បក្ស​​ទាំង​​ពីរ​ស្រុះ​ស្រួល​ជួប​គ្នា​នៅ​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ៖ អស់​ផ្លូវ​លោត?

កិច្ចប្រជុំថ្នាក់បច្ចេកទេស រវាងតំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នឹងចាប់ផ្តើមនៅថ្ងៃ​អង្គារទី១៨ ខែកុម្ភៈ ខាងមុខ នាវិមានព្រឹទ្ធសភា ដើម្បីស្វែងរកយុទ្ធសាស្រ្តដោះស្រាយ​បញ្ហាជាប់គាំងនយោបាយ​នៅ​ក្នុងប្រទេសកម្ពុជា។ កិច្ចពិភាក្សានោះ នឹងផ្តោតសំខាន់ទៅលើយន្តការកែទម្រង់ ការបោះឆ្នោតនាពេលខាងមុខ។ តែ​សម្រាប់អ្នកវិភាគនយោបាយឯករាជ្យវិញ បានចាត់ទុកជំនួបនោះ ថាជាការអស់ផ្លូវលោតរបស់គណបក្សទាំងពីរ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: February 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កិច្ចប្រជុំថ្នាក់បច្ចេកទេស រវាងតំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នឹងចាប់ផ្តើមនៅថ្ងៃ​អង្គារទី១៨ ខែកុម្ភៈ ខាងមុខ នាវិមានព្រឹទ្ធសភា ដើម្បីស្វែងរកយុទ្ធសាស្រ្តដោះស្រាយ​បញ្ហាជាប់គាំងនយោបាយ​នៅ​ក្នុងប្រទេសកម្ពុជា។ កិច្ចពិភាក្សានោះ នឹងផ្តោតសំខាន់ទៅលើយន្តការកែទម្រង់ ការបោះឆ្នោតនាពេលខាងមុខ។ តែ​សម្រាប់អ្នកវិភាគនយោបាយឯករាជ្យវិញ បានចាត់ទុកជំនួបនោះ ថាជាការអស់ផ្លូវលោតរបស់គណបក្សទាំងពីរ។


មន្ត្រីថ្នាក់កណ្ដាលរវាងគណបក្សធំទាំងពីរ ជួបគ្នានៅក្នុងរដ្ឋសភា ថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយកម្ពុជា - បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានបោះដៃហៅគណបក្សសង្គ្រោះជាតិ ជួបចរចាគ្នានៅថ្ងៃ​ទី១៨ ខែកុម្ភៈខាងមុខ កាលពីថ្ងៃសៅរ៍ទី ១៥ ខែកម្ភៈម្សិលមិញ ដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយ​បច្ចុប្បន្ន។ នៅថ្ងៃអាទិត្យនេះ គណបក្សសង្គ្រោះជាតិ បានសម្រេចយល់ព្រមជួបពិភាក្សាគ្នា​ជាមួយនឹងតំណាង​គណបក្សប្រជាជនកម្ពុជា នាវិមានព្រឹទ្ធសភា នៅថ្ងៃអង្គារទី ១៨ ខែកុម្ភៈខាងមុខនេះ។ នេះបើយោង​តាមសេចក្តីជូន​ដំណឹង របស់គណបក្សសង្គ្រោះជាតិនៅថ្ងៃអាទិត្យនេះ។

នៅក្នុងសេចក្តីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិដដែលនោះ បានឲ្យដឹងថា មូលហេតុដែលគណបក្សនេះ​យល់ព្រមជួបចរចាជាមួយនឹងគណបក្សប្រជាជនកម្ពុជា គឺដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ ដោយសន្តិវិធី និង​ដោយអហិង្សា។ កិច្ចពិភាក្សានេះ នឹងលើកយកប្រធានបទសំខាន់ គឺបញ្ហាកែទម្រង់ការបោះឆ្នោតនាពេលខាងមុខ មានដូចជាការផ្លាស់ប្តូរសមាសភាពគ ជ ប និងកំណត់ថ្ងៃបោះឆ្នោតឡើងវិញ មុនអាណត្តិជាដើម។

សមាសភាពតំណាងខាងគណបក្សសង្គ្រោះជាតិ ដែលនឹងទៅពិភាក្សាជាមួយតំណាងគណបក្សប្រជាជននោះ​មាន​ចំនួន ៣រូប គឺលោក សុន ឆ័យ លោក យ៉ែម បុញ្ញរិទ្ធ និងលោក គួយ ប៊ុនរឿន ។ ចំណែកតំណាងខាងគណបក្ស​ប្រជាជនកម្ពុជា រួមមានលោក ព្រំ សុខា លោក សក់ សេដ្ឋា និងលោក កើត រិទ្ធិ។

