អ៊ូ វីរៈ៖ បិទគ្រប់ទីកន្លែង គ្រប់ពេលវេលា បង្ហាញថារដ្ឋាភិបាលផ្តាច់ការ
ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានចាត់ទុកការបិទទីលានប្រជាធិបតេយ្យ ដោយរដ្ឋាភិបាលកម្ពុជា គឺក្នុងហេតុផលនយោបាយ ច្រើនជាងហេតុផលសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម និងជាការំលោភរដ្ឋធម្មនុញ្ញ។ ការលើកឡើងរបស់លោកអ៊ូ វីរៈ គឺស្របពេលដែលទីលានប្រជាធិបតេយ្យនៅបន្តបិទ ហើយបានហាមឃាត់មិនឲ្យមានការប្រមូលផ្តុំ បើសូម្បីតែអ្នកការសែត ឬបេក្ខជនតំណាងរាស្រ្ត។
ទីលានប្រជាធិបតេយ្យ នៅកណ្ដាលរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ D.KEO)
សិទ្ធិ - «រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាយើងឥឡូវនេះ អត់មានចលាចលទេ ហើយសភាក៏មិនដែលប្រកាសចលាចលដែរ។ ហើយក៏អត់មានច្បាប់ណា ប្រកាសឲ្យបិទទីលានប្រជាធិបតេយ្យដែរ។ អញ្ចឹងការនិយាយបែបហ្នឹង រដ្ឋាភិបាលបានបំពានរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេសកម្ពុជាយើង។» នេះជាការពន្យល់របស់លោកអ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២០ មេសា ជុំវិញការបន្តបិទទីលានប្រជាធិបតេយ្យ ដោយរដ្ឋាភិបាលកម្ពុជា។
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញដែលជាសេនាធិការ បានប្រកាសបិទទីលានប្រជាធិបតេយ្យ និងហាមឃាត់មិនឲ្យមានការប្រមូលផ្តុំមនុស្ស ចាប់ពីចំនួន១០នាក់ឡើងទៅ តាំងពីដើមខែមករា ឆ្នាំ២០១៤ ដោយគ្នានការកំណត់ឲ្យបើកវិញ ក្រោមហេតុផលរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម និងរង់ចាំការបញ្ចប់ការស៊ើបអង្កេតករណីអំពើហិង្សាដ៏បង្ហូរឈាម នៅផ្លូវវេងស្រេងកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤។
បើទោះជាទីលានប្រជាធិបតេយ្យ បានដាក់ជំនួសដោយកម្លាំងសមត្ថកិច្ចចម្រុះ និងស្ថិតក្នុងបំរាមប្រមូលផ្តុំរបស់ក្រសួងមហាផ្ទៃក៏ដោយ ក៏បេក្ខជនតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ លោកស្រី មួរ សុខហួរ ដែលធ្លាប់ត្រូវបានសមត្ថកិច្ចបណ្តេញចេញ ពីទីលានប្រជាធិបតេយ្យច្រើនលើកមកហើយនោះ នៅថ្ងៃទី២០ មេសា នេះបានព្យាយាមជាសារជាថ្មីទៅកាន់ទីតាំងនោះ ដើម្បីសម្តែងសិទ្ធិសេរីភាព តែត្រូវបានសមត្ថកិច្ចបង្ខំឲ្យចាកចេញ។
ចំពោះចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជានេះ ត្រូវបានលោក អ៊ូ វីរៈ អត្ថាធិប្បាយថា បើយោងតាមរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្ស កុំថាឡើយអ្នកការសែត ឬបេក្ខជនតំណាងរាស្រ្ត សូម្បីតែប្រជាពលរដ្ឋធម្មតាក៏មានសិទ្ធិសេរីភាពបញ្ចេញមតិដែរ ដូច្នេះអ្វីដែលរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើ គឺបានបង្ហាញថាកម្ពុជាកំពុងរអិលធ្លាក់ ចេញពីផ្លូវនៃលិទ្ធិប្រជាធិបតេយ្យ។
ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រូបនេះបន្ថែមថា៖ «ករណីស៊ើបអង្កេត ប្រទេសណាក៏មានដែរ ហើយច្រើនទៀត។ នៅកម្ពុជាករណីផ្លូវេងស្រេងជារឿងផ្សេង ហើយរដ្ឋាភិបាលមកដើរបិទគ្រប់ទីកន្លែង គ្រប់ពេលវេលា គឺបង្ហាញថារដ្ឋាភិបាលហ្នឹងផ្តាច់ការ ហើយកំពុងជិះសេសលែងដៃ ហើយជាការបំភិតបំភ័យដល់ អ្នកហ៊ានរិះគន់៕»
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២០ មេសា ២០១៤