តំណាងរាស្រ្តទាំង៧ នឹងត្រូវដោះលែង នាពេលបន្តិចទៀត
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 22, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីការចរចានៅព្រឹកនេះរវាង ថ្នាក់ដឹកនាំកំពូល នៃគណបក្សជាប់ឆ្នោតទាំងពីរទទួលបានជោគជ័យ តំណាងរាស្រ្តទាំង៧ និងយុវជនម្នាក់ទៀតដែលបានចាប់ខ្លួន ក្រោយព្រឹត្តិការណ៍ថ្ងៃទី១៥ កក្តដា នឹងត្រូវបានដោះលែងឱ្យមានសេរីភាព បណ្តោះអាសន្នវិញដែរក្នុងថ្ងៃនេះ។
នាង កឹម មនោរវិទ្យា (ខាងឆ្វេង) ដែលជាកូនស្រីលោក កឹម សុខា កំពុងឈរចាំ នៅមុខពន្ធនាគារព្រៃសរ។ (រូបថត ហ្វេសប៊ុក)
ប្រព័ន្ធយុត្តិធម៌ - តាមរយៈបណ្តាញសង្គមហ្វេសប៊ុក របស់លោក យឹម សុវណ្ណ តំណាងរាស្រ្ត និងជាមន្ត្រីជាន់ខ្ពស់មកពីគណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា បេក្ខជនតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ទាំង៧រូប រួមទាំងយុវជនមួយទៀត នឹងត្រូវដោះលែងក្នុងសៀលនេះនាពេលបន្តិចទៀត។
ដំណឹងនៃការដោះលែង ជនជាប់ឃុំទាំង៨នាក់ បានកើតឡើងភ្លាមៗ ក្នុងខណៈពេលដែលថ្នាក់ដឹកនាំកំពូលៗនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កំពុងចរចាគ្នានៅវិមានព្រឹទ្ធសភានាព្រឹកនេះ បានឯកភាពលើដំណោះស្រាយនយោបាយ ដែលបានជាប់គាំងអស់រយៈពេលជិតមួយឆ្នាំមកហើយ។
រីឯនៅ ពន្ធនាគារព្រៃសឯណោះវិញ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណជាង៤រយនាក់ កំពុងឈរនៅខាងមុខពន្ធនាគារព្រៃសរ ដើម្បីរងចាំបំពាក់កម្រងផ្កាកុលាបព័ណ៌ស ជូនបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រទាំង៧នាក់ និងយុវជនម្នាក់ទៀត ក្រោយការដោះលែងចេញពីពន្ធនាគារ។
សូមបញ្ជាក់ថា តំណាងរាស្ត្រទាំង៧នាក់ និងយុវជន បានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា រួមមាន លោកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោករៀល ខេមរិន្ទ្រ លោកមែន សុថារិន្ទ លោក ឡុង រី លោក នុត រំដួល លោកកែវ ភារម្យ និងយុវជនលោក អឿ ណារិត។ អ្នកទាំង៨នាក់នោះ ត្រូវបានចោទពីបទ ញុះញង់ឱ្យមានបទឧក្រិដ្ឋ និងបង្កកុបកម្ម(ឬបំបះបំបោរ) ប្រឆាំងមន្ត្រីរាជការសាធារណៈ៕