មន្ត្រីបក្សប្រជាជនថា បក្សសង្គ្រោះជាតិនឹងចូលសភាក្នុងពេលឆាប់ៗ
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 22, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទីបំផុតទៅគណបក្សសង្រ្គោះជាតិ បានសម្រេចជាផ្លូវការហើយ ថានឹងចូលប្រជុំសភានីតិកាលទី៥នេះ។ ការសម្រេចចូលប្រជុំសភា បានធ្វើឡើង ក្រោយពីការចរចា ជាមួយគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកក្កដានេះ។ តែយ៉ាងណាក៏ដោយ ក៏គណបក្សសង្រ្គោះជាតិ នៅមិនទាន់កំណត់ពេលវេលា ចូលប្រជុំនេះឲ្យបានច្បាស់នៅឡើយ។
លោក សម រង្ស៊ី និងលោក ហ៊ុន សែន បន្ទាប់ពីជំនួបកំពូល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ U. Bory)
នយោបាយ - ការព្រមព្រៀង៧ប្រការ ត្រូវឯកភាពគ្នា ហើយត្រូវចុះហត្ថលេខាទទួលស្គាល់ ដោយថ្នាក់ដឹកនាំកំពូល របស់គណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីកិច្ចចរចានយោបាយ ត្រូវបានបញ្ចប់នៅម៉ោង៣រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះ។
ក្នុងនោះ រួមមានជាអាទិ៍ ការបែងចែកអំណាចនៅក្នុងរដ្ឋសភា - ការកែទម្រង់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត - បន្តការចរចាកំណត់ពេលបោះឆ្នោតឡើងវិញ - ពិនិត្យឡើងវិញលើការកំណែទម្រង់ព្រឹទ្ធសភា បែងចែងអំណាចសភា និងរដ្ឋាភិបាលឲ្យដាច់ពីគ្នាបានច្បាស់ ត្រួតពិត្យឡើងវិញ នូវក្បាលម៉ាស៊ីនព្រឹទ្ធសភា - គណបក្សទាំងពីរឯកភាពត្រួតពិនិត្យឡើងវិញ និងពង្រឹងស្ថាប័នឯករាជ្យសំខាន់ៗ និងប្រការចុងក្រោយ បក្សទាំងពីរធានាឲ្យបាន នូវយន្តការអនុវត្ត កិច្ចព្រមព្រៀងខាងលើនេះ។
តែចំណុចស្នូលក្នុងកិច្ចព្រមព្រៀង ឬជាចំណុចដែលធ្វើឲ្យបញ្ចប់ ការជាប់គាំងនយោបាយ គឺកំណត់ក្នុងប្រការទី១ ដោយចែងថា៖ «គណបក្សទាំងពីរបានឯកភាពគ្នា លើដំណោះស្រាយនយោបាយ ដោយចូលរួមធ្វើការជាមួយគ្នា នៅក្នុងស្ថាប័នរដ្ឋសភា ដើម្បីឈានទៅដោះស្រាយបញ្ហានានា របស់ប្រទេសជាតិ ស្របតាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ»។
តែលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងខ្លីដល់អ្នកសារព័ត៌មាន នៅក្រោយការចរចាកំពូលព្រឹកម៉ិញនេះថា គណបក្សសង្រ្គោះជាតិ នៅមិនទាន់កំណត់ពេលវេលាចូលប្រជុំសភា ឲ្យបានច្បាស់លាស់នៅឡើយទេ។
លោកព្រំ សុខា មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានហៅការចរចាកំពូល រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅថ្ងៃនេះថា ជាដំណឹងល្អសម្រាប់ពលរដ្ឋកម្ពុជា។ បើតាមមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជារូបនេះ បានអះអាងនៅក្រោយការចរចានេះថា បេក្ខជនជាប់ឆ្នោតរបស់គណបក្សសង្រ្គោះជាតិ នឹងស្បថចូលកាន់មុខតំណែងនៅរដ្ឋសភា ក្នុងពេលដ៏ឆាប់៕