សម រង្ស៊ី សុំ​ឡើង​ក្ដី​ជាមួយ កឹម សុខា ពី​បទ​«ក្បត់​ជាតិ»

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានថ្លែងឡើងថា ការកាត់ទោសលោក កឹម សុខា តែម្នាក់ឯង ដោយមិនកាត់ទោសរូបលោក ជាមួយគ្នាផងដែរ មិនអាចទៅរួចទេ តាមផ្លូវច្បាប់ និងគតិយុត្តិធម៌។ លោក សម រង្ស៊ី បានថ្លែងសុំឡើងតុលាការ ទន្ទឹមនឹងលោក កឹម សុខា ពីបទ«ក្បត់ជាតិ» ដោយលោកលើក ពីហេតុផល​ចំនួន ៧។
សម រង្ស៊ី សុំ​ឡើង​ក្ដី​ជាមួយ កឹម សុខា ពី​បទ​«ក្បត់​ជាតិ»
ខាងមុខពីឆ្វេងទៅស្ដាំ៖ លោក កឹម សុខា និងលោក សម រង្ស៊ី នៅខណៈពេលលោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០១៣។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣១ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 31, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអះអាងថា ប្រសិនជាមានសវនាការ កាត់ទោសលោក កឹម សុខ ប្រធានសព្វថ្ងៃ នៃគណបក្សសង្គ្រោះជាតិមែននោះ សវនាការនោះ ក៏ត្រូវមានការចូលរួម ពីរូបលោក សម រង្ស៊ី ផងដែរ។ បើគ្មានវត្តមានលោក សម រង្ស៊ី ទេ ការជំនុំជម្រះបែបនេះ នឹងគ្មានន័យអ្វីទាល់តែសោះ។

មេដឹកនាំប្រឆាំង បានពន្យល់ពីសំណើរ សុំឡើងតុលាការរបស់លោក ដោយមាន​មូលហេតុចំនួន៧ សរសេរជាភាសាអង់គ្លេស ដូចការដកស្រង់ទាំងស្រុង ជាខេមរភាសា មានសេចក្ដីថា៖

«១) ខ្ញុំធ្លាប់ជាប្រធានគណបក្ស តាំងពីគណបក្សចាប់កំណើត នៅឆ្នាំ២០១២ រហូតដល់ខែកុម្ភៈ ឆ្នាំ២០១៧ ដែលខ្ញុំបានលាលែង។»

«២) នៅពេលលោក កឹម សុខា ថ្លែងសុន្ទរកថា នៅខែធ្នូ ឆ្នាំ២០១៣ ក្នុងប្រទេសអូស្ត្រាលី ដែលពន្យល់ពីការទទួលការគាំទ្រ ដោយគណបក្សសង្គ្រោះជាតិ ពីសំណាក់អង្គការអាមេរិក ដែលនិយមលើកតំកើន លទ្ធិប្រជាធិបតេយ្យ ដូចជាវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) និងវិទ្យាស្ថានជាតិ ដើម្បីប្រជាធិបតេយ្យ (NDI) លោក កឹម សុខា មានតំណែងជាអនុប្រធានគណបក្ស ខណៈរូបខ្ញុំ ជាប្រធានគណបក្ស។»

«៣) ក្នុងនាមជាប្រធាន ខ្ញុំស្ថិតនៅពីលើការសម្រេចទាំងឡាយ របស់គណបក្ស ហើយខ្ញុំត្រូវត្រួតពិនិត្យ លើសកម្មភាពដ៏សំខាន់ៗ របស់គណបក្ស រាប់បញ្ចូលទាំងការទទួល និងការជួយឧបត្ថម្ភ ពីបរទេស ដែលបានជួយឲ្យគណបក្ស ក្នុងដំណើរការទៅមុខ និងក្នុងការអនុវត្តន៍យុទ្ធសាស្ត្រ របស់ខ្លួន។»

« ៤) ខ្ញុំជួបអង្គការ «IRI» និង «NDI» នៅរដ្ឋធានី វ៉ាស៊ីនតោន ច្រើនជាងលោក កឹម សុខា ព្រមទាំងអង្គការអាមេរិកាំងផ្សេងទៀត បូករួមទាំងការជជែកពិភាក្សាលំអិតជាច្រើន ស្ដីពីជំនួយ ដែលនឹងត្រូវផ្តល់ឱ្យគណបក្សប្រឆាំង បែបប្រជាធិបតេយ្យ នៅកម្ពុជា។»

«៥) បើមានការចោទប្រកាន់ធ្ងន់ធ្ងរ ពីបទ «ក្បត់ជាតិ» ប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ ឬប្រឆាំងនឹងមន្ត្រីគណបក្ស ណាម្នាក់នោះ ខ្ញុំគឺជាមនុស្សទីមួយ​ ដែលត្រូវរងការស៊ើបអង្កេត និងរងបណ្ដឹងជាយថាហេតុ ឡើងទៅតុលាការ។»

«៦) ការកាត់ទោស​លោក កឹម សុខា តែម្នាក់ឯង មិនត្រឹមតែ​មិនយុត្តិធម៌ទេ ថែមទាំងមិនសមហេតុផល នោះទៀត។»

«៧) ការកាត់ទោសលោក កឹម សុខា តែម្នាក់ឯង គ្រាន់តែបង្ហាញ ពីផែនការរំលាយលទ្ធិប្រជាធិបតេយ្យ របស់របបលោក ហ៊ុន សែន ដើម្បីរំលាយ និងហាមឃាត់​គណបក្សប្រឆាំង​តែមួយគត់ - ដែលមានឈ្មោះថា គណបក្សសង្គ្រោះជាតិ - ក្រោមលេសលើគោក និងគួរឱ្យអស់សំណើច គឺការចោទប្រកាន់ពី "បទក្បត់ជាតិ" ដូចដែលបានលើកឡើង ប្រឆាំងនឹងលោក កឹម សុខា តែម្នាក់ឯង។»

យ៉ាងណា កាលពីថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែសីហា ម្សិលម៉ិញ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្ដឃុំខ្លួន លោក កឹម សុខា  ៦ខែបន្ថែមទៀត បន្ទាប់ពីបានសម្រេចបន្តឃុំខ្លួនម្ដងហើយ កាលពី៦ខែមុន។ ចៅក្រមស៊ើបសួរ លោក គី ឬទ្ធី និង តំណាង​អយ្យការ លោក សៀង សុខ បើក​ការ​ស៊ើប​សួរ​ នៅ​ក្នុង​ពន្ធនាគារ ម៣ ហៅគុកត្រពាំងថ្លុង តាំងពីម៉ោងប្រហែល ៩ព្រឹក រហូត​បញ្ចប់​នៅ​ម៉ោង ១១ព្រឹក ហើយបានសម្រេចបន្តឃុំខ្លួន ប្រធានគណបក្សប្រឆាំង បើទោះជាមានការលើកឡើង ពីសំណាក់មេធាវី នូវទឡ្ហីករណ៍ជាច្រើន ប្រាប់អង្គជំនុំជម្រះក៏ដោយ។ 

ការសម្រេចរបស់តុលាការ ធ្វើឡើងមិនខុសគ្នាប៉ុន្មាន ពីការថ្លែងជាសាធារណៈ របស់​លោក ហ៊ុន សែន ដែលប្រកាសរួចជាស្រច ​កាលពីថ្ងៃទី២៩ ខែសីហា ពោលគឺមួយថ្ងៃមុន ​ថានឹង​គ្មាន​ការ​ដោះ​លែង លោក កឹម សុខា ឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្ន​ទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...