រៀល ខេមរិន្រ្ទ៖ រដ្ឋធម្មនុញ្ញមានតែនៅក្នុងក្រដាស
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៧ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 07, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតខេត្តស្វាយរៀង របស់គណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្រ្ទ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤ នេះបានអះអាងថា រដ្ឋធម្មនុញ្ញដែលកំណត់ឲ្យពលរដ្ឋកម្ពុជាគ្រប់រូប មានសិទ្ធិសេរីភាពបញ្ចេញមតិ គឺមានចែងតែនៅក្នុងច្បាប់ប៉ុណ្ណោះ ព្រោះភាពជាក់ស្តែង រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា កំពុងបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។
លោក រៀល ខេមរិន្ទ្រ បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O. Vary)
សិទ្ធិ - ក្នុងឱកាសយកផ្កាឈូក ទៅដាក់លើរបងលួសបន្លា ដែលព័ន្ធជុំវិញទីលានប្រជាធិបតេយ្យ ជាមួយក្រុមយុវជនគណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្រ្ទ បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតខេត្តស្វាយរៀង របស់គណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «យើងមានច្បាប់រដ្ឋធម្មនុញ្ញ ដែលចែងអំពីការជួបជុំ ការបញ្ចេញមតិ ការធ្វើបាតុកម្ម តែអ្វីគ្រប់យ៉ាងវាមានតែនៅក្នុងក្រដាស ទីលានប្រជាធិបតេយ្យត្រូវបានបិទ គេមិនឲ្យយើងធ្វើ»។
លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស អំឡុងខែមីនា ឆ្នាំ២០១៤ បានថ្លែងថា ទីតំាងទីលានប្រជាធិបតេយ្យ នឹងត្រូវបិទមិនឲ្យមានការប្រមូលផ្តុំ ជួបជុំគ្នាធ្វើបាតុកម្ម រហូតដល់ការស៊ើបអង្កេតករណីហិង្សានៅផ្លូវវេងស្រេង និងករណីពាក់ព័ន្ធផ្សេងទៀតត្រូវបានបិទបញ្ចប់។
តែសម្រាប់អ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គមកម្ពុជា ឯករាជ្យ បានលើកឡើងថា ស្ថានភាពសន្តិសុខនៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាបច្ចុប្បន្ន មិនមានភាពចាំបាច់ ឈានដល់ការបិទទីលានប្រជាធិបតេយ្យនោះទេ ហើយរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ មិនគម្បីយកករណីផ្លូវវ៉េងស្រេង និងទីលានប្រជាធិបតេយ្យដែលជាករណីពីរ និងទីកន្លែងពីរដាច់ពីគ្នា មកសំអាងក្នុងការបិទទីលានប្រជាធិបតេយ្យ នោះទេ។
នៅពេលសួរថា តើពេលទីលានប្រជាធិបតេយ្យ នឹងបើកឲ្យដំណើរការឡើងវិញ លោក ឡុង ឌីម៉ង់ មន្រ្តីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ខ្លីប្រាប់ទស្សវាវដ្តីមនោរម្យ.អាំងហ្វូ កាលពីពេលថ្មីៗនេះថា៖ «ពេលនេះ ខ្ញុំនៅមិនទាន់ទទួលបានគោលការណ៍ថ្មីពីថ្នាក់លើ»។
សម្រាប់ក្រុមយុវជនរបស់គណបក្សសង្រ្គោះជាតិ ជាគណបក្សជំទាស់ ដែលបានអមដំណើរលោក រៀល ខេមរិន្រ្ទ ទៅកាន់ទីលានប្រជាធិបតេយ្យ បានអះអាងថាពួកគេ នឹងបន្តមកកាន់ទីលានប្រជាធិបតេយ្យជារៀងរហូត ដរាបណាវិបត្តិនយោបាយកម្ពុជា មិនទាន់ដោះស្រាយរួច និងទីលានប្រជាធិបតេយ្យមិនត្រូវបាន បើកឲ្យដំណើរការបញ្ចេញមតិជាប្រក្រតី៕