ដាក់ថ្នាំចាប់ក្មេងស្រី នៅមុខពេទ្យលោកសង្ឃ
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៧ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 27, 2014
- ប្រធានបទ: ប្រមាត់ប្រមង់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឪពុកក្មេងស្រីម្នាក់ ក្នុងចំណោមក្មេងស្រីពីរនាក់ បានលើកឡើង ដោយសុំមិនបញ្ចេញឈ្មោះថា ពេលលោកកំពុងអង្គុយលើម៉ូតូ រងចាំដឹកភ្ញៀវនៅមុខច្រកចូលភូមិត្រពាំងឈូក ជិតមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃនោះ ក៍បានឃើញកូនស្រីរបស់ខ្លួនម្នាក់ ក្នុងចំណោមក្មេងស្រីបីនាក់ លោកមានការងឿងឆ្ងល់ប៉ុន្តែមិនបានចាប់អារម្មណ៍នោះទេ។ ពេលនោះ លោកស្រែកសួរទៅកូនថា «អាស្រីកូនឯង មកទីនេះធ្វើអី?»
មុនពេលស្រែកឡើងនោះ ឪពុកក្មេងរូបនេះបានឃើញស្រី្តម្នាក់ កំពុងលើកក្មេងស្រីម្នាក់ទៀត ក្នុងចំណោមកុមារីបីនាក់ ដាក់លើកង់បី។ នៅពេលដែលលឺសម្រែករបស់លោក ស្រាប់តែស្រ្តីម្នាក់នោះ បានប្រញាប់ប្រញាល់ចេញកង់បីនោះទៅបាត់ ដោយទុកកុមារីពីរនាក់ ចោលនៅលើចិញ្ចើមផ្លូវ។ ជាមួយនឹងភាពងឿងឆ្ងល់ ដែលមានកាន់តែខ្លាំង បុរសបានដើរទៅយកកូនរបស់ខ្លួនមក ទើបដឹងថាកូនរបស់ខ្លួន ត្រូវថ្នាំសណ្តំលែងដឹងអ្វីសោះ។
កុមារីទាំងពីរ ត្រូវបានដឹកយកទៅព្យាបាលភ្លាមៗនៅមន្ទីរពេទ្យ។ ចំណែកឪពុករបស់ក្មេងស្រីនោះ មានការសោកស្តាយយ៉ាងខ្លាំង ដែលមិនអាចជួយក្មេងស្រីម្នាក់ទៀតបាន ដោយលោកគិតថា ក្មេងស្រីនោះជាជនរងគ្រោះដែរ។
បញ្ហាខាងលើនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីលោក ប៉ែន ថុល នាយប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លាបានទេ ដោយលោកមិនលើកទូរស័ព្ទ។ ដោយឡែក បញ្ជាការពារភូមិត្រពាំងឈូក បានថ្លែងប្រាប់ទស្សនាវដ្តីថា ក្មេងស្រីទាំងនោះ ពិតជាត្រូវបានគេដាក់ថ្នាំសណ្តំពិតមែន ហើយការដាក់ថ្នាំនេះ ទំនងជាចង់នាំក្មេងទំាងនោះយកទៅលក់ ឫទៅចិញ្ចឹម ព្រោះក្មេងទាំងនោះគ្មានពាក់គ្រឿងអលង្ការអ្វី ឲ្យជនមិនស្គាល់មុខនោះ ចាប់យកទៅដោះយកនោះទេ។
លោកបញ្ជាការពារភូមិរូបនេះ បានបន្តទៀតថា ក្មេងដែលស្ត្រីនោះនាំយកទៅនោះ ទំនងជាកូនរបស់ស្ត្រី«អាថ៌កំបាំង»ម្នាក់នឹង ដោយលោកគិតថា ក្មេងស្រីនោះ ត្រូវបានប្រើជាធ្នាក់។ ឪពុកក្មេងដែលត្រូវថ្នាំខាងលើ ក៏បាននិយាយដែរថា ដំបូងឡើយ លោកឃើញក្មេងស្រីដែលគេជិះកង់បីនាំចេញទៅនោះ ដឹកដៃកូនរបស់លោក និងក្មេងស្រីម្នាក់ទៀត ទៅកន្លែងកង់បីដែលស្ត្រី«អាថ៌កំបាំង» កពុងឈរចាំលើកដាក់លើកង់បី។
នៅពេលសួរថា តើអាជ្ញាធរមានវិធានការអ្វី ដើម្បីធ្វើការស្រាវជ្រាវករណីនេះឬទេ? លោកបញ្ជាការពារភូមិត្រពាំងឈូកបានឆ្លើយថា ករណីនេះមិនត្រូវបានអាជ្ញាធរក្នុងតំបន់នោះ យកចិត្តទុកដាក់ប៉ុន្មានទេ ព្រោះជនរងគ្រោះត្រូវបានជួយសង្គ្រោះរួច ហើយអាជ្ញាធរកំពុងយកចិត្តទុកដាក់ ពីករណីគ្រឿងញៀន ក្នុងដែនដីរបស់ខ្លួនច្រើនជាង៕