ការជួបគ្នាឡើងវិញនេះ បន្ទាប់ពីវិបត្តិនយោបាយបានអូសបន្លាយជាច្រើនខែ បង្កភាពជាប់គាំង​ទៅមុនមិនរួច ទៅ​ក្រោយមិនរួច។ ការស្រុះស្រួលគ្នានេះ ត្រូវបានអ្នកវិភាគឯករាជ្យ ថ្លែងថានោះដោយសារតែគណបក្សទាំងពីរ អស់​មានលទ្ធភាពដាក់សម្ពាធទៅលើគ្នាទៅវិញទៅមក។ លោក សុខ ទូច ដែលត្រូវបានដកស្រង់សម្ដី​ដោយវិទ្យុបារាំង​អន្តរជាតិជាខេមរភាសា បាននិយាយថា គណបក្ស​ប្រជាជន​កម្ពុជាដែលជាបក្ស​កាន់អំណាច​ ​មិនអាច​ខ្វះ​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ និង​ការវិនិយោគ​បរទេស ព្រោះថា​មូល​ដ្ឋាន​​សេដ្ឋកិច្ចកម្ពុជា​ នៅទន់ខ្សោយនៅឡើយ។ រីឯ​គណបក្សសង្គ្រោះជាតិ ដែលជា​បក្សប្រឆាំង​វិញ ក៏លែងមាន​ការគាំទ្រ​ ពី​សហគមន៍​អន្តរជាតិ​ផ្នែក​ថវិកា និង​រងការ​ថមថយកម្លាំង ព្រោះតែ​ការបង្ក្រាប់​របស់​កងកម្លាំងរបស់អាជ្ញាធរ ទៅលើក្រុមអ្នកតវ៉ាជាបន្តបន្ទាប់។

មិនត្រឹមតែប៉ុណ្ណោះ សហគមន៍បរទេសមួយចំនួន ក៏បាន ជម្រុញ​ឱ្យភាគីដែលពាក់ព័ន្ធទាំងអស់ ​ដោះស្រាយ​ជម្លោះ​នយោបាយ​រវាង​ខ្មែរ​និង​ខ្មែរដូចគ្នានោះដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃសៅរិ៍ម្សិលមិញ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា គណបក្សខ្លួនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួបពិភាក្សាជាមួយនឹងគណបក្សសង្គ្រោះជាតិ ដើម្បីរៀបចំបង្កើត​យន្តការកំណែទម្រង់ការបោះឆ្នោតនាពេលខាងមុខ ដើម្បឲ្យស្របតាមកិច្ចព្រមព្រៀងរវាង​គណបក្សទាំងពីរកាល​ពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៣ កន្លងទៅ។ គណបក្សនេះ បានសម្រេចកំណត់យកថ្ងៃទី ១៨ ខែកម្ភៈ នាវេលាម៉ោង ៩ ព្រឹក នៅវិមានព្រឹទ្ធសភា ដើម្បីជួបពិភាក្សាគ្នា។

ប្រធានក្រុមដឹកនាំកិច្ចប្រជុំខាងគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានបទ​ដែល​សំខាន់សម្រាប់គណបក្សសង្គ្រោះជាតិ ដើម្បីជជែកជាមួយតំណាងគណបក្សប្រជាជនកម្ពុជា គឺការកែទម្រង់​ការ​បោះឆ្នោត។ មន្រ្តីរូបនេះ បានសម្តែងសុទិដ្ឋិនិយមថា ជំនួបរវាងមន្រ្តីគណបក្សទាំងពីរនាពេលខាងមុខនេះ អាចនឹង​មានលទ្ធផលវិជ្ជមានច្រើន ពីព្រោះបញ្ហាកន្លងមកនៅតែត្រង់បច្ចេកទេសតែប៉ុណ្ណោះ។

រីឯអ្នកដឹកនាំក្រុមខាងគណបក្សប្រជាជនកម្ពុជាវិញ លោក ព្រំ សុខា នៅថ្ងៃនេះ មិនបានធ្វើការអត្ថាធិប្បាយអ្វីច្រើន​អំពីរឿងនេះនោះទេ ពីព្រោះកិច្ចប្រជុំនៅមិនទាន់បានធ្វើនោះឡើយ។ លោក ព្រំ សុខា បានស្នើឲ្យរង់ចាំស្តាប់ព័ត៌មាន បន្ទាប់ពីគណបក្សទាំងពីរជួបចរចាគ្នានៅថ្ងៃ ១៨ កុម្ភៈខាងមុខ។

ជាមួយគ្នានេះដែរ នៅថ្ងៃនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅចំពោះមុខអ្នកគាំទ្រខ្លួន​នៅខេត្ត​ព្រះសីហនុ បានអះអាងថា តំណាងគណបក្សសង្គ្រោះជាតិ ដែលនឹងជួបជាមួយក្រុមការងារគណបក្ស​កាន់អំណាច​នាថ្ងៃទី ១៨ ខាងមុខនេះ គឺពិភាក្សាផ្តោតតែទៅលើការធ្វើកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខតែប៉ុណ្ណោះ ពោលគឺជំហររបស់គណបក្សប្រឆាំង នៅតែទាមទារឲ្យមានការបោះឆ្នោតមុនអាណត្តិដដែល។

គម្រោងជួបចរចាគ្នានេះ បានធ្វើឡើងបន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហាញនូវជំហរ​ទន់​ភ្លន់​នៅក្នុងវេទិកាជួបជាមួយអ្នកគាំទ្រខ្លួន នៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី ១៣ ខែកុម្ភៈកន្លងទៅ ដោយចង់ឲ្យមាន​ការរួបរួមគ្នារវាងអ្នកនយោបាយខ្មែរ និងជាពិសេសក្រោយពីការប្រកាសរង់ចាំការកំណត់ថ្ងៃជួបគ្នា របស់​គណបក្ស​សង្គ្រោះជាតិកាលពីថ្ងៃទី ១៤ ខែកុម្ភៈ។ ជាការឆ្លើយតប គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ​កាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយកំណត់ថ្ងៃជួបគ្នាជាមួយគណបក្សសង្គ្រោះជាតិនៅថ្ងៃ ១៨ ខែកុម្ភៈ នាវេលាម៉ោង ៩ ព្រឹក នៅវិមានព្រឹទ្ធសភា៕

-------------------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...