អេង ឆៃអ៊ាង៖ កឹម សុខា នឹងក្លាយជាអនុប្រធានទីមួយ នៃរដ្ឋសភា
- ដោយ: ដារា រិទ្ធ ដោយ ដារា រិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 22, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្រោះជាតិ បានអះអាងថា លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាបេក្ខភាពប្រធានរដ្ឋសភា ក្នុងពេលឃោសនាបោះឆ្នោតកន្លងមក នឹងត្រូវចូលកាន់តំណែងជាអនុប្រធានទី១ រដ្ឋសភា ក្នុងពេលខាងមុខ។
លោក កឹម សុខា (ខាងឆ្វេង) ចាប់ដៃលោក ហ៊ុន សែន បន្ទាប់ពីជំនួបកំពូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)
នយោបាយ - មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងនៅបន្ទាប់ពីជំនួបកំពូល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះថា នេះថា បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ ទាំង ៥៥ រូប របស់គណបក្សសង្គ្រោះជាតិ នឹងចូលក្នុងព្រះបរមរាជវាំង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
ការកំណត់ថ្ងៃចូលស្បថនេះ ត្រូវបានលើកឡើង មុនពេលបញ្ចប់កិច្ចប្រជុំ ចរចាថ្នាក់កំពូល នៅរសៀលថ្ងៃនេះ ហើយលោក អេង ឆៃអ៊ាង បានបញ្ជាក់ទៀថា ពេលវេលានេះត្រូវអាស្រ័យលើព្រះករុណា ព្រះរាជានុញ្ញាតជាមុនសិន។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នឹងត្រូវចូលកាន់តំណែងជាអនុប្រធានទី១ រដ្ឋសភា។ ការចូលទៅកាន់តំណែងនេះ ជាសេចក្តីសម្រេចរបស់គណបក្សសង្គ្រោះជាតិ ដោយហេតុថា លោកកឹមសុខា គឺជាបេក្ខភាពប្រធានរដ្ឋសភា ក្នុងពេលឃោសនាបោះឆ្នោតកន្លងមក ។
តែផ្ទុយទៅវិញ សម្រាប់ថ្ងៃចូលប្រជុំរដ្ឋសភា មន្ត្រីគណបក្សប្រឆាំងរូបនេះ មិនទាន់បានបញ្ជាក់ ថានៅថ្ងៃណានោះនៅឡើយ។ រីឯបេក្ខភាពរបស់លោក សម រង្ស៊ី ដើម្បីក្លាយជាតំណាងរាស្ត្រនោះ មិនត្រូវបានលោក អេង ឆៃអ៊ាង និយាយបែបណានោះនៅឡើយ ដោយគ្រាន់តែបញ្ជាក់ថា «រឿងនេះមិនសំខាន់ទេ» សម្រាប់លោក សម រង្ស៊ី។
ការថ្លែងអះអាងរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ បានធ្វើឡើងបន្ទាប់ពីជំនួបកំពូល នៅថ្ងៃទី២២ ខែកក្កដា នេះ ដើម្បីជម្រះវិបត្តិនយោបាយ ដែលបានជាប់គាំងអស់រយៈពេលជិត១ ឆ្នាំមកហើយ រវាងថ្នាក់ដឹកនាំកំពូល មកពីគណបក្សជាប់ឆ្នោតទាំងពីរ នៅវិមានព្រឹទ្ធសភា៕