៅបម្រើនយោបាយនោះដែរ។ លោកនិយាយថា ការចូលរួមក្នុងនយោបាយ ជាសិទ្ធិបុគ្គលរបស់ពលរដ្ឋម្នាក់ៗ តែត្រូវចែកឲ្យដាច់ រវាងតួនាទីខ្លួនជាអ្នកសិល្បៈ ដែលបន្ទាប់ពីទទួលបានការគាំទ្រ និងមានភាពល្បីល្បាញ ពីសំណាក់ពលរដ្ឋទូទៅហើយ បែរជាយកតួនាទី និងភាពល្បីល្បាញនេះ មកធ្វើការវាយប្រហារគេឯង ដោយសារខ្លួនពេញចិត្ត និងចង់បម្រើនយោបាយ ឲ្យគណបក្សនយោបាយមួយទៅវិញ។ លោក វ៉ា រឿន បានថ្លែងឡើងថា៖ «នេះ គេហៅថា ភាព"គ្មានកំណើត" របស់អ្នកសិល្បៈទាំងនោះ។ អំពើអសីលធម៌ ដែលគ្មានកំណើត ទាំងប៉ុន្មានខាងលើនេះ គួរត្រូវបញ្ឈប់ ដើម្បីកុំឲ្យត្រីស្អុយមួយ ធ្វើឲ្យត្រីមួយកន្ត្រកផ្សេងទៀត ស្អុយតាមខ្លួនដែរ។»៕
» ការបកស្រាយរបស់លោក មាស រិទ្ធី អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ហង្សមាស៖
--------------