ជំនួប​ សម រង្ស៊ី-ស ខេង និយាយ​ពី​ការ​ដោះ​ដូរ​តំណាង​រាស្ត្រ​ជួយ មាជ សុវណ្ណារ៉ា?

តើ ជំនួប សម រង្ស៊ី-សរ ខេង ជជែកគ្នាពីបញ្ហាអ្វី? ជាផ្លូវការ មេដឹកនាំទាំងពីរ មិនបានបញ្ជាក់ថ្លែងអះអាងអ្វីមួយ មក​អ្នក​សារព័ត៌មានទេ។ តែទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មានប្រភពមួយ អាចអះអាងពីករណីនេះ។
ជំនួប​ សម រង្ស៊ី-ស ខេង និយាយ​ពី​ការ​ដោះ​ដូរ​តំណាង​រាស្ត្រ​ជួយ មាជ សុវណ្ណារ៉ា?
លោក សម រង្ស៊ី ផ្ដល់កិច្ចសម្ភាសទៅឲ្យអ្នកសារព័ត៌មាន។ (រូបថត monoROOM.info/ S. Tith)
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 27, 2014
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ដោះលែងលោក មាជ សុវណ្ណរ៉ា និង​ការ​បញ្ចប់​នីតិវិធី​តុលាការ ចំពោះ​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់ ជា​មួយ​នឹង​សកម្ម​ជន​ដី​ធ្លី រួម​ទាំង​ព្រះ​សង្ឃ» នេះ​ជា​ការ​ស្នើ​ឡើង​ដោយ ប្រមុខ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ក្នុង​ជំនួប​ជា​មួយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​វិមាន​រដ្ឋ​សភា នា​ថ្ងៃ​ព្រហស្បតិ៍​ទី២៧ ខែ​វិច្ឆិកា​នេះ។ លោក សម រង្ស៊ី បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត ក្រោយ​បព្ចាប់​ជំនួប​ថា ក្រៅ​ពី​ចំណុច​ខ្វែង​គំនិត​គ្នា ជុំ​វិញ​សេច​ក្តី​ព្រាង​ច្បាប់​រៀបចំ​ស្ថាប័ន គ.ជ.ប លោក​បាន​បញ្ជាក់​ថា ការងារ​បោះ​ឆ្នោត និង​ច្បាប់ គ.ជ.ប កំពុង​តែ​ដំណើរការ​ទៅ​មុខ​ និង​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​មាន​ការ​តវ៉ា​ក្នុង​ការ​បោះឆ្នោត​លើក​ក្រោយៗទៀត។

និយាយពីក្នុងរថយន្តទំនើបរបស់ខ្លួន មកកាន់អ្នកសារព័ត៌មាន លោក សម រង្សី បានបញ្ជាក់ថា លោកបាន​លើក​ករណីសំណុំរឿងលោក មាជ សុវណ្ណារ៉ា ដែលកំពុងជាប់ឃុំនៅពន្ធនាគារ និងការទាមទារឲ្យដោះលែង​សកម្មជនដីធ្លី។ លោកបានថ្លែងឲ្យដឹងថា៖ «បរិយាកាស នៃជំនួបល្អ។ យើងសង្ឃឹមថា នឹងមានដំណោះ​ស្រាយ ទៅលើបញ្ហា​ដែលនៅសេសសល់ ឲ្យបានត្រឹមត្រូវក្នុងរយៈពេលកាន់តែឆាប់ កាន់តែល្អ។ (…) យើង​ធ្វើម៉េច ធានាឲ្យការបោះឆ្នោត លើកក្រោយត្រឹមត្រូវយុត្តិធម៌។ (…) ជុំវិញរឿងរ៉ាវ លោក មាជ សុវណ្ណារ៉ា ខ្ញុំអត់​បញ្ជាក់ទេ។ ប៉ុន្តែក្នុងនាមគណបក្សសង្គ្រោះជាតិ បានលើកពីបញ្ហាហ្នឹង ទាមទារឲ្យមានការដោះលែង​ជន​ជាប់​ចោទ និងអ្នកដែលប្រឈមមុខ និងនីតិវិធីតុលាការគឺ យើងសុំឲ្យបញ្ចប់។»

ដោយឡែក លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនបានបង្ហើប​ពីលទ្ធផល​នៃជំនួបនោះទេ។ ដោយលោក​គ្រាន់តែឆ្លើយដោយខ្លី ទៅនិងការចោទសួររបស់អ្នកសារព័ត៌មាន ទាក់ទងនឹងការដោះលែង សកម្មជន​គណបក្ស​សង្គ្រោះជាតិ និងសកម្មជនដីធ្លីថា៖ «អានេះ ជានីតិវិធីរបស់តុលាការ មកសួរខ្ញុំយ៉ាងម៉ិច។ តុលាការ ជាសិទ្ធិរបស់តុលាការ»។

តាមមន្រ្តីគណបក្សសង្គ្រោះជាតិមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា លោក សម រង្ស៊ី ទំនង​ជាបានជជែកក្នុងជំនួបជាមួយលោក ស ខេង ពីការផ្ទេរ និងដោះដូរតំណែង នៃតំណាងរាស្រ្តគណបក្ស​សង្គ្រោះ​ជាតិ ធ្វើយ៉ាងណាឲ្យលោក មាជ សុវណ្ណារ៉ា បានរួចពីការចោទប្រកាន់របស់តុលាការ។ តាមប្រភព​ដដែលនេះ បានបន្តថា លោក មាជ សុវណ្ណារ៉ា នឹងអាចក្លាយជា តំណាងរាស្ត្រជាប់ឆ្នោតខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានការលាលែង ពីតំណែងជាតំណាងរាស្ត្រផ្លូវការរបស់លោក យន្ត ថារ៉ូ តំណាងរាស្រ្តជាប់​ឆ្នោត​នៃ​មណ្ឌលនេះ។ ប្រភពដដែលលើកឡើងថា ជំនួបនេះត្រូវបានធ្វើឡើង បន្ទាប់ពីគណបក្សសង្គ្រោះជាតិ បាន​បញ្ចប់កិច្ចប្រជុំផ្ទៃក្នុងមួយ នៅស្នាក់ការចាក់អង្រែ។ ក្នុងកិច្ចប្រជុំផ្ទៃក្នុងនោះមានលោក សម រង្ស៊ី លោក កឹម សុខា និង សមាជិកអចិន្ត្រៃយ៍គណបក្សប្រមាណជាដប់រូបផ្សេងទៀត។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់បញ្ហាខាងលើ ពីលោក យន្ត ថារ៉ូ តំណាងរាស្រ្តជាប់ឆ្នោត នៃមណ្ឌលខេត្តបន្ទាយមានជ័យ បានទេ ដោយទូរសព្ទ័របស់លោក មិនអាចភ្ជាប់ទំនាក់ទំនងបាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